Ad Code

ក្រសួង​ប្រៃសណីយ៍​ រៀបចំ​កម្មវិធី​ស្វែងរក​ស្ត្រី​ឆ្នើម ក្នុង​វិស័យ​បច្ចេកវិទ្យា ប្រចាំឆ្នាំ​២០១៩



ភ្នំពេញ​ ៖​ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​រៀបចំ​កម្មវិធី​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជា​លើក​ទី​២ ​នៅ​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៩​ខាងមុខនេះ​ដើម្បី​លើក​កិត្តិយស និង​ទទួលស្គាល់​នូវ​ស្នាដៃ​របស់​ស្ត្រី​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នាពេល​កន្លងមក ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។

ជាមួយគ្នា​នេះដែរ​ ដើម្បី​បើកឱកាស​ដល់​សាធារណជន​ទូទៅ ស្នើ​បេក្ខភាព​ស្ត្រី​គ្រប់រូប ដែល​ខ្លួន​ទទួលស្គាល់​ថា ជា​ស្ត្រី​គំរូ ក៏ដូចជា​ស្ត្រី​ឆ្នើម ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​២០១៩​ ឬ​ បេក្ខនារី​ក៏​អាច​ស្នើ​បេក្ខភាព​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​នេះ និង​ជំរុញ​ការចូលរួម​របស់​ស្ត្រី​ផ្សេងទៀត ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ជ្រើសរើស​សម្រិតសម្រាំង​បេ​ក្ខ​នារី​ទាំងនោះ ដើម្បី​ផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​ស្ត្រី​ឆ្នើម ក្នុង​កម្មវិធី​តាំង​បង្ហាញ​បច្ចេកវិទ្យា​ដ៏​ធំ​ដំបូងបង្អស់​មួយ​នៅ​កម្ពុជា «Digital Cambodia» ។

កម្មវិធី​សម្រាប់​ឆ្នាំនេះ បាន​ផ្តោតលើ​ប្រធានបទ «​ស្ត្រី​កម្ពុជា​សម្រាប់​ការផ្លាស់ប្តូរ​ទៅជា​ឌីជីថល​» ដែល​ក្រសួង​ប្រកាស​រក​បេក្ខភាព​ជា​ស្ត្រី ចាប់ពី​ថ្ងៃទី​២៥ ខែមករា រហូតដល់​ថ្ងៃទី​២៥ ខែកុម្ភ​: ឆ្នាំ​២០១៩ មក​ធ្វើការ​ជ្រើសរើស ហើយ​និង​វាយតម្លៃ​រក​ស្ត្រី​ឆ្នើម​លេចធ្លោរ ដែលមាន​គុណសម្បត្តិ​គ្រប់គ្រាន់​ជ័យលាភី​ចំនួន​០៥​រូប ដើម្បី​ផ្តល់​កិត្តិយស​ទទួល​ពានរង្វាន់​ស្ត្រី​ឆ្នើម ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៩ ខាងមុខ​។

ស្ត្រី​ឆ្នើម​នៅ​កម្ពុជា​ទាំង​០៥ ប្រភេទ ដែល​ត្រូវ​បាន​ជ្រើសរើស​ត្រូវតែ​ជា​ក្រុម​ស្ត្រី​កម្ពុជា ដែលមាន​សក្តានុពល​ក្នុង​ផ្នែក​បច្ចេកវិទ្យា មាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ ព្រមទាំង​បាន​ប្រើប្រាស់​នូវ​ជំនាញ​របស់ខ្លួន ដើម្បី​បម្រើការ​ក្នុង​ស្ថាប័ន​របស់ខ្លួន ក៏ដូចជា​នៅក្នុង​សហគមន៍​របស់ខ្លួន រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។ ក្រៅពីនេះ ពួកគាត់​ក៏ត្រូវ​តែ​ជា​ស្ត្រី​កម្ពុជា ដែល​បាន​លះបង់​នូវ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​របស់ខ្លួន​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការចូលរួម​ស្វែងរក​ដំណោះស្រាយ​ផ្នែក​ណាមួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា សម្រាប់​យកមក​បម្រើ​ផលប្រយោជន៍​ក្នុងសង្គម​កម្ពុជា​ជារួម​ផងដែរ​។

លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​មូលនិធិ ស​.​អ​. បាន​លើកឡើងថា ការរៀបចំ​កម្មវិធី​នេះ​គឺ​ដើម្បី​កៀរគរ ការចូលរួម​ពី​គ្រប់​តួអង្គ ដើម្បី​សម្រេច​នូវ​គោលដៅ​ផ្លាស់ប្តូរ​ទៅជា​ឌីជីថល និង​គោលដៅ​យុទ្ធសាស្ត្រ​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​ឆ្នាំ​២០២០ ហើយក៏​សូម​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ចូលរួម​កាន់តែ​ច្រើនឡើង​ផងដែរ​។

​លោក​បាន​បន្តថា ​បច្ចុប្បន្ន ស្ត្រី​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ស្ត្រី​ភាគច្រើន​ជា​អាជីវករ អភិបាល​ក្រុមហ៊ុន​ខ្នាតតូច​និង​មធ្យម​ហើយ​ក្នុងការ​ជំរុញ Tech Start Up និង​នវានុវត្តន៍​នាពេល​កន្លងមក យើង​សង្កេតឃើញ​មាន​ស្ត្រី​ចូលរួម​ច្រើន​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​ឆ្នាំ​។

ចំណែក​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ ស​.​អ​. បាន​ឲ្យ​ដឹង​ថា «​ការផ្លាស់ប្តូរ​ទៅជា​ឌីជីថល (Digital Transformation) គឺជា​របត់​នៃ​ការប្រែប្រួល​ក្នុង​យុគសម័យ​ឌីជីថល​នេះ ដែល​បច្ចេកវិទ្យា​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ ឬ​ឧបករណ៍ ដើម្បី​ផ្លាស់ប្តូរ​របៀប​របរ​ការងារ ការ​ធ្វើ​អាជីវកម្ម និង​ការគ្រប់គ្រង​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព កំណើន​ផលចំណេញ និង​ពង្រីក​ឱកាស​ផ្សេងៗ​ទៀត ដើម្បី​អាច​អភិវឌ្ឍន៍​ប្រទេស​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ យើង​គ្រប់គ្នា​ត្រូវ​ចូលរួម​ជំរុញ និង​ត្រៀមខ្លួន​សម្រាប់​ការផ្លាស់ប្តូរ​ទៅជា​ឌីជីថល ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ផងដែរ​»​។​

សូម​បញ្ជាក់​ថា កម្មវិធី​ឆ្នាំ​២០១៩​នេះ មាន​ពានរង្វាន់​រហូត​ដល់​០៥​ប្រភេទ គឺ​សហគ្រិន​ឆ្នើម​ស្ត្រី​ក្នុង​បច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award), វិស្វករ​ស្ត្រី​ជោគជ័យ​ក្នុង​ជំនាញ ប​.​គ​.​ព (Cambodian Woman ICT Engineer Award), ស្ត្រី​ដែល​បាន​ចូលរួម​ជំរុញ​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​សង្គម ឬ​សហគមន៍ (Cambodian Woman ICT For Community Award), ស្ត្រី​ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត (Creative Digital Content Award) និង​ចុងក្រោយ​គឺ ពន្លក​ថ្មី​( Girl Innovator )៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu