Ad Code

​ក្រឡាប់​រថយន្ត​ដឹក​ស្រូវ នៅ​ព្រៃវែង សង្ស័យ​ម្ចាស់​ងងុយ​ដេក​



​ព្រៃវែង ​៖ រថយន្ត​ដឹកស្រូវ​មួយគ្រឿង ​បាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ពីលើ​ថ្នល់ជាតិ​លេខ 8 បណ្ដាល​ឲ្យ​សង្កត់​អ្នករួមដំណើរ​ស្លាប់​ ចំនួន2 នាក់ ​និង​រងរបួស​ធ្ងន់​ចំនួន2 នាក់​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ខាងលើ​បាន​កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ ថ្ងៃ​ទី 28 ឈាន​ចូល​ថ្ងៃទី 29 ខែ​មករា ​ឆ្នាំ 2019 នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 8 A ចន្លោះ​គីឡូម៉ែត្រ​លេខ 68 69 ស្ថិត​ក្នុងភូមិ​ព្រហ្ម​ ឃុំ​ព្រៃ​ព្នៅ​ ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​។

សមត្ថកិច្ច​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ ​គឺ​បង្កឡើង​ដោយ​ខ្លួនឯង​ ដោយ រថយន្ត​មួយគ្រឿង​ ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ក្រហម​ លា​យស​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.0473 ដឹកស្រូវ​ពេញ​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើដំណើរ​ពី​លិចទៅ​កើត លុះ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ​ទំនងជា​តៃកុង​ងងុយដេក​ស្រាប់​តែ​រថយន្ត​បាន​ចង្កូត​ធ្លាក់​ចិញ្ចើម​ថ្នល់ ​​ក្រឡាប់​សង្កត់​អ្នក​រួម​ដំណើរ​ស្លាប់​ចំនួន​2​នាក់​ គឺ​ទី​1-​ឈ្មោះ លី ណូ ​ភេទ​ស្រី​ អាយុ34ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃខ្លា ​ឃុំ​ព្រៃ​កណ្ដៀង ​ស្រុក​ពាមរ​ ខេត្ត​ព្រៃវែង និង​ទី2 -​មិន​ស្គាល់​អត្តសញ្ញាណ​ រស់នៅ​ភូមិ​/ឃុំ​ជាមួយនឹង​ជនរងគ្រោះ​ខាងលើ​។ ចំណែកឯ​ជនរង​គ្រោះ​ដែល​របួសធ្ងន់​ទី1 -ឈ្មោះ សាំង កុសល ភេទ​ប្រុស​ អាយុ38 ឆ្នាំ​,ទី​2-ឈ្មោះ ​គួ​ក កូ ភេទ​ប្រុស​អាយុ31ឆ្នាំ​ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ព្រៃខ្លា​ ឃុំ​ព្រៃ​កណ្ដៀង ​ស្រុក​ពាមរ​ ខេត្ត​ព្រៃវែង​។ ជនរងគ្រោះ​ដែល​រងរបួស​ ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ នៅឯ​មន្ទីរ​ពេទ្យ។ ចំណែកឯ​សាកសព​ ប្រគល់ជូន​ក្រុមគ្រួសារ​ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

បច្ចុប្បន្ន ​រថយន្ត​ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​ម្ចាស់​មក​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ នៃ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu