Ad Code

សង្គ្រោះ​ភ្ញៀវ​ជិត​១.០០០​នាក់ ​របួសស្រាល​៦​នាក់​ ក្នុង​ឧបទ្ទវហេតុ​ទុស្សេ​ជណ្ដើរយន្ត ​អគារ​កម្ពស់​១៨​ជាន់ ​នៃកាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន



បន្ទាយមានជ័យ ៖ ​​កងកម្លាំង ​និង​អ្នក​ជួយ​ បាន​សង្គ្រោះ​ភ្ញៀវ​ជិត​១.០០០​នាក់ តែ​មាន​របួស​របួស​ស្រាល​៦​នាក់ ក្នុង​ឧបទ្ទវហេតុ​ទុស្សេ​ខ្សែភ្លើង​ ឆេះ​ជណ្ដើរយន្ត ​នៃ​អគារ​ស្នាក់នៅ​ដ៏​ធំ​ កម្ពស់​១៨​ជាន់​ក្នុង​ប្លុក​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​(Golden Crown Casino) របស់​លោក​ឧកញ៉ា​កុក អាន ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខ្លង​លឹក នា​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ ​​ថ្ងៃ​៧​ ខែ​មករា​ ឆ្នាំ២០១៩។​

លោក​វរសេនីយ៍​ ធិ​ន ស៊ិន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​ បាន​ឲ្យ​​​កម្ពុ​ជាថ្មី​ដឹង​នៅ​ថ្ងៃ​ទី​៨​មករា​ថា​ ករណី​ទុស្សេ​ជណ្ដើរយន្ត​ផ្នែក​ខាងក្រៅ​ នៃ​អគារ​ខាងលើ មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​យ៉ាង​ច្រើន​ បាន​អន្តរាគមន៍​ជួយ​ពន្លត់ សង្គ្រោះ​។

ក្នុងនោះដែរ ​លោក​ឧត្ដមសេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏បាន​ដឹក​នាំ​កម្លាំង​រាប់រយ​នាក់ ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​ស្នងការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ និង​ស្រុក​នានា ​​រួម​នឹង​រថយន្ត​ពន្លត់​អគ្គិសនី​ នៃ​ក្រុមហ៊ុន​កាស៊ីណូ ទាំងអស់​១០​គ្រឿង​ ពន្លត់ភ្លើង​ឆាបឆេះ​ដ៏​សន្ធោសន្ធៅ​នោះ​ផងដែរ​។​

លោក​បន្តថា​ ក្នុងនោះ​កម្លាំង​សន្តិសុខ​កាស៊ីណូ កម្លាំង​នគរបាល ធ្វើការ​ក្នុង​កាស៊ីណូ បុគ្គលិក​សណ្ឋាគារ​ និង​កម្លាំង​ចម្រុះ​ បាន​ជួយ​សម្រួល​សង្គ្រោះ​ភ្ញៀវ​ខ្មែរ ចិន​ និង​ជនបរទេស​ផ្សេងទៀត​ ដែល​ស្នាក់​ក្នុង​អគារ​ខាងលើ​ប្រមាណ​១.០០០​នាក់ មក​តាម​ច្រកចេញ​(Exit Way) បាន​ដោយ​ជោគជ័យ​។

ប៉ុន្តែ​មាន​បុគ្គលិក​ខ្មែរ​៥​នាក់ និង​ភ្ញៀវ​ជនជាតិ​ចិន​១​នាក់ រង​របួស​ស្រាល ​ដោយសារ​ពួកគេ​ជាប់​គាំង​ក្នុង​ជណ្ដើរយន្ត​ដែល​ឆ្លង​ចរន្ត​អគ្គិសនី​(​ទុស្សេ​)​នោះ ហើយ​ហប់ ថប់ដង្ហើម​នឹង​ផ្សែងភ្លើង​ឈ្លក់​ផង ពី​ការ​បាញ់ទឹក​ពន្លត់​ផង​។

​ជនរងគ្រោះ​របួសស្រាល​ទាំងនោះ បាន​និង​កំពុង​សង្គ្រោះ ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​។​

លោក​ ធិ​ន ស៊ិន​ដេ​ត បន្តថា ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នោះ កម្លាំង​ និង​រថយន្ត​ពន្លត់អគ្គិភ័យ​គ្រប់គ្រង​ស្ថានការណ៍​ពន្លត់​បាន​នៅ​ម៉ោង​១១​យប់​ នា​យប់​ដដែល​នោះ​។​ ចំណែក​ការខូចខាត​សម្ភារៈ​វិញ គឺ​ខូច​ខាត​ជណ្ដើរយន្ត​ផ្នែក​ខាងក្រៅ ​និង​សំណង់​ នៃ​ផ្នែក​ពាក់ព័ន្ធ​នោះ មានតម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu