Ad Code

ដាក់​ថ្នាំ​សណ្ដំ​ម្ចាស់​ផ្ទះសំណាក់ យក​លុយ​កាក់ និង​ទ្រព្យសម្បត្តិ​ អស់​ក្រែល



​បាត់ដំបង ៖ លុយកាក់ និង​ទ្រព្យសម្បត្តិ​មួយចំនួន ដែលជា​របស់​ម្ចាស់​ផ្ទះសំណាក់ យីហោ សោរ យឹម ត្រូវបាន​ជន​មិន​ស្គាល់មុខ​លួច​យក​ ហើយ​គេចខ្លួន​ចេញទៅ​បាត់អស់ តាមរយៈ ​នៃ​ការ​បបួលគ្នា​ផឹក​ស្រា​បៀ ដោយ​ជនសង្ស័យ​បាន​លបលួច​ដាក់​ថ្នាំ​សណ្តំ​ចូលក្នុង​ស្រា​បៀ​នោះ។​

​ហេតុការណ៍​ដ៏​កម្រ​មួយ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង៩​និង ៣០​នាទី​យប់ ត្រង់ចំណុចភូមិ​ពោធិ១ ឃុំ​គារ ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ជា​ស្ត្រី ​មាន​គ្នា​២​នាក់ បានធ្វើ​សកម្មភាព​បបួល​ជនរងគ្រោះ​ ឈ្មោះ សោរ យឹម ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ( ជា​ម្ចាស់​ផ្ទះសំណាក់ យីហោ​សោរ​ យឹម ) ផឹកស្រា​បៀ​ABC ជាមួយគ្នា។​

​លុះ​ការ​ផឹកស៊ី និង ជជែក​គ្នា​លេង​បានតែ​បន្តិច ជនរងគ្រោះ​ក៏បាន​ដួលសន្លប់​លែង​ដឹងខ្លួន រួច​ជន​សង្ស័យ បាននាំគ្នា​លួច​យក​ទ្រព្យសម្បត្តិ​មួយចំនួន​ក្នុងនោះ​មាន លុយ​ខ្មែរ​ចំនួន​៦០០.០០០​រៀល ខ្សែក​ប្លាទីន១ខ្សែ ទម្ងន់២តម្លឹង បន្តោង​មាស​ទម្ងន់៥ជី ទូរស័ព្ទ​អាយ​ហ្វូ​ន​X ១គ្រឿង នាឡិកាដៃ២ គ្រឿង។

​ក្រោយពី​បាន​សិក្សា​ទៅលើ​ករណីនេះ តាមរយៈ​ការងារ​ជំនាញ​រួចមក នៅ​ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ​២០១៩ កម្លាំងស្នងការដ្ឋាន​នគ​របាល​ខេត្ត​បាត់ដំបង បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៣នាក់។​

ជនទាំងនេះ​មាន ១-ឈ្មោះ ជា ចិន្តា ភេទ​ស្រី អាយុ៥៤ឆ្នាំ ,២. ឈ្មោះ ឡុង ស្រី​យ៉ា ភេទ​ស្រី អាយុ ១៦​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ,និង​ឈ្មោះ ឆេង សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តា​សិត ឃុំ​ពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដោយ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង គឺ ទូរស័ព្ទ​ដៃ​១​គ្រឿង និង នាឡិកាដៃ ចំនួន​២​គ្រឿង ហើយ​ពួកគេ​បាន​សារភាព​ថា​ ថ្នាំ​សណ្តំ​ដែល​ពួកគេ​បានដាក់​លាយ​នៅក្នុង​ស្រា​បៀ​នោះ គឺជា​ប្រភេទ​ថ្នាំ​ងងុយ​ដេក​តែប៉ុណ្ណោះ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងអស់ ត្រូវបាន​កម្លាំង​ជំនាញ​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​វិញ​ហើយ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ទៅកាន់​សាលាដំបូង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu