Ad Code

នាវាចម្បាំង​កងទ័ពជើងទឹក​ចិន​ចំនួន​៣​គ្រឿង​ ចូល​ចត​កំពង់ផែ​អន្តរជាតិ ​ក្រុង​ព្រះសីហនុ



ព្រះសីហនុ​ ៖​ នាវាចម្បាំង​កងទ័ពជើងទឹក​ចិន​ចំនួន​៣​គ្រឿង​ បាន​ចូល​ចត​ដោយ​សុវត្ថិភាព នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១២​ ខែ​មករា ឆ្នាំ​២០១៩។​

ក្នុង​ឱកាស​ នៃ​ការចូល​ចត​នេះ​ដែរ​ ក៏មាន​ការ​ទទួល​ស្វាគមន៍​ពី​នាយ នាយរង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ដឹកនាំ​ដោយ​លោក​ឧត្ដមនាវីទោ រស់ វាសនា មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ។

មន្ត្រី​កងទ័ពជើងទឹក​មាន​ឲ្យ​ដឹងថា នាវា​ទី​១.ឈ្មោះ PLANS WUHU (F.F.G-539) បណ្ដោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ ទម្ងន់​ផ្ទុក​៤.១០០​តោន ដឹកនាំ​ដោយ​លោក​វរនាវីឯក YANG KAI ។ នាវា​ទី​២.ឈ្មោះ PLANS HANDAN (F.FG-579) បណ្ដោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ ទម្ងន់​ផ្ទុក​4,100​តោន ដឹកនាំ​ដោយ​លោក​វរ​នា​វី​ទោ ZHAO SHU QIAN។ និង​នាវា​ទី​៣.​ឈ្មោះ PLANS DONG PINGKAJE ( AOR 960) បណ្ដោយ​១៧៩​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ ជម្រៅ​ទឹក 10​ម៉ែត្រ ទម្ងន់​ផ្ទុក 20,500​តោន ដឹកនាំ​ដោយ​លោក​វរ​នា​វី​ទោ ZHOU XIAOHUI។​

នាវា​ទាំង​០៣​គ្រឿង ដឹកនាំ​ដោយ​ឯកឧត្ដម ឧត្ដមនាវី​ទោ XU HAIHUA នាយសេនាធិការ​រង នៃ​កង​នាវា​សមុទ្រ​ខាងជើង ដែល​មាន​នា​វឹក​សរុប​ចំនួន​៦៩៥​នាក់។​

លោក​ឧត្ដមនាវី​ទោ រស់ វាសនា បាន​មាន​ប្រសាសន៍​ថា វត្ត​មាន​របស់​គណៈ​ប្រតិភូ​កងទ័ពជើងទឹក​ចិន​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​នៅ​ពេល​នេះ គោលបំណង​ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កង​ទ័ព​ជើង​ទឹក​ប្រទេស​ទាំងពីរ ពិសេស​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ថែម​ទៀតផង។

ក្នុងនាម​មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម និង​សហការ​ការពារ​សន្តិសុខ​ ការ​ស្នាក់​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ ទទួល​បាន​សន្តិសុខ សុវត្ថិភាព ជូន​ដល់​នាវិក​ក្នុង​ដំណើរ​កម្សាន្ត​នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ ក៏​ដូចជា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព។

ឯកឧត្ដម ឧត្ដមនាវី​ទោ XU HAIHUA នាយសេនាធិការ​រង នៃ​កង​នាវា​សមុទ្រ​ខាងជើង បាន​ថ្លែង​អំណរគុណ​ចំពោះ​កងទ័ពជើងទឹក​កម្ពុជា អាជ្ញាធរ​ខេត្ត និង​ប្រជាជន​ខេត្ត​ព្រះសីហនុ ដែល​បាន​ទទួល​ស្វាគមន៍​ការ​ចូល​ចត​របស់​នាវា​កងទ័ព​រំដោះ​ប្រជាជន​ចិន នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​ពង្រឹង​ពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ព​ជើង​ទឹក ​នៃ​ប្រទេស​ទាំងពីរ​ចិន កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ ព្រមទាំង​បាន​ស្វែងយល់​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​វិស័យ​យោធា​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ការ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ប្រជាជន​ទាំងពីរ​កាន់​តែ​ស្និទ្ធស្នាល​ថែមទៀត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu