ក្រចេះ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរថ្មី ខិតខំពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសការផ្តល់នូវគ្រឿងឥស្សរិយយស និងកាំប្រាក់បៀវត្សរ៍ជាដើម។
លោករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្តក្រចេះ ក្នុងពិធី ប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្មី ដោយមានការ ចូលរួមពីសំណាក់ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សរុបប្រមាណ៣០០នាក់។
មានមតិនៅក្នុងពិធីនេះ លោកអភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងនូវស្ថានភាពទូទៅក្នុងមូលដ្ឋានខេត្ត និងដំណើរការ នៃការអភិវឌ្ឍវិស័យសំខាន់ៗជាអាទិភាពរួមមាន វិស័យអប់រំ កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អគ្គិសនី និងទេសចរណ៍។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវពង្រឹងការអនុវត្តច្បាប់ មានទំនាក់ទំនង និងសហការឲ្យបានល្អជាមួយអាជ្ញាធរគ្រប់លំដាប់ល្អ ធ្វើការឲ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ពង្រឹងសាមគ្គីភាពក្នុងមន្ទីរ និងធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានមានមតិសំណេះសំណាលទៅកាន់អង្គពិធី និងបានផ្ដាំផ្ញើនូវបណ្ដាំសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរចំពោះ លោកប្រធានមន្ទីរ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងសម្រេចបាននូវលទ្ធផលល្អ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា ស្ថិតក្នុងដំណាក់កាល នៃការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ វិស័យកសិកម្ម កំពុងស្ថិតក្នុងដំណាក់ប្រឈម ដែលទាមទារឲ្យមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើន ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិដែលមានឧត្តមភាពប្រកួតប្រជែង គុណភាពខ្ពស់ និងទាន់ពេលវេលា ដូច្នេះមន្ត្រីរាជការទាំងថ្នាក់កណ្តាល និងទាំងថ្នាក់ខេត្ត ត្រូវរួមគ្នាគិតក្នុងការកៀរគរធនធាន ដើម្បីជំរុញការអភិវឌ្ឍ ឲ្យស្របទៅការវិវឌ្ឍន៍ នៃសេដ្ឋកិច្ច។
ទន្ទឹងនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញ និងផ្សព្វផ្សាយដល់ប្រជាកសិករក្នុងការដាំដុះដំណាំដែលឆ្លើយតបទៅនឹងទីផ្សារ និងមានតម្លៃខ្ពស់សមស្របទៅនឹងការកើនឡើង នៃសេដ្ឋកិច្ច ដូច្នេះ លោកប្រធានមន្ទីរ ទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ពីកិច្ចការនេះ។
លោករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្ដាំផ្ញើដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់ ត្រូវចេះផ្សារភ្ជាប់រវាងវិស័យឯកជន ដែលជាអ្នកគ្រប់គ្រងទីផ្សារ ជាមួយកសិករដែលជាអ្នកផលិត ដើម្បីជ្រើសរើសប្រភេទដំណាំដែលមានតម្រូវការ ដើម្បីធ្វើផែនការដាំដុះច្បាស់លាស់ និងជៀសវាងបាននូវការឡើងចុះ នៃតម្លៃ ម្យ៉ាងទៀតត្រូវកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ក្នុងការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធដល់ខ្សែច្រវាក់ នៃការផលិត និងវេចខ្ចប់ ក្រោយប្រមូលផល។
មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ ខិតខំពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសការផ្តល់នូវគ្រឿងឥស្សរិយយស និងកាំប្រាក់បៀវត្សរ៍ជាដើម៕
Source: Kampuchea Thmey Daily
0 Comments