Ad Code

ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​ប្រតិកម្ម​លើ​ករណី​គេ​រិះគន់​ខ្លួន​ នា​ថ្ងៃ​បូជាសព ខេមរៈ ស្រី​ពៅ



ភ្នំពេញ​ ៖ ​តារា​សម្ដែង ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ផ្ទុះ​ប្រតិកម្ម​ និង​ធ្វើការ Live វីដេអូ ​បញ្ជាក់​លើ​ករណី​ ដែលមាន​បុគ្គល​មួយចំនួន​ធ្វើការ​រិះគន់​ខ្លួន ​អំឡុង​ពេល​ជិះ​ម៉ូតូឌុប​ចូលរួម​ពិធី​ដង្ហែ​សព​ កញ្ញា​ ខេមរៈ ស្រី​ពៅ ​ទៅ​បូជា​កាលពី​រសៀល​ថ្ងៃទី​២៨​ ខែមករា ឆ្នាំ​២០១៩​ នៅ​វត្ត​សំរោង​អណ្តែត​។​

ការផ្ទុះ​ប្រតិកម្ម​របស់​តារា​ស្រី ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នាពេលនេះ​ បានធ្វើ​ឡើង​ភ្លាមៗ ​បន្ទាប់ពី​មាន​ការ​រិះគន់​ថា ​ការ​ជិះ​ម៉ូតូឌុប​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​របស់​ កញ្ញា ​ខេមរៈ ស្រី​ពៅ ត្រឹម​ជា​ការ​សម្តែង ​និង​ហេតុផល​មួយទៀត​ គឺ​នាង​ខ្ជិល​ដើរ​តែប៉ុណ្ណោះ​។ ​ប៉ុន្តែ​ករណីនេះ ​ត្រូវបាន​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ចាត់ទុកថា​បុគ្គល​ដែល​និយាយ​នោះ ​ជា​ម​នុស្ស​គ្មាន​ការ​គិត​ និង​ពិចារណា​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​ភ្ជាប់​ជាមួយ​សារ​រិះគន់​នោះ​ថា​ តាម​ចិត្ត​ គឺ​ចង់​បកស្រាយ​ជូន​លោក​អ្នកនាង​ខួរ​អគតិ​ និយាយ​ដោយ​មិន​អាន​អក្សរ​ពី​សាច់រឿង និង អត្ថបទ ​នៃ​ការ​សរសេរ​ចុះ​ផ្សាយ ​តែ​សូម​មិន​និយាយ​ទុក​ឲ្យ​មនុស្ស​ទាំងនោះ​បន្ត​ភាព​ងងឹត​ និង​ងងើល​ពោរពេញ​ដោយ​ភាព​ឈ្នានីស​ទៀត​ចុះ។

តារា​ស្រី​ចាស់​វស្សា ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​និយាយ​ទៀត​ថា​ ព័ត៌មាន​ទុក្ខសោក​ហែ​សព​ ក៏​នាំគ្នា​ទើស​ជ្រេញ​វាយប្រហារ​ដែរ។​ ទំនេរ​ខ្ញុំ​Live​ បកស្រាយ​ជូន​ពួក​ជ្រេញ​ទាំងឡាយ​។ ​បន្ថែម​ពីលើ​នេះ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ បាន​លើកឡើងថា​ អ្វីដែល​នាង​បាន​ធ្វើឡើង​នោះ ​គឺ​កើតចេញពី​ទឹក​ចិត្ត​ស្រលាញ់​រាប់អាន​រវាង​ខ្លួន​ និង​ក្រុមគ្រួសារ ​លោក ខេមរៈ សិរីមន្ត​។ ម្យ៉ាងទៀត​ពេលវេលា​នោះ (​បុណ្យសព​) គឺ​នាង​បានដឹង​ច្បាស់​ថា ​ក្នុង​នាមខ្លួន​ជា​អ្នក​រាប់អាន​គ្នា​ជាមួយ​ក្រុម​គ្រួសារ ស្រី​ពៅ និង​ជា​ប្រធាន​សមាគម ​ត្រូវមាន​តួនាទី​ ឬ​ភារកិច្ច​ជួយ​ចាត់ចែង​បុណ្យសព​។​

តារា​ស្រី ​អ្នកនាង​ ច​ន ច័ន្ទ​លក្ខណា​ បាន​និយាយទៀតថា ចាប់តាំងពី​ពេល​ត្រូវ​ទៅ​ទទួល​សព​នៅ​ឯ​ព្រលានយន្តហោះ​ និង​ថ្ងៃ​ នៃ​ពិធីបុណ្យ​រហូត​ពេល​យក​សព​ស្រី​ពៅ ​ទៅ​បូជា ​គឺ​នាង​ និង​ក្រុម​គ្រួសារ​លោក ខេមរៈ សិរីមន្ត គឺមាន​ការទាក់ទង​គ្នា​ជាប្រចាំ​។ ​ដូច្នេះហើយ​ រាល់​កិច្ចការ​ទាំងអស់​ គឺ​ខ្លួន​បាន​ដឹង​ និង​រៀបចំ​ចាត់ចែង​តាម​គម្រោង រីឯ​រឿង​ថា​ជិះ​ម៉ូតូឌុប​ ព្រោះ​ខ្លាច​យឺត​ពេល​ហើយ​គ្រាន់តែ​ជា​ការ​សម្តែង​នោះ​ គឺ​គ្មាន​ការពិត​នោះ​ឡើយ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu