ភ្នំពេញ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សី ខៀវ កាញារីទ្ធ អមដំណើរដោយមន្ត្រីៗជាថ្នាក់ដឹកនាំចំណុះក្រសួងព័ត៌មានជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី ២៩ ខែមករានេះ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរូបសំណាកលោកតាព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន ដែលបានកសាងទុកនៅក្នុងវត្តសម៉ ភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
រូបសំណាករបស់លោកតា ប្រាជ្ញ ឈួន ត្រូវបានលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងលោកជំទាវ កសាងឡើងតាមសំណូមពររបស់លោកតាកាលនៅមានជន្មាយុ ដោយសារលោកតាចង់បានរូបសំណាក១ទុក ដើម្បីគ្រាន់កូនចៅជំនាន់ក្រោយស្គាល់ និងគោរពបូជាទុកជាអ្នកប្រាជ្ញមួយរូប ផ្នែកវោហារស័ព្ទចម្រៀងចាប៉ីដងវែងរបស់ខ្មែរយើង។ រូបសំណាកនេះចំណាយពេលកសាងអស់រយៈពេលជាង៣ខែ ចាប់ពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ទើបរួចរាល់ជាស្ថាពរ ដោយឆ្លាក់ធ្វើអំពីថ្មភក់ ទំហំទទឹង០.៨ម៉ែត្រ និងកម្ពស់១.២០ ម៉ែត្រ អង្គុយកាន់ចាប៉ីដងវែង ជាសកម្មភាពកំពុងតែសម្តែងចម្រៀងចាប៉ី ជូនមហាជនស្តាប់កម្សាន្ត ដោយចំណាយថវិកាផ្ទាល់របស់លោករដ្ឋមន្ត្រី និងលោកជំទាវ សរុបទាំងឈ្នួលជាងថ្លៃដឹកមកដល់ទីនេះអស់ចំនួន២.២៥០ដុល្លារអាម៉េរិក។ ជាងនេះទៀត កាលពីនៅមានជន្មាយុ គ្រួសារលោកព្រឹទ្ធាចារ្យប្រាជ្ញ ឈួន ក៏ត្រូវបានលោករដ្ឋមន្ត្រី និងលោកជំទាវ ជួយទំនុកបម្រុងឧបត្ថម្ភផ្ទះមួយខ្នង និងផ្តល់ថវិកាក្នុងមួយខែ១០០ដុល្លារ ជូនលោកតាជាបន្តបន្ទាប់ផងដែរ។
តាមប្រវត្តិ លោកតាកើតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៤៣ នៅភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ លោកតាចាប់ងងឹតភ្នែកតាំងពីអាយុ ៩ឆ្នាំ ដោយសារជំងឺកញ្ជ្រិល ហើយលោកតាបានហាត់រៀនច្រៀងចាប៉ីតាំងពីនៅកុមារភាពជាមួយលោក តាឌុក (ហៅចង្កូម៨) ដែលត្រូវជាពូរបស់លោកតា។ ការហាត់រៀននេះ កុមារាប្រាជ្ញឈួន មានប្រាជ្ញាវាងវៃណាស់ ដោយអាចច្រៀងចោទឆ្លើយបានយ៉ាងស្ទាត់ជំនាញជាមួយតាចង្កូម៨។ ដោយភាពប៉ិនប្រសប់របស់លោកតា លោកតាមានភាពល្បីល្បាញរហូតប្រឡងជាប់ជាបន្តបន្ទាប់ ហើយក៏បានចូលច្រៀងនៅវិទ្យុជាតិក្នុងអំឡុងឆ្នាំ១៩៦០រហូតមក។ បន្ទាប់ពីកម្ពុជាបានធ្លាក់ក្នុងរបបប៉ុល ពត គេឲ្យគាត់ដេរស្លឹកត្នោតនៅស្រុកកំណើតរបស់គាត់។ ក្រោយពីប្រទេសរំដោះពីពួកខ្មែរក្រហម លោកតា ប្រាជ្ញ ឈួន ក៏បានចូលបម្រើការងារនៅវិទ្យុជាតិជារហូតដល់ថ្ងៃចូលនិវត្តន៍។ លោកព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន បានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
សូមបញ្ជាក់ថា ដោយសារចម្រៀងចាប៉ីដងវែងមានភាពវ័យចំណាស់ជាងគេ និងជាចម្រៀងឯករបស់ប្រទេសកម្ពុជាមានភាពល្បីល្បាញលើពិភពលោក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលសិល្បៈចាប៉ីដងវែងនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយអង្គការយូនីស្កូក៏បានទទួលស្គាល់ និងបញ្ចូលសិល្បៈចាប៉ីដងវែងនេះចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកព្រឹទ្ធាចារ្យត្រូវបានរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផ្តល់គោរម្យងារថា លោកព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន និងទទួលបានគ្រឿងឥស្សរិយយសជាបន្តបន្ទាប់៕
Source: Kampuchea Thmey Daily
0 Comments