ប្រដាល់ ៖ អ្នកប្រដាល់ជើងចាស់ ភុំ សារាយ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានវាយចាញ់ អ្នកប្រដាល់ស្រករក្រោយ ចេង គា ក្លិបពន្លឺវិបុលមានរិទ្ធដោយពិន្ទុ ក្នុងការជួបប្រកួតគ្នា កាលពីរសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ លើសង្វៀនបាយ័នស្ទឹងមានជ័យ។
ភុំ សារ៉ាយ និង ចេង គា ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។ ជាលើកដំបូងហើយ ដែល សារ៉ាយ ត្រូវគេផ្គូឲ្យជួប ចេង គា ដែលពីមុនមក ចេង គា ពុំមែនជាដៃគូរបស់សារ៉ាយ នោះទេ។
ក្រោយពីគេបានបោះបង់ចោលសង្វៀនប៉ុន្មានឆ្នាំមកនេះ ភុំ សារ៉ាយ ត្រូវបានគេចាប់ផ្គូឲ្យប្រកួតឡើងវិញ។ មុននេះ ភុំ សារ៉ាយ បានផ្គូឲ្យជួបជាមួយថៃហ្វានិមិត្ត(១៣មករា២០១៩) ហើយត្រូវថៃវាយអោយសន្លប់ក្នុងទឹកទី១ លើសង្វៀនបាយ័នស្ទឹងមានជ័យនេះ។ ហើយពេលនេះ សារ៉ាយ បានវាយចាញ់អ្នកប្រដាល់រួមជាតិស្រករក្រោយ ចេង គា ដោយពិន្ទុទៀត។
ចំណែក សំខាន់ ប៉ាវចិន អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយនៃក្លិបអេភូថងកីឡា បានប្រកួតចាញ់អ្នកប្រដាល់ជើងខ្លាំង វ៉ែន ហុងជីវ៉ុង ក្លិបមកុដរាជសីហ៍ ដោយពិន្ទុ ក្រោយពីប្រកួតគ្នាប្រាំទឹកពេញនោះ។ ពួកគេពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៧គីឡូក្រាម។
ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតឈ្នះ អេរ៉ាវ៉ាន់ ចាន់រាជ អ្នកប្រដាល់ក្លិបកុសលកីឡាដោយពិន្ទុដែរ ហើយ ឆា វាសនា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ប្រកួតចាញ់ ម៉ិល សារុន អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ដោយពិន្ទុ។
ចាន់ ប៊ុនហឿន ឈ្នះ ទឹក៣ ខណះចាន់ ប៊ុនលាភ ចាញ់ថៃដោយពិន្ទុ
អ្នកប្រដាល់ ចាន់ ប៊ុនហឿន ក្លិបនិរោធមានជ័យ បានវាយឈ្នះអ្នកប្រដាល់ថៃហ្វានិមិត្ត ប្រាន២៦ (Fanemit Phran26) ក្នុងទឹកទី៣ ហើយអ្នកប្រដាល់ជើងចាស់ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ បានវាយចាញ់អ្នកប្រដាល់ថៃកែវ កងវ៉ាន (Kev Kongvan)ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នានៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។
ចាន់ ប៊ុនហឿន បានផ្តួលឲ្យ ហ្វានិមិត្ត ប្រាន២៦ សន្លប់នៅក្នុងទឹកទី៣ ដោយសារដាល់ចំពោះទឹករបស់ហ្វា និមិត្ត បណ្តាលឲ្យអ្នកប្រដាល់ថៃរូបនេះ ដួលសន្លប់លែងក្រោក បើទោះបីជាអាជ្ញាកណ្ដាលរាប់ដល់ដប់ហើយក្តី។
ហ្វានិមិត្ត ប្រាន២៦ នៅក្នុងទឹកទី១និងទឹកទី២ គេក៏ត្រូវចាន់ ប៊ុនហឿន វាយសន្ធាប់ដោយកណ្ដាប់ដៃ ទាត់ និងកែង សឹងតែគាំងម្តងៗទៅហើយ តែអ្នកប្រដាល់ថៃរូបនេះគេរឹងមាំ តស៊ូបន្តការប្រកួតមកដល់ទឹកទី៤បានទៀត ប៉ុន្តែហ្វានិមិត្ត ប្រាន២៦ ចៀសមិនផុតពីសន្លប់ដោយកណ្ដាប់ដៃ របស់ ចាន់ ប៊ុនហឿន ដដែល។
អ្នកប្រដាល់ជើងចាស់ ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ ដែលត្រូវគេផ្តល់ឱកាសឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ កែវ កងវ៉ាន (Kev Kongvan) ក្នុងទម្ងន់ ៦៥ គីឡូក្រាម នោះ បានវាយចាញ់ដោយពិន្ទុ។
ចាន់ ប៊ុនលាភ ក្នុងការប្រកួតលើកនេះ ប៊ុនលាភ គេមិនមានផ្លែសម្លាប់កែវ កងវ៉ាន ទេ មិនតែប៉ុណ្ណោះ ប៊ុនលាភ ចាញ់កម្លាំងស៊ុហ្វ កងវ៉ាន ថែមទៀត។ ចាន់ ប៊ុនលាភ មានប្រវត្តិប្រកួតមិនតិចក្រោម១០០លើកនោះទេ មុនប្រកួតជាមួយកែវ កងវ៉ាន នេះ ប៊ុនលាភ ក៏វាយចាញ់ ផេតក្លា ដោយពិន្ទុដែរ កាលពីថ្ងៃទី០៦មករាកន្លងមកនេះ។
កែវ កងវ៉ាន គេល្អ និងវាយខ្លាំងគួរសមដែរ។ អ្នកប្រដាល់ថៃរូបនេះគេមកប្រកួតនៅស្រុកខ្មែរលើកចុងក្រោយនេះ គឺវាយចាញ់មឿន សុខហ៊ុច អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រឹមតែពិន្ទុប៉ុណ្ណោះ។
ចំពោះការប្រកួតរវាងខ្មែរ និងខ្មែរវិញ ជ័រ ពៅ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ បានវាយឈ្នះជើងចាស់ ថន វាសនា អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ក្នុងទឹកទី៣។ អ្នកប្រដាល់ទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments