ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជន បុរីភ្នំពេញថ្មី បានពង្រីកការសាងសង់គម្រោងថ្មី ដំណាក់កាលទី២ មានឈ្មោះថា គ្រីស្ដាល់ ផាក បន្ថែមទៀត ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវត្តអង្គតាមិញ ចម្ងាយ១៥០ម៉ែត្រ ពីផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្ដាហ៍កន្លងទៅនេះ អ្នកនាង ជា សុភារុណ ប្រធានក្រុមផ្នែកលក់បុរីភ្នំពេញថ្មីបានឲ្យដឹងថា គម្រោង គ្រីស្ដាល់ ផាក បានលក់ចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ បានលក់ដាច់អស់ហើយ ចំណែកដំណាក់កាលទី២ គឺកំពុងដំណើរការលក់នាពេលបច្ចុប្បន្ន និងមានការកក់ពីអតិថិជនចំនួន២០% ផងដែរ។
អ្នកនាងបន្ដថា សម្រាប់ប្រភេទផ្ទះក្នុងបុរីភ្នំពេញថ្មីមានដូចជា ៖ ផ្ទះល្វែង, វិឡាកូនកាត់, វិឡាឃ្វីន, វិឡាភ្លោះជាដើម ហើយសម្រាប់ដំណាក់កាលទី២ នៃគម្រោង គ្រីស្ដាល់ ផាក មានចំនួន៩០ផ្ទះ។
អ្នកនាងបន្ថែមថា សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះ គម្រោង គ្រីស្ដាល់ ផាក ដំណាក់កាលទី២ មានប្រមូលសិនពិសេសដល់អតិថិជនដោយទទួលបានទឹកប្រាក់ចំនួន២ពាន់ដុល្លារ ដល់១ម៉ឺនដុល្លាររួមមាន ៖ រាល់អតិថិជនជាវវិឡាកូនកាត់ខ្នាតតូច ទទួលបានការបញ្ចុះតម្លៃ២ពាន់ដុល្លារ, ជាវផ្ទះល្វែង និងវិឡាកូនកាត់ ទទួលបានការបញ្ចុះតម្លៃ៣ពាន់ដុល្លារ, ជាវវិឡាភ្លោះ ទទួលបានការបញ្ចុះតម្លៃ៥ពាន់ដុល្លារ, ជាវវិឡាទោល និងវិឡាឃ្វីន ទទួលបានការបញ្ចុះតម្លៃ១ម៉ឺនដុល្លារ ហើយអ្វីដែលកាន់តែពិសេសនោះ អតិថិជនដែលបានជាវក្នុងពេលកំពុងសាងសង់ នឹងទទួលបានការបញ្ចុះថែម៣%បន្ថែមទៀត។
អ្នកនាង ណាំ ម៉ារី ប្រធានផ្នែកលក់បុរីភ្នំពេញថ្មីបានគូសបញ្ជាក់ថា មកទល់ពេលនេះ បុរីភ្នំពេញថ្មី បានដំណើរការចំនួន៩គម្រោងហើយ ក្នុងនោះមាន៧គម្រោងលក់អស់ និងសាងសង់រួចជាស្ថាពរ ហើយនៅក្នុងខែមិនាខាងមុខនេះ បុរីភ្នំពេញថ្មី នឹងមានបើកគម្រោងទី១០បន្ថែមទៀត។
អ្នកនាងបន្ថែមថា កត្តាដែលធ្វើឲ្យអតិថិជនតែងតែគាំទ្របុរីភ្នំពេញថ្មី ព្រោះ បុរីភ្នំពេញថ្មី សាងសង់ឡើង ផ្ដោតលើគុណភាពជាចម្បង រួមទាំងបូកផ្សំជាមួយនឹងទីតាំងអំណោយផល ពោលគឺ ស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍន៍ ក្នុងទីប្រជុំជនមាន មន្ទីរពេទ្យ, ផ្សារទំនើប និងសាលារៀនជាដើម៕
Source: Kampuchea Thmey Daily
0 Comments