Ad Code

វ៉ាន់ វឿន និង សេន កុសល រក​បាន​៣​ពិន្ទុ​ដូចគ្នា



ប្រដាល់ ៖ ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៥៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV កាលពី​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៦​ ខែ​មករា ឆ្នាំ​​២០១៩ ដែលជា​ការប្រកួត​សប្ដាហ៍​ទី​៣ ជុំ​ទី​២​នោះ អ្នក​ប្រដាល់​កម្ពុជា វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា និង អ្នក​ប្រដាល់​កម្ពុជា​សេន កុសល ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ ពួកគេ​រកបាន​៣​ពិន្ទុ​ដូចគ្នា។​

​វ៉ាន់ វឿន បាន​ប្រើពេល​មិន​ដល់​មួយ​ទឹក​ទេ ផ្ដួល​អ្នក​ប្រដាល់​ថៃ Yorth Vandy អោយ​សន្លប់​ក្នុង​ទឹក​ទី​១ ។ Yorth Vandy សន្លប់​ដោយ​កែង​របស់​ វ៉ាន់ វឿន វាយ​ពុះ​ត្រូវ​ចំ​ថ្គាម​យ៉ាង​ពេញ​ទំហឹង ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​នេះ ដួល​សន្លប់​លែង​ក្រោក។​
​ ​
ជាមួយ​លទ្ធផល​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ វ៉ាន់ វឿន ទទួលបាន​៦​ពិន្ទុ​ហើយ ក្នុងការ​ប្រកួត​ពីរ​ជុំ​ដោយ​ឈ្នះ​ទាំងពីរ​ជុំ។ ចំណែក​Yorth Vandy បាន​២​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ពីរ​ប្រកួត ព្រោះ​ចាញ់​ទាំងពីរ​ប្រកួត។

ចំពោះ សេន កុសល ដែល​គេ​មក​ជំនួស ​ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដែល​បាន​បោះបង់​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​នេះ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Deuk Ken ដោយ​ពិន្ទុ ធ្វើឲ្យ​កុសល​ទទួលបាន​៦​ពិន្ទុ ដែល​៣​ពិន្ទុ​គឺ​បន្សល់ទុក​ដោយ ​ម៉ន​ សា​ម៉េ​ត និង​៣​ពិន្ទុ ជា​របស់​ខ្លួនឯង​ដែល​វាយ​ឈ្នះ​ក្នុង​ជុំ​ទី​២​នេះ។ ​ឯ Deuk Ken គេ​បានតែ​២​ពិន្ទុ​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ពីរ​ជុំ​កន្លងមកនេះ ដោយ​វាយ​ចាញ់​ទាំងពីរ​ជុំ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​ រដូវ​កាល​ទី​៨ ទម្ងន់​៥៧​គីឡូក្រាម លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន៨​រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួម​មាន​ សេន កុសល ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​(​ជំនួស​ ម៉ន ​សា​ម៉េ​ត​) , វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា , លាភ រដ្ឋា ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ និង ​តា​ញ់ មករា សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ​។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Deuk Ken , Yorth Vandy , Dek Doeur និង Banda Sak។

•​​រិ​ទ្ធ ភូ​លូ ស្មើ​ថៃ ឯ ហេង សំរាំង ស្មើ​អ៊ីរ៉ង់​
រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដែល​ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Loom Leng លើស​ង្វៀន​Ganzberg នៅ​SEA- TV កាលពី​ថ្ងៃ​ទី​២៦​មករា​នោះ បាន​វាយ​ស្មើ ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​នោះ។​
​រិ​ទ្ធ ភូ​លូ ដែល​បាន​វាយ​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់ Loom Leng នេះ គឺ​ចាត់ទុកថា​គេ​ខ្លាំង​ហើយ ព្រោះ ​ភូ​លូ ​ទើបតែ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ប្រមាណ​១០​លើក និង​ឡាវ​ ២​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ ជា​លើក​ទី​១១ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ ​ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​ថៃ​១០​នោះ ភូ​លូ វាយ​ឈ្នះ ៨​លើក ​និង​ចាញ់​២​លើក​ប៉ុណ្ណោះ។​
​ ​
Loom Leng ជា​ជើង​ខ្លាំង និង​ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត ហើយ​មក​វាយ​បាន​ត្រឹម​ស្មើ​ជាមួយ​រិ​ទ្ធ ភូ​លូ បែបនេះ ក៏ត្រូវ​តែ​អន់​ខ្លាំង​ណាស់ដែរ។

ចំពោះ ហេង សំរាំង អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​អ៊ីរ៉ង់ Matin នោះ ក៏​ទទួលបាន​លទ្ធផល​ស្មើគ្នា​ដែរ។ សំរាំង អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា និង​អ្នក​ប្រដាល់​អ៊ីរ៉ង់​នេះ ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ ក្នុង​ទម្ងន់​៧០​គីឡូក្រាម។

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ធី តុង​ហ៊ី ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ បាន​វាយ​ឈ្នះ ទេស សំខាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ ហើយ សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កង​ពលធំ​អន្តរាគមន៍​លេខ​២ បាន​វាយ​ឈ្នះ នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu