ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីមានភារកិច្ចមមាញឹកយ៉ាងណាក្តី ក៏មិនបាន ភ្លេចការចុះមកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់វរៈកងទព័ និងនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥មករានេះ ប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានកងពលធំអន្តរាគមន៏លេខ៣,កងពលតូចអន្តរាគមន៍លេខ៩ និងវរៈនគរបាលការពារព្រំដែនលេខ៧៩៣។
អង្គភាពខាងលើ បានចងសម្ពន្ធភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្ដាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ហើយតែងបានទទួលការជួយឧបត្ថម្ភជាបន្តបន្ទាប់តាមរយៈប្រតិភូសាលារាជធានីភ្នំពេញ ដោយបានមកសួរសុខទុក្ខកងទ័ពជួរមុខរបស់យើងជាប់ជាប្រចាំ។
លោកឧត្ដមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះបានលើកឡើងពីស្ថានភាពតាមបណ្ដោយព្រំដែនមានសភាពស្ងប់ស្ងាត់ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់ សំគាល់ឡើយ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម នៃប្រជាជនប្រទេសក្បែរខាងគ្នា។
លោកបន្តថា ទោះបីយ៉ាងណា យើងក៏មិនបានភ្លេចនូវស្មារតីការពារអធិបតេយ្យបូរណភាពទឹកដី មិនឲ្យខ្មាំងសត្រូវចូលឈ្លានពានបានឡើយ និងខិតខំជំរុញការលើកកម្ពស់ជីវភាពកងទ័ព ក៏ដូចគ្រួសារកងទ័ពឲ្យបានប្រសើរឡើង។
នាឱកាសនោះ លោក ម៉ប់ សារិន បានជម្រាបជូនពីសភាពការវិវត្តន៍ថ្មីៗរបស់ប្រទេសជាតិ ដោយលោកបានផ្តោតទៅលើការថ្លែងយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់អំពីការមិនដោះដូរអធិបតេយ្យភាពជាតិជាមួយបរទេស ,ការមិនយកសន្តិភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយ ដោយកម្ពុជា ត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាព ហើយកម្ពុជាត្រូវមានសិទ្ធអនុវត្តច្បាប់របស់កម្ពុជា ព្រោះថាកន្លងមកមានក្រុមក្បត់ជាតិមួយចំនួន បានព្យាយាមជំរុញឲ្យកម្ពុជាធ្វើការដោះដូរសន្តិភាព អធិបតេយ្យភាពជាមួយជំនួយបរទេស ដែលជាទង្វើមានចេតនាធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងគន្លងភ្នក់ភ្លើងសង្គ្រាមដូចអតីតកាល និងបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។
លោក ម៉ប់ សារិន បន្តថា ជាការពិតណាស់ ក្នុងបុព្វហេតុការពារខឿនអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ទោះបីមានការឈ្លានពានពីសំណាក់ប្រទេសជិតខាង និងបញ្ហាប្រឈមស្មុគស្មាញជាច្រើននៅគ្រប់ស្ថានភាព នៃការវិវត្តន៍របស់ប្រទេសជាតិ អាស្រ័យ ដោយផលប៉ះពាល់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចព្រមទាំងកត្តាផ្សេងៗជាច្រើនទៀតក្តី ក៏ថ្នាក់ដឹកនាំនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានពុះពាររាល់ការលំបាកការពារទឹកដី ក៏ដូចការពាររាជរដ្ឋាភិបាលស្របច្បាប់ រក្សាស្ថិរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្កជម្លោះ ឈ្លានពាន និងការពារអាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អប្រសើរ។
នាឱកាសនោះដែរ លោក ម៉ប់ សារិន និងប្រតិភូបាននាំយកអំណោយជាច្រើនមុខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ កងពលធំអន្តរាគមន៍លេខ៣,កងពលតូចអន្តរាគមន៍លេខ៩,វរៈនគរបាលការពារព្រំដែនលេខ៧៩៣ និងបញ្ជាការដ្ឋានអង្គរក្សនូវគ្រឿងឧបភោគបរិភោគ,សម្ភារៈប្រើប្រាស់,ថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments