Ad Code

ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ចុះ​កុងត្រា​ជាមួយ​ខ្សែប្រយុទ្ធ​Privat Mbarga ក្រោយ​ចែក​ផ្លូវ​ជាមួយ​កីឡាករ​Harley Williard



បាល់ទាត់ ៖ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​នេះ​ បានប្រកាស​បង្ហាញមុខ​កីឡាករ​បរទេស​ថ្មី​ម្នាក់ទៀត ​គឺ​ជនជាតិ​កា​ម៉េ​រ៉ូ​ន Privat Mbarga ក្រោយ​ក្លិប​បាន​ចែកផ្លូវ​ជាមួយ​ខ្សែប្រយុទ្ធ​ជនជាតិ​អង់គ្លេស Harley Williard កាលពីពេល​ថ្មីៗ មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​នៅពេល​ខាងមុខ​។​

​យោងតាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់ ​ប៉ុន្តែ​ដាច់ខាត ​ក្នុងនោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីប​អាស៊ី​១​រូប​។

គិត​ត្រឹម​ពេលនេះ​ កីឡាករ Privat គឺជា​កីឡាករ​បរទេស​ទី​៥​ របស់​ក្លិប​ដែលមាន​មូលដ្ឋាន ​នៅ​ខេត្ត​ស្វាយរៀង មួយ​នេះ​ បន្ទាប់ពី Charlie Machell ជនជាតិ​អង់គ្លេស​, Jonathan Campbell ជនជាតិ​អាមេរិក​, Yeon Gisung កូរ៉េខាងត្បូង​និង Daisuke Kobayashi​ជនជាតិ​ជប៉ុន​។​

​កីឡាករ Privat បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ដោយ​ចូលរួម​ជាមួយ​ក្រុម​បឹង​កេត​អែ​ហ្វ​ស៊ី ខណៈ​នៅ​ឆ្នាំ​២០១៥ បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ហើយ​នៅ​ឆ្នាំ​២០១៦ ចេញទៅ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ហើយ​នៅ​ឆ្នាំ​២០១៧ ចេញទៅ​ចូល​ជាមួយ​ក្រុម​ថៃ Samut Prakan FC និង​ចុងក្រោយ​ត្រឡប់​មកកាន់​កម្ពុជា វិញ​នៅ​ឆ្នាំ​២០១៨ ដោយ​ចូលរួម​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​។

​ជុំវិញ​ដំណើរ​មកដល់​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាងលើ​ លោក Conor Nestor គ្រូបង្វឹក​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​លើកឡើងថា​ ៖ «​កាលពី​រដូវ​កាល​មុន Privat បាន​ទាត់​ចូល​ក្រុម​យើង៤​គ្រាប់ ហើយ​បង្កើត​ឱកាស​ចំនួន៣​លើក ​ដល់​មិត្ត​រួម​ក្រុម​(​អាស៊ី​អឺរ៉ុប​)​។

អីចឹង ​យើង​ពិតជា​រីករាយ​ក្នុងការ​នាំយក​រូបគេ​មក​ចូលរួម​ជាមួយ​ក្រុម​យើង ព្រោះ​គេ​មិន​ត្រឹមតែ​មាន​គុណ​បញ្ចប់​ទី​ល្អ​នោះទេ Privat ក៏មាន​ល្បឿន​លឿន​ដែរ ដែល​អាច​បង្ក​គ្រោះថ្នាក់ និង​ក្ដីបារម្ភ​ដល់​គូ​ប្រជែង ហើយ​វា​ក៏​ជា​រឿង​ចំណេញ​សម្រាប់​យើង​ដែរ​»​។

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បាន​ល្អ​នោះទេ ​ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៨ ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់ ​សម្ដេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំកន្លងមក​។ យ៉ាងណា​នៅ​រដូវ​កាល​ឆ្នាំ​២០១៩​ ខាងមុខ​ក្លិប​ បានរៀបចំ​ស្រួលបួល​ជា​បណ្តើរៗ​ហើយ​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្ដោះអាសន្ន​ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន វិញ​ ក្រុម​នេះ​ បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu