កំពង់ចាម ៖ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកស្ទឹងត្រង់ បានចាប់ខ្លួន ជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ លើនារីរងគ្រោះ ដោយយោងតាមបណ្ដឹងរបស់អាណាព្យាបាលរបស់នាង។
លោកប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩វេលាម៉ោង៩និង០០នាទី សមត្ថកិច្ចបានទទួលបណ្តឹងពីឈ្មោះ (ឃស) ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្តឹងថា មានជនសង្ស័យចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទី ចំណុចខាងកើតចម្ការចេករបស់ក្រុមហ៊ុនឡុងស្រេង ចម្ការកៅស៊ូបឹងកេត ស្ថិតក្នុងភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជនបង្ក ឈ្មោះ ផល សុផារី ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិ បឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានចាប់កូនស្រីគាត់ ឈ្មោះ (ស ខ) អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រំលោភសេពសន្ថវៈបានសម្រេច។
លោកអធិការបានឲ្យដឹងថា ក្រោយពីបានទទួលបណ្តឹងភ្លាម សមត្ថកិច្ចបានចាត់កម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវជុំវិញហេតុការណ៍ ហើយនឹងបានតាមរកជនសង្ស័យ រហូតដល់វេលាម៉ោង១០និង៣០នាទីថ្ងៃដដែល បានរកឃើញជនសង្ស័យ នៅចំណុចឃ្លាំង វេចខ្ចប់ចេករបស់ក្រុមហ៊ុន ឡុងស្រេង ចម្ការកៅស៊ូបឹងកេត ស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល សុផារី និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments