Ad Code

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ខេត្ត​សៀមរាប​



សៀមរាប ៖​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង ទេសចរណ៍​ចិន វាយតម្លៃ​ខ្ពស់ ចំពោះ​សក្តានុពល​ទេសចរណ៍​វប្បធម៌​-​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា និង​ថា បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា លើ​វិស័យ​វប្បធម៌ និង ទេសចរណ៍ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត។

គោលដៅ​សំខាន់ៗ នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌​ប្រវត្តិសាស្ត្រ​-​អង្គរ របស់​ឯកឧត្តម ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ទេសចរណ៍ នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ រួមមាន ការ​ទស្សនា​ព្រះអាទិត្យ​រះ​នៅ​ប្រាសាទអង្គរវត្ត ទស្សនា​ប្រាសាទបាយ័ន ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និង​ទស្សនា​ព្រះអាទិត្យ​រៀប​លិច លើ​ខ្នងភ្នំ​នៃ​ប្រាសាទ​បាខែង។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ពេញ​មួយថ្ងៃ​នេះ ឯកឧត្តម ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ទេសចរណ៍ នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ចំណាប់អារម្មណ៍​ដោយ​ក្តី​មោទនភាព ចំពោះ​ឱកាស​ដ៏​មានតម្លៃ​នៃ​វត្តមាន​របស់​ឯកឧត្តម ថា​ ជា ភ័ព្វសំណាង​មួយ នៅលើ​ដែនដី​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ។

លោក​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន មានប្រសាសន៍ថា ប្រាង្គ​ប្រាសាទ​កេរ​មរតក​ដូនតា​ខ្មែរ គឺ​ពិតជា​ស្ថាបត្យកម្ម​ដ៏​កំពូល​នៃ​មនុស្សជាតិ ហើយ​ដែល​បច្ចុប្បន្ននេះ​ត្រូវបាន​ក្លាយជា​សក្តានុពល​ទេសចរណ៍វប្បធម៌​-​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា ដែល​ត្រូវបាន​ពិភពលោក​សម្លឹង​មើលឃើញ និង​ជួយ​ជ្រោមជ្រែង ឧបត្ថម្ភ​គាំពារ ថែរក្សា និង ជួសជុល ដែល​ក្នុងនោះ​ភាគី​ចិន​ក៏មាន​ចំណែក​ចូលរួម​ផងដែរ ដូចជា​បានសម្រេច​ការជួសជុល​ប្រាសាទចៅសាយទេវតា និង ប្រាសាទតាកែវ ហើយ​ដែល​បច្ចុប្បន្ន ក៏​កំពុង​បន្ត​កិច្ចសហប្រតិបត្តិការ ដំណើរការ​ជួសជុល​ប្រាសាទភិមានអាកាស។​

លោក គូសបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ៖ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​កម្ពុជា ពិសេស​ការ​ទស្សនា​ផ្ទាល់​ប្រាង្គ​ប្រាសាទ​មួយចំនួន​នៅក្នុង​តំបន់​នៃ​ឧទ្យាន​អង្គរ​(​បេតិកភណ្ឌ​ពិភពលោក​) គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​ចិន​លើ​វិស័យ​វប្បធម៌​និង​ទេសចរណ៍ ក្នុងនោះ​ក៏មាន​បំណង​សិក្សា​ស្វែងយល់​អំពី​បទពិសោធន៍​ផងដែរ លើ​ការងារ​ថែទាំ ជួសជុល​ប្រាសាទ និង​ទទួលយក​សំណូមពរ​ចាំបាច់​នានា​នៃ​ភាគី​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​សំណើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។​

លោ​កឡ ស៊ូ​កាង មានប្រសាសន៍ថា ៖ ភាគី​ចិន ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបន្ត ផ្តល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​កម្ពុជា។ ពីមុន ថ្ងៃនេះ និង​សម្រាប់​ថ្ងៃ​អនាគត កម្ពុជា​គឺជា​ដៃគូ​ដ៏​ល្អ និង​ជា​អមតៈ​របស់​ប្រជាជន និង រដ្ឋាភិបាល​ចិន ក្រោម​ការគាំទ្រ​គ្នា​ទៅវិញទៅមក​គ្រប់​កាលៈទេសៈ។ សម្រាប់​ឆ្នាំ​២០១៩​នេះ គឺជា​ការប្តេជ្ញាចិត្ត​ចំពោះមុខ​របស់​ភាគី​ចិន ក្នុងការ​ជំរុញ​ឲ្យ​អ្នកទេសចរ​ចិន ចូល​មក​ទស្សនា​កម្ពុជា ឲ្យ​បាន​ច្រើនជាង​ឆ្នាំ​២០១៨​កន្លងមក និង​បន្ត​កំណើន​បន្ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខ ។​

លោក​រំលឹកថា ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កន្លងមក​ថ្មីៗ​នេះ ក៏បាន​ពិភាក្សា​ឯកភាព​គ្នា​ផងដែរ អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង ទេសចរណ៍។ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩​​ នឹងមាន​ប្រារព្ធ ទិវា ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌ ចិន​-​កម្ពុជា ជា​លើកដំបូង នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu