កំពត ៖ កម្លាំងនគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលស្រុកទឹកឈូ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ប្រភេទជល់មាន់មួយកន្លែង។
ការឃាត់ខ្លួននេះ បានធ្វើឡើងស្ថិតក្នុងភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។
ទាក់ទិននឹងការបង្ក្រាបបទល្មើសខាងលើ លោក លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងប្រាំនាក់រួមមាន ១.ឈ្មោះ យ៉ុង សារ៉េត ភេទប្រុស អាយុ៥២ឆ្នាំ,២.ឈ្មោះ នូវ រតនូ ភេទប្រុស អាយុ២៤ឆ្នាំ, ៣.ឈ្មោះ នឿត សាទ ភេទប្រុស អាយុ២៨ឆ្នាំ, ៤.ឈ្មោះ ចាង ស៊ង ភេទប្រុស អាយុ៣០ឆ្នាំ, ៥.ឈ្មោះ មាស ធី ភេទប្រុស អាយុ៣០ឆ្នាំ។ ទាំង៥នាក់ រស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។
លោកនាយការិយាល័យបានរៀបរាប់ថា ដោយទទួលព័ត៌មានច្បាស់ការណ៍ស្តីអំពីសកម្មភាពល្បែងស៊ីសងខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រោយមានបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងការណែនាំពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតផងនោះ សមត្ថកិច្ចនៃស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋានស្រុកទឹកឈូ ក៏បានចុះដល់ទីតាំងភ្លាមៗ ប៉ុន្តែមេខ្លោងដែលជាម្ចាស់សង្វៀងហាក់ដឹងខ្លួនមុន បានរត់គេចបាត់ ទើបកម្លាំងសមត្ថកិច្ចឃាត់បាន តែអ្នកលេងទាំង៥នាក់ខាងលើ រួមទាំងវត្ថុតាងមួយចំនួន នាំមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធីតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments