Ad Code

រដ្ឋមន្ត្រី​អូស្ត្រាលី​បង្ហើប​ថា ក្មេង​ជំទង់​អារ៉ាប៊ីសាអ៊ូឌីត​ទំនងជា​ទទួល​បាន​សិទ្ធិ​ជ្រកកោន



ប្រទេស​អូស្ត្រាលី​បាន​បង្ហើប​នៅ​ថ្ងៃ​ពុធ​ថា ស្ត្រី​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល​កំពុង​ស្ថិតនៅក្នុង​ទីក្រុង​បាងកក​នឹងត្រូវ​បានផ្តល់​សិទ្ធិ​ជ្រកកោន​មនុស្សធម៌​បើទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​រី​យ៉ា​ដ​និង​ក្រុមគ្រួសារ​របស់​នាង​បង្ខំ​ឲ្យ​នាង​វិល​ត្រលប់​ទៅ​ស្រុកកំណើត​វិញ​ក៏ដោយ​។​

នាង Rahaf Mohammed al-Qunun បាន​រៀបរាប់​អំពី​ការប៉ុនប៉ង​របស់​នាង​ដើម្បី​គេចចេញ​ពី​គ្រួសារ​ដែលមាន​ការរំលោភ​បំពាន​ហើយ​ករណី​របស់​នាង​បាន​បង្ក​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាស​កល​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។​

ខណៈដែល​សម្ពាធ​ជា​សាធារណៈ​កាន់តែខ្លាំង​ឡើង​នោះ រដ្ឋមន្ត្រី​អូស្ត្រាលី​មួយរូប​បាន​លើកឡើងថា នឹង​ពិចារណា​លើ​ករណី​របស់​នាង​ប្រសិនបើ​និង​នៅពេលដែល​អ្នកជំនាញ​អង្គការសហប្រជាជាតិ​យល់ឃើញ​អំពី​ភាពភ័យខ្លាច​របស់​នាង​លើ​ការ​ធ្វើបាប​ដោយ​មិន​យុត្តិធម៌​។​

រដ្ឋមន្ត្រី​សុខាភិបាល​លោក Greg Hunt បាន​ប្រាប់​ទូរទស្សន៍ ABC ថា “​ប្រសិនបើ​នាង​ត្រូវបាន​រកឃើញថា​ជា​ជនភៀសខ្លួន​នោះ យើង​នឹង​ផ្តល់​ការពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​ទិដ្ឋាការ​មនុស្សធម៌​”​។​

លោក Hunt បាន​និយាយថា លោក​បាន​និយាយ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងអន្តោប្រវេសន៍​លោក David Coleman អំពី​ករណី​របស់​នាង Qunun កាលពី​យប់​ថ្ងៃ​អង្គារ​។​

ស្ត្រី​វ័យក្មេង​រូបនេះ​បាន​និយាយថា នាង​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ទៅកាន់​ប្រទេស​អូស្ត្រាលី​ប៉ុន្តែ​ត្រូវបាន​បញ្ឈប់​តាមផ្លូវ​ដោយ​មន្ត្រី​ថៃ​និង​អារ៉ាប៊ីសាអ៊ូឌីត​។​

ស្ថានភាព​របស់​នាង​ត្រូវបាន​គេ​យកចិត្តទុកដាក់​ជា​សាធារណៈ​នៅពេល​នាង​បាន​បង្ខាំង​ខ្លួនឯង​នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់​ព្រលាន​យន្ត​ក្រុង​ហោះ​បាងកក​ដើម្បី​ចៀសវាង​ការ​និរទេស​។​

ពីដំបូង​អាជ្ញាធរ​ថៃ​បាន​និយាយថា នាង Qunun នឹងត្រូវ​បញ្ជូន​ត្រលប់​ទៅវិញ​ប៉ុន្តែ​ពួកគេ​បាន​ប្តូរ​គំនិត​យ៉ាង​ឆាប់រហ័ស​នៅពេលដែល​រឿងនេះ​ត្រូវបាន​ចែករំលែក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

គួរ​បញ្ជាក់ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មានការ​ដាក់​កម្រិត​តឹងតែង​បំផុត​លើ​ស្ត្រី​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក​។ ការដាក់​កម្រិត​គឺ​រួមមាន​ទាំង​ប្រព័ន្ធ​អាណាព្យាបាល​ផងដែរ​ដែល​អនុញ្ញាត​ឲ្យ​សមាជិកគ្រួសារ​ជា​បុរស​ធ្វើការ​សម្រេចចិត្ត​ជំនួស​សាច់ញាតិ​របស់​ស្ត្រី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu