Ad Code

អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​ប្រណីត Volvo នឹង​ធ្វើ​ការ​សម្ពោធ​ឆាប់ៗ​នេះ​ហើយ​!



​ភ្នំពេញ ៖ Volvo Cars គឺជា​ម៉ាក​រថយន្ត​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ពិភពលោក​។ ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​របស់​ស៊ុយ​អ៊ែត​ ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ លើ​បច្ចេកវិទ្យា​យានយន្ត​មាន​មោទនភាព​ក្នុង​ការ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​តាំង​បង្ហាញ​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ឆាប់ៗ​នេះ​ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​២៤ ​ខែ​មករា​ ឆ្នាំ​២០១៩ លោក Serdar Sengul ប្រធាន គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Volvo Cars Cambodia នៃ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រថយន្ត Volvo Cars ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​1927 នៅ​ទីក្រុង Gothenburg ប្រទេស​ស៊ុយអែត​។ Volvo Cars បាន បង្កើត​ឡើង​ដោយ​ផ្តោត​សំខាន់​ទៅលើ​សុវត្ថិភាព​អ្នកបើកបរ និង អ្នករួមដំណើរ​ជាមួយ​នៅក្នុង​រថយន្ត ហើយ​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ ការ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ និង​បង្កើត​ការ​ច្នៃប្រឌិត​ថ្មី​ក្នុង​ពិភព​ឧស្សាហកម្ម​រថយន្ត ដូចជា ខ្សែក្រវាត់​សុវត្ថិភាព 3​ចំណុច (​តាំងពី​ឆ្នាំ 1959) ត្រូវ​បាន​ប្រើប្រាស់​នៅ​គ្រប់​ប្រេន​រថយន្ត​ទាំងអស់​នៅលើ​ពិភពលោក​។ នេះហើយ​ គឺ​ជា​ការ​ច្នៃប្រឌិត​ថ្មី​របស់ Volvo។

ក្រុមហ៊ុន Volvo គឺ​ផ្តោត​សំខាន់​ទៅលើ​សុវត្ថិភាព​របស់​អ្នកបើកបរ និង​អ្នក​រួមដំណើរ ជាជាង​រក​ប្រាក់​ចំណេញ​ពី​វា​។​

លោក​បាន​បន្តទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន Volvo Cars កំពុង​នាំមុខគេ​ក្នុង​ឧស្សាហកម្ម​រថយន្ត​ទូទាំង​ពិភពលោក ក្នុង​បច្ចេកវិទ្យា​សុវត្ថិភាព​អគ្គិសនី និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​។ ហើយ​ចក្ខុវិស័យ​របស់​យើង ​គឺ ធ្វើ​ឲ្យ​អ្នកដំណើរ​ទាំងអស់​ដែល​ប្រើប្រាស់​រថយន្ត Volvo មាន​សុវត្ថិភាព​ទាំងស្រុង​ក្នុង​ឆ្នាំ​2020 ខាងមុខនេះ​។ ហើយ​យើង​កំពុង បន្ត​ការ​ច្នៃប្រឌិត​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​មនុស្ស​មាន​សុវត្ថិភាព មិន​ស្មុគស្មាញ​ និង​កាន់តែ​រីករាយ​។​

គួរ​បញ្ជាក់ថា Volvo Cars បាន​នាំចូល ​និង​ចែកចាយ​ដោយ ក្រុមហ៊ុន HGB Group Co., Ltd ដែល​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​នូវ​រថយន្ត និង សេវាកម្ម​ផ្នែក​រថយន្ត រួមទាំង​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu