Ad Code

ព្រឹក​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចាប់ផ្ដើម​បន្ត​ជួប​ជាមួយ​កម្មករ​និយោជិត​ជិត​២​ម៉ឺន​នាក់​ នៅ​ខេត្ត​តាកែវ​



​ភ្នំពេញ ​៖​ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ នេះ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បន្ត​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី សម្រាប់​ឆ្នាំ​២០១៩ ដូច​អ្វីដែល​សម្ដេច​ធ្លាប់​បាន​សន្យា​ថា ​នឹង​ជួប​ជាមួយ​បងប្អូន កម្មករ កម្មការិនី និយោជិត ឲ្យ​អស់​នៅ​ទូទាំងប្រទេស​។

ក្នុង​ឆ្នាំ​២០១៨ កន្លងទៅ ​សម្ដេច​បាន​ជួប​ជាមួយ​កម្មករ កម្មការិនី ចំនួន​៣៦​លើក ដោយមាន​កម្មករ​-​កម្មការិនី​ និង​និយោជិត​ចូលរួម​សរុប​ប្រមាណ​៥៩៦.១១៩​នាក់ មាននៅ​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​តាកែវ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង និង ក្រុងព្រះសីហនុ​។​

សម្រាប់​ថ្ងៃទី​៩​មករា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បានចាប់ផ្តើម​សម្រាប់​ឆ្នាំ​ថ្មី​ដោយ​ជួប​កម្មករ​-​កម្មការិនី​សរុប​ប្រមាណ​១៨.២៧៣​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១២​នៅក្នុង​ខេត្តតាកែវ​។​ជំនួប​នេះ​ធ្វើឡើង​នៅក្នុង​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។

យោងតាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជាក់​រោងចក្រ សហគ្រាស​ទាំង​១២​នេះ មកពី​រោងចក្រ សហគ្រាស ក្នុងស្រុក​ចំនួន​៣​រួមមាន ​៖ ស្រុក​សំរោង ស្រុក​បាទី និង​ស្រុក​ត្រាំកក់ ខេត្តតាកែវ។ រោងចក្រ​សហគ្រាស​ទាំង​នោះ​មាន​រោងចក្រ កាត់ដេរ​សំលៀកបំពាក់​ចំនួន​៥, ផលិត​ស្បែកជើង​ចំនួន៤, ផលិត​កាបូប​ចំនួន១, ផលិត​គ្រឿងបន្លាស់​បន្សំ​សម្រាប់​ទូរស័ព្ទ​ចល័ត​ចំនួន​១ និង​ផលិត​សក់​សិប្បនិម្មិត​ចំនួន​១​។ ផលិតផល​ទាំងនេះ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។

គួរ​ជម្រាបជូន​ថា ខេត្តតាកែវ​មាន​សហគ្រាស គ្រឹះស្ថាន រោងចក្រ សរុប១៦៤ មាន​កម្មករនិយោជិត ៤៨.១៦៨​នាក់ ទទួលបាន​ប្រាក់​ឈ្នួល​សរុប១៦៣លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ ក្នុងនោះ​រោងចក្រ​កាត់​ដេរ​សំលៀកបំពាក់ ​និង​ផលិត​ស្បែក​ជើង​មាន​ចំនួន​៥១ មាន​កម្មករ និយោជិត​ចំនួន​៣៩.៩៤៣​នាក់ ដែល​មាន​ប្រាក់​ឈ្នួល​សរុប​ជិត​១៣៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ នេះ​ជា​ជោគជ័យ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ​,​ការ​ពង្រាយ​រោងចក្រ​ទៅតាម​បណ្តា​ខេត្ត​, គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ​ និង​ការងារ​, គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

វិស័យ​ឧស្សាហកម្ម ​ជា​វិស័យ​ដ៏​ចម្បង​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ ជាពិសេស​បាន​រួម​ចំណែក​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​យ៉ាងច្រើន និង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ​បាន​ល្អ​ប្រសើរ​ផងដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បើក​យុទ្ធនាការ​ចុះ​ជួប​ជាមួយ​កម្មករ​-​កម្មការិនី នៅ​តាម​បណ្តា​រោងចក្រ​ តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​។ ​គិត​មកដល់​ត្រឹម​ថ្ងៃទី​០៩​ ខែមករា ​ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ជាមួយ​កម្មករ​-​កម្មការិនី ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម សរុប​៦២​លើក មាន​កម្មករ​-​កម្មការិនី​ចូលរួម​សរុប​៨៩៤.៧៤៧​នាក់។

សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​២០១៨ កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​-​កម្មការិនី​សរុប​ចំនួន​៣៦​លើក មាន​កម្មករ​-​កម្មការិនី​ចូលរួម​សរុប​ប្រមាណ ៥៩៦.១១៩​នាក់​។​

តាមរយៈ​ដំណើរ​ចុះ​ជួប​ជា​បន្តបន្ទាប់​នោះ មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ពាក់ព័ន្ធ​ការចំណាយ​របស់​កម្មក​រ​ត្រូវបាន​ដោះស្រាយ ហើយ​អត្ថប្រយោជន៍​ជាច្រើន​ពាក់ព័ន្ធ​ប្រាក់ចំណូល បញ្ហា​សុខភាព និង សុវត្ថិភាព​ការងារ​ត្រូវបាន​យកចិត្តទុកដាក់។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ដាក់ចេញ​នូវ​អនុសាសន៍១០ចំណុច ដើម្បី​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ក៏ដូចជា​រោងចក្រ សហគ្រាស អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​កម្មករ និយោជិត​។

អនុសាសន៍​ទាំង​១០ របស់​សម្ដេច​តេ​ជោ រួមមាន ៖
ទី​១-​ត្រូវ​អនុវត្ត​បើកប្រាក់​ខែ​អប្បបរមា​ដល់ក​ម្មករ​កាត់ដេរ ចាប់ពី​ខែ​មករា ឆ្នាំ​២០១៩ គឺ​១៨២​ដុល្លារ បើ​ក្រុមហ៊ុន​ផ្តល់ជូន​កម្មករ​លើស​នេះ គឺ​រឹតតែ​ល្អ​ប្រសើរ​។
​ទី​២-​ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទីរ​ពេទ្យ​រដ្ឋ​ចំពោះ​ការពិនិត្យ​សុខភាព និង ការ​ព្យាបាល​កម្មករ​-​កម្មការិនី​រោងចក្រ​រួមទាំង​កីឡាករ កីឡាការិនី ក្រុមប្រឹក្សា​ភូមិ​ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ ត្រូវធ្វើ​ឲ្យ​បាន​ម៉ត់ចត់​។​
​ទី​៣-​ត្រូវអនុវត្ត​ចំពោះ​ស្ត្រី​កម្មករ​កាត់ដេរ​ដែលមាន​ផ្ទៃពោះ​សម្រាលកូន​ គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក​ពី​ការងារ​រយៈពេល​៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ​១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ ត្រូវ​តាមដាន​ការងារ​ឲ្យ​បាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្មភាព​នេះ​។​
​ទី​៤-​ត្រូវ​អនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បានកូន​ម្នាក់​ គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល​ និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ។ បើ​សម្រាល​បានកូន​ភ្លោះ​២​នាក់ គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។​ បើ​សម្រាល​បាន​កូន​ភ្លោះ​៣​នាក់ ​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពី​សម្ដេច​តេ​ជោ។
​ទី​៥-​និយោជក​បាន​អនុវត្ត​កាតព្វកិច្ច​បង់​ភាគទាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​១០០​ភាគ​រយ ជំនួស​កម្មករ និយោជិត​។​
​ទី​៦-​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​ថ្លៃឈ្នួល​ផ្ទះ ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី​នៅតាម​ផ្ទះជួល និង​កំពុង​បន្ត​ជំរុញ​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ និង​ទឹកស្អាត​នៅតាម​តំបន់​ផ្ទះជួល​របស់​កម្មករ​និយោជិត​។​
​ទី​៧-​រៀបចំ​ច្បាប់ ​ស្តីពី​របប​សន្តិសុខ​សង្គម​ដើម្បី​អនុវត្ត​ផ្នែក​សោធន​និវត្តន៍​សម្រាប់​កម្មករ និយោជិត និង​ផ្នែក​របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ​នៅ​ឆ្នាំ​២០១៩។
​ទី​៨-​អនុវត្ត​ច្បាប់ ​ស្តីពី​ការងារ​ ដើម្បី​កំណត់​ការបើកប្រាក់​ដំណាច់​អតីតភាព​ការងារ បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករនិយោជិត៦​ខែម្តង​។​
​ទី​៩-​បន្ត​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​បន្ត​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ក្នុង​ការ​ដឹកជញ្ជូន​ និង​ការ​ធ្វើដំណើរ​របស់​កម្ម​ករ​និយោជិត​ការរៀបចំ​កែសម្រួល​មធ្យោបាយ​ដឹកជញ្ជូន ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​
​ទី​១០-​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​ជា​ដៃគូ​រួមមាន ​៖ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហ​បុរី និង​ប្រទេស​មួយចំនួនទៀត ដើម្បី​ផ្តល់​ឱកាស​ការងារ​ជូន​ពលករ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលករ ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ទាំងនោះ បង្ក​លក្ខណៈ​សម្បត្តិ​ឲ្យ​ពួកគេ​ទទួល​បាន​របប​គាំពារ​សង្គម​ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​ត្រឡប់មកវិញ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu