កំពង់ឆ្នាំង ៖ នៅចំណុចផ្លូវក្របីក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា មានករណីហ៊ុមព្រៃរាប់ពាន់ម៉ែត្រ ដាក់លបចាប់ត្រីខុសច្បាប់ ដែលករណីនេះប្រជាពលរដ្ឋនៅក្នុងភូមិធ្លាប់រាយការណ៍ជូនសមត្ថកិច្ចជលផលស្រុកបរិបូណ៌ផងដែរ ប៉ុន្តែមិនឃើញសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ដែលគេសង្ស័យថា សមត្ថកិច្ចជលផលស្រុកបរិបូណ៌ឃុបឃិតបើកដៃឲ្យបទល្មើសនេះ ដើម្បីលុយ។
រឿងខាងលើនេះ ស្នើសុំ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មេត្តាជួយចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ផង ព្រោះតែមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលនេសាទព្រៃនោះឡើយ។
ប្រជាពលរដ្ឋ ភូមិសេះស្លាប់បាននិយាយឲ្យដឹងថា ការហ៊ុមព្រៃរាប់ពាន់ម៉ែត្រដាក់លបចាប់ត្រីនេះ មានប្រជាពលរដ្ឋ៣នាក់ នៅក្នុងភូមិសេះស្លាប់ ជាអ្នកប្រព្រឹត្ត ដែលមាន ឈ្មោះ និល, ឈ្មោះ ឃៀង ,និងឈ្មោះ ហុក។ មិនតែប៉ុណ្ណោះ គេទាំង៣នាក់ មិនឲ្យប្រជាពលរដ្ឋណាម្នាក់ចូលដាក់លបជិតព្រៃនៅក្បែរៗនោះឡើយ គឺនៅពេលប្រជាពលរដ្ឋក្នុងភូមិយកលបទៅដាក់ក្បែរៗព្រៃចំណុចនោះ គឺត្រូវគេរើរុះលបក្រវាត់ចោលអស់ ហើយគេបោះសំដីថា ចង់ទៅប្តឹងអ្នកណាក៏ប្តឹងទៅ។
ពាក់ព័ន្ធនឹងបទល្មើសនេះដែរ លោក និល និងប្រពន្ធ ជាអ្នកហ៊ុមព្រៃដាក់លបចាប់ត្រី បាននិយាយចំពោះមុខក្រុមអ្នកកាសែតថា លោកពិតជាបានហ៊ុមព្រៃដាក់លបចាប់ត្រីមែន ប៉ុន្តែគេក៏ធ្វើ លោកក៏ធ្វើដូចតែគ្នាទេ ( គឺមានអ្នកធ្វើដូចគ្នានេះ២នាក់ទៀត ) ហើយការហ៊ុមព្រៃនេះ មានប្រវែងខ្លីៗតែប៉ុណ្ណោះដើម្បីចាប់ត្រីធ្វើប្រហុក តែដាក់លបចាប់ត្រី មិនបានត្រីទៅទៀត។ រឿងនេះ បើសមត្ថកិច្ចមិនឲ្យធ្វើទេ លោកនឹងរុះរើសាច់អួនហ៊ុមព្រៃ និងរបាំងលបលោកវិញ។ ចំណែកអ្នករាយការណ៍ជូនអ្នកកាសែតឈ្មោះ ទូច នោះ លោកដឹងហើយ ព្រោះតែគេមានគំនុំរឿងដីស្រែ រំលោភយកដីចុងស្រែគាត់មិនបាន ទើបរាយការណ៍រឿងហ៊ុមព្រៃដាក់ចាប់ត្រីឲ្យអ្នកកាសែតដឹង ។
ទាក់ទងនឹងបទល្មើសខាងលើ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី ២៦មករានេះ បានបញ្ជាក់ឲ្យដឹងថា ករណីនេះលោកធ្លាប់បានដឹងហើយកន្លងមក តែមន្ត្រីជលផលស្រុកបរិបូណ៌ បានរាយការណ៍មកថា មានតិចតួចតែប៉ុណ្ណោះ គឺប្រជាជនក្រីក្រដាក់លបចាប់ត្រីប្រហុក។ តែលោក ក៏បានបញ្ជាឲ្យនាយសង្កាត់នេសាទស្រុកបរិបូណ៌ចាត់ការរួចហើយ។ ប៉ុន្តែត្រង់ថា គេធ្វើបានកម្រិតណា ឬភូតភរយ៉ាងណានោះ លោកមិនបានដឹងពិតប្រាកដទេ។ ដូច្នេះ ករណីខាងលើនេះ បើកើតមានវែងៗរាប់ពាន់ម៉ែត្រមែននោះ លោកនឹងដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ នៅថ្ងៃខាងមុខនេះ ដោយមិនអនុញ្ញាតឲ្យកើតមានបទល្មើសនេសាទបែបនេះឡើយ៕
Source: Kampuchea Thmey Daily
0 Comments