Ad Code

ទាល់តែ​បើក​បុក​បង្គោល​ភ្លើង​ ទើប​បែកធ្លាយ​ថា ​រថយន្ត​នោះ​ដឹកឈើ​ ​ត្រូវ​សមត្ថកិច្ច​ឃាត់​



ភ្នំពេញ ​៖ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹកឈើ សុ​ក្រំ ​បើក​បុក​ស្លាក​សញ្ញា​ចរាចរណ៍ និង ស្លាក​លេខ​ផ្លូវ បណ្ដាលឲ្យ​បាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ បន្ទាប់ពី​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ​ កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​អង្គារ ១០​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធ​ស័ក ពស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៩ ចំណុច​មុខ​កំពង់​ផែស្ងួត ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ កែង​ផ្លូវ​លេខ​៨០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បើក​បុក​ហើយ​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ ​គឺ​គាត់​បាន​បើក​រថយន្ត​មួយ​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង ២B-២១៣២ បាន​ដឹកឈើ​ចេញពី​ខេត្ត​ព្រះវិហា ជា​ប្រភេទ​ឈើ ស​ក្រំ​ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០ ទិសដៅ​ពី​លិច​ទៅ​កើត គោលបំណង​យកទៅដាក់​ឲ្យ​ម៉ូយ នៅ​ម្តុំ​បឹងត្របែក ខណៈពេលដែល​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​សម្រេចចិត្ត​បួង​ចង្កូត បុក​មាត់​លូ និង បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍ និង ស្លាក​សញ្ញា​ប្រាប់ផ្លូវ​តែម្តង​ទៅ ដោយ​ខ្លាច​បង្កឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ដែល​ធ្វើ​ដំណើ​តាម​បណ្ដោយ​ផ្លូវ​នោះ​។​

​ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​ចុះ​មកដល់​ចំណុចកើតហេតុ ទំនាក់ទំនង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នូវ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើងថា ពួកគាត់​ឆ្ងល់​ថា ​ហេតុអ្វី​ក៏​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ដូចជា​រដ្ឋបាល​ព្រៃ​ឈើ មើលមិនឃើញ​ចំពោះ​រថយន្ត​មួយគ្រឿង​នេះ ​ដែល​ដឹកឈើ​តាំងពី​ខេត្ត​ព្រះវិហារ រហូតមកដល់​ក្រុង​ភ្នំពេញ​បាន​យ៉ាង​ដូចនេះ ឬក៏​មាន​លាភសក្ការៈ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu