ការព្រួយបារម្ភអំពីទំនប់ទីពីរដែលអាចបាក់នៅក្នុងបរិវេណអណ្តូងរ៉ែប្រេស៊ីលបានថយចុះកាលពីថ្ងៃអាទិត្យដោយធ្វើឲ្យការស្វែងរកអាចបន្តឡើងវិញសម្រាប់មនុស្សជាង៣០០នាក់ដែលនៅតែបាត់ខ្លួនក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីការបាក់ទំនប់មួយដែលបានសម្លាប់មនុស្សយ៉ាងតិច៥៨នាក់។
យោងតាមក្រុមហ៊ុន Vale ដែលជាម្ចាស់អណ្តូងរ៉ែបាននិយាយថា ឧបករណ៍បំពងសំឡេងបានបន្លឺឡើងនៅម៉ោង៥និង៣០នាទីព្រឹកក្នុងចំណោមផ្ទះនៅជុំវិញបរិវេណអណ្តូងរ៉ែ Corrego do Feijao នៃភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។
កម្មករនៅក្នុងបរិវេណនោះនៅតែកំពុងមានភាពភ័យតក់ស្លុតបន្ទាប់ពីទំនប់មួយនៅកន្លែងកើតហេតុបានធ្លាយកាលពីថ្ងៃសុក្រដោយបានទម្លាយភក់រាប់លានតោនហើយលេបត្របាក់សំណង់អគារ យានយន្តនិងផ្លូវថ្នល់។
ក្រុមអ្នកពន្លត់អគ្គិភ័យបានបញ្ឈប់ការស្វែងរកសម្រាប់អ្នកនៅរស់ហើយភ្លាមៗនោះបានចាប់ផ្តើមជម្លៀសសហគមន៍នៅក្បែរទំនប់ដែលមានផ្ទុកទឹកយ៉ាងហោចណាស់បីលានម៉ែត្រគូប។
ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមក មន្ត្រីការពារស៊ីវិលបានបញ្ជាក់ថា គ្រប់យ៉ាងត្រូវជម្រះអស់ហើយ។
លោកវរសេនីយ៍ឯក Flavio Godinho អ្នកនាំពាក្យទីភ្នាក់ងារការពារស៊ីវិលរដ្ឋបាននិយាយថា “មិនមានហានិភ័យនៃការធ្លាយទៀតទេ”។ លោកពន្យល់ថាកម្រិតទឹកខ្ពស់ត្រូវបានបង្ហូរចេញ។
លោកបន្តថា “ការស្វែងរកបានបន្តឡើងវិញលើដីគោក ដោយយន្តហោះនិងជាមួយសត្វឆ្កែ”។
ឧទ្ធម្ភាគចក្ររាប់សិបគ្រឿងនឹងត្រូវបានដាក់ពង្រាយដោយសារតែភក់ក្រាសបានបង្កជាគ្រោះថ្នាក់ខ្លាំងពេកសម្រាប់ក្រុមអ្នកជួយសង្គ្រោះនៅលើដីគោក។
យោងតាមលោក Godinho បានឲ្យដឹងថា ចំនួនអ្នកស្លាប់ផ្លូវការចុងក្រោយបំផុតពីការបាក់ទំនប់នេះគឺ៥៨នាក់និងបាត់ខ្លួន៣០៥នាក់។ លោកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញរថយន្ដក្រុងមួយគ្រឿងដែលពោរពេញទៅដោយសាកសព។
ក្រុមហ៊ុន Vale ដែលជាក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់ប្រទេសប្រេស៊ីលបាននិយាយថា ប្រជាជនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
រហូតមកដល់ពេលនេះ មនុស្សចំនួន១៩២នាក់ត្រូវបានគេជួយសង្គ្រោះទាំងនៅរស់ដោយក្នុងនោះមាន២៣នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យោធាបាននិយាយថា ខ្លួនបានដាក់ពង្រាយទាហានចំនួន១,០០០នាក់រាប់បញ្ចូលទាំងសត្វឆ្កែហិតក្លិនផងដែរទៅកាន់តំបន់គ្រោះមហន្តរាយ៕ AFP
Source: Kampuchea Thmey Daily
0 Comments