Ad Code

ហ្វីលីពីន​រៀបចំ​ការបោះឆ្នោត​ឲ្យ​ក្រុម​មូស្លីម​គ្រប់គ្រង​ដោយ​ខ្លួនឯង ​ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព



ការ​ជំរុញ​រយៈពេល​មួយ​ទសវត្ស​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រហែល​១៥០,០០០​នាក់​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ឈានដល់​ចំណុចកំពូល​នៅ​ថ្ងៃ​ចន្ទ​ជាមួយនឹង​ការបោះឆ្នោត​មួយ​ស្តីពី​ការផ្តល់​ឲ្យ​ជនជាតិភាគតិច​មូស្លីម​របស់​ប្រទេស​នេះ​ នូវ​ការគ្រប់គ្រង​កាន់តែ​ធំធេង​លើ​តំបន់​។​

ការបោះឆ្នោត​នេះ​គឺជា​ជំហាន​ចុងក្រោយ​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ក្រុម​ឧទ្ទាម​មូស្លីម​ធំជាងគេ​បំផុត​របស់​ប្រទេស​កាន់សាសនា​កាតូលិក​ភាគច្រើន​មួយ​នេះ​គឺ​រណសិរ្ស​រំដោះ​ឥស្លាម Moro (MILF) ដែលជា​កងកម្លាំង​ដ៏​សំខាន់​មួយ​នៅក្នុង​ការបះបោរ​បំបែក​ខ្លួន​ដែល​បាន​ផ្ទុះឡើង​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក​។​

ចំណុច​ស្នូល​នៃ​តំបន់ Bangasmoro ដែលមាន​ទីតាំង​ស្ថិតនៅលើ​កោះ Mindanao ភាគខាងត្បូង​ត្រូវបាន​គេ​រំពឹងថា​នឹង​បោះឆ្នោត​យ៉ាងច្រើន​លើសលុប​ដើម្បី​ចូលរួម​វា​។​

អ្នកបោះឆ្នោត​ប្រហែល​២.៨​លាន​នាក់​នឹង​ត្រូវបាន​ឃ្លាំមើល​ដោយ​កងកម្លាំង​ប៉ូលិស​និង​ទាហាន​ចំនួន​២០,០០០​នាក់​ចំពេល​មានការ​ព្រួយបារម្ភ​ថា ក្រុម​បះបោរ​គូប្រជែង​អាច​ប្រើ​អំពើ​ហឹ​ង្សា​ដើម្បី​ព្យាយាម​រំខាន​ការបោះឆ្នោត​។​

ដំណើរការ​សន្តិភាព​បា​ន​ចាប់ផ្តើម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ប៉ុន្តែ​មិន​រាប់បញ្ចូល​ក្រុម​ឥស្លាម​និយម​ដូចជា​ពួក​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ក៏​សកម្ម​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ផងដែរ​នោះទេ​។​

រដ្ឋាភិបាល​និង MILF សង្ឃឹមថា តំបន់ Bangasmoro ថ្មី​ដែល​ពោរពេញ​ដោយ​ស្ថិរភាព​នឹង​ទាក់ទាញ​ការវិនិយោគ​ទៅកាន់​តំបន់​នេះ​។ ភាពក្រីក្រ​និង​ការបង្ហូរ​ឈាម​បាន​ជំរុញ​ឲ្យ​មានការ​ជ្រើសរើស​អ្នក​ប្រយុទ្ធ​ដោយ​ក្រុម​រ៉ាឌីកាល់​។​

លោក​ប្រធានាធិបតី Rodrigo Duterte ដែល​ក៏​ជា​អ្នក​មកពី​កោះ Mindanao ផងដែរ​នោះ​គឺ​បាន​គាំទ្រ​ជា​យូរ​មកហើយ​ចំពោះ​ការបង្កើត​តំបន់​ស្វយ័ត​មួយ​សម្រាប់​ប្រជាជន​មូស្លីម​របស់​កោះ​នេះ​។​

ក្រោម​លក្ខខណ្ឌ​នៃ​ច្បាប់​ដែល​ដាក់ចេញ​អំណាច​របស់​តំបន់​នេះ​, Bangasmoro នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​៩៥០​លាន​ដុល្លារ​អាមេរិក​នៅក្នុង​មូលនិធិ​អភិវឌ្ឍន៍​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ​ក៏ដូចជា​បណ្តុំ​ប្រាក់ចំណូល​ពន្ធ​ដែល​បង្កើត​នៅតាម​ព្រំដែន​របស់ខ្លួន​ផងដែរ​។​

រដ្ឋាភិបាល​ជាតិ​នឹង​គ្រប់គ្រង​លើ​ប៉ូលិស​បើទោះបីជា​ថ្នាក់ដឹកនាំ​នៃ​តំបន់​ស្វយ័ត​នេះ​នឹងចូលរួម​យ៉ាង​ជិតស្និទ្ធ​ក្នុង​បញ្ហា​សន្តិសុខ​ក៏ដោយ​។​

លទ្ធផល​ចុងក្រោយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចេញ​ក្នុង​រយៈពេល​៤​ថ្ងៃក្រោយ​ការបោះឆ្នោត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu