Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹងកំពុង​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ស្ថាប័ន​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ឯកជន កាត់​បណ្ដាញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ



ភ្នំពេញ​ ៖ សកម្មភាព​កាត់​បណ្ដាញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ នៅពេល​កន្លងមក​ក៏ដូចជា​សព្វថ្ងៃ​នេះ​ឃើញថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹងកំពុង​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ស្ថាប័ន​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ឯកជន ចូលរួម​សហការ ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បណ្ដាញ​ខ្សែកាប​លើ​អាកាស​តាម​ដងផ្លូវ បញ្ជូន​ទៅ​ក្រោម​ដី​ឲ្យ​អស់​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លេខ ០២៥/១៦ ដែល​បាន​ចេញ​កាល​ពី​ពេល​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ចម្រុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​សណ្ដាប់ធ្នាប់​បណ្ដាញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ ដែល​ត្រូវ​កាត់​ទម្លាក់​ជា​ជំហានៗ​។ សកម្មភាព​នេះ គឺ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​នៃ​បណ្ដាញ​ខ្សែកាប និង​ដើម្បី​លើកកម្ពស់​សោភ័ណភាព​រាជធានី​ផង​ដេរ​។



ដើម្បី​អនុវត្តន៍​យុទ្ធនាការ​នេះ ឲ្យ​បាន​ប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឲ្យ​អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​ដែល​មាន​បណ្ដាញ​ខ្សែកាប​លើ​អាកាស​ទាំងអស់ ត្រូវ​ចូលរួម​សហការ ដើម្បី​កាត់​ទម្លាក់​ខ្សែកាប​មក​ដាក់​ចូល​បំពង់​បណ្ដាញ​ក្រោម​ដី​វិញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​បញ្ជាក់​ថា ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់ បណ្ដាញ​ខ្សែកាប​អាកាស តាម​ដង​មហាវិថី​ធំៗ ចំនួន​៦ ដោយ​ធ្វើការ​កាត់​ទម្លាក់​ជា​ជំហានៗ ដាក់​ចូល​ក្នុង​បំពង់​ក្រោម​ដី​វិញ ដើម្បី​ពង្រឹង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ លើកកម្ពស់​សោភ័ណ​ភាព​រាជធានី ក៏ដូចជា​ការ​រក្សា​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​។

តាម​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​បាន​ស្នើ​ឲ្យ​អង្គភាព​រដ្ឋ ស្ថាប័ន ក្រុមហ៊ុន​ឯកជន​នានា ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួម​សហការ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ក្រុមការងារ ដែល​មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អគ្គិសនី​កម្ពុជា ក្រុមហ៊ុន CFOCN ក្រុមហ៊ុន PPCTV និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​ដំណើរ​នេះ ប្រព្រឹត្តទៅបាន​ជោគជ័យ ជៀសវាង​មាន បញ្ហា​ផ្សេងៗ​។​

សេចក្ដីប្រកាស​បាន​បញ្ជាក់​ថា មហាវិថី​ធំៗ​ដែល​ត្រូវអនុវត្ត​ការងារ​ខាងលើ រួមមាន​ មហាវិថី​ព្រះ​នរោត្តម​, មហាវិថី​សហព័ន្ធ​រុស្ស៊ី​, មហាវិថី​ព្រះមុនីវង្ស​, មហាវិថី​ម៉ៅ​សេទុង​, មហាវិថី​កម្ពុជា​ក្រោម​, និង​មហាវិថី​ព្រះសីហនុ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu