Ad Code

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ដាក់​ឱសានវាទ ឲ្យ​អ្នក​ដែល​រំលោភ​យក​ដី​បឹង​កប់​ស្រូវ​ ត្រូវ​រុះរើ ជា​កំហិត​ក្នុង​រយៈពេល​៧​ថ្ងៃ



ភ្នំពេញ ​៖​ ក្នុង​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​​ តាមរយៈ អាជ្ញាធរ មូលដ្ឋាន​ភូមិ សង្កាត់ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ បាន​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​សម្រាប់ ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ផ្ទៃ​បឹង​កប់​ស្រូវ​ឬ​បឹង​តា​មោគ និង​ប្រជាពលរដ្ឋ​១​ចំនួន​ទៀត​ដែលមាន​ចេតនា រំលោភ​ទន្ទ្រាន កាន់កាប់ លើ​ផ្ទៃ​បឹង​កប់​ស្រូវ ថែមទៀត​នោះ ​ត្រូវ​រុះរើ​បង្គោល​ដែល​បាន​ដាំ និង​រោង​ឬ​ផ្ទះ​ដែល​បាន​សាងសង់​លើ​ផ្ទៃ​បឹង​កប់​ស្រូវ នោះ​ចេញ​វិញ​ជាបន្ទាន់​។ អាជ្ញាធរ ខណ្ឌ​មិន​អនុញ្ញាត ឲ្យ​ដាក់​ស៊ង​ចិញ្ចឹម​ត្រី សាងសង់​រោង លំនៅដ្ឋាន ចាក់ដី​ចូល​ចំណី​របឹង និង​ធ្វើ​សកម្ម ភាព​គ្រប់​រូបភាព ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បឹង​កប់​ស្រូវ ដែលជា​បឹង​របស់​រដ្ឋ​ជាដាច់ខាត។



ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ខាងលើ ត្រូវអនុវត្ត​ដោយ​ដក​បង្គោល និង​រុះរើ​រោង​និង​ផ្ទះ ឲ្យ​អស់ពី​ផ្ទៃ​បឹង កប់​ស្រូវ ជា​កំហិត​ដោយ​ទុក​រយៈពេល​៧​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ។ ក្នុង ករណី ប្រជាពលរដ្ឋ​ណា​មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ​ទេ សាលាខណ្ឌ​នឹង​ចាត់វិធានការ​រដ្ឋបាល ធ្វើការ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ឬ​បាត់បង់​សម្ភារៈ​របស់​បងប្អូន ឡើយ​។​

នេះ​ជា​វិធាន​ការដែល​ធ្វើឡើង តាម​ការកំណត់​នៃ អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​ថែរក្សា​មុខងារ​បឹង​កប់​ស្រូវ សម្រាប់ ជា​អាង​ស្ដុក​ទឹក និង​ជា​ប្រព័ន្ធ​រំដោះ​ទឹក​១​ភាគ​ធំ ពី​ក្នុង​រាជធានី​ភ្នំពេញ​។​



លោក សុខ សម្បត្តិ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ បានធ្វើការ​កត់សម្គាល់​ថា បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បានរៀបចំ​ផ្ទៃ​បឹង​សំរោង សកម្មភាព​រំលោភ ទន្ទ្រាន កាន់កាប់​បឹង​កប់​ស្រូវ ពិសេស មាត់បឹង តាម​បណ្ដោយ​ផ្លូវ​១៥១ បាន​លេចចេញ​នូវ​សកម្មភាព​ទន្ទ្រាន​កាន់តែ​ច្រើនឡើង​។ ​ទន្ទឹមគ្នានេះ លោក​បាន​ស្ដីបន្ទោស​ទៅ មេភូមិ​ចៅសង្កាត់ ដែល​ជាប់​ពាក់ព័ន្ធ​ពី​ការ​ធ្វេសប្រហែស​មិន​យកចិត្ត​ទុក ដាក់​តាមដាន​ទប់ស្កាត់ និង​រាយការណ៍ មក​ខណ្ឌ ឲ្យ​បាន​ទាន់ពេលវេលា។ លោក សុខ សម្បត្តិ​បានបញ្ជាក់​ថា ការរំលោភបំពាន​នេះ គឺ​ខណ្ឌ​ទុកពេល​ឲ្យ​១​សប្ដាហ៍ បើ​មិន​ព្រម​រុះរើ កម្លាំង​ចម្រុះ​របស់​ខណ្ឌ​នឹង​ចុះ រុះរើ​ដោយ​គ្មាន​លក្ខខណ្ឌ ឡើយ​។

លោក បាន​បញ្ជា​ទៅ អភិបាលរង ការិយាល័យ​ជំនាញ និង សង្កាត់​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ធ្វើ​កិច្ចការ​នេះ ត្រូវ​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​នេះ ដល់ ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ។​ ដោយឡែក​សង្កាត់​ដែល​ពាក់ព័ន្ធ សង្កាត់​ណា ធ្វើ​មាន​ស្នាដៃ នឹង​ទទួលបាន​ការលើកសរសើ​រ ហើយ​សង្កាត់ ដែល​មិន​ធ្វើ​លោក​នឹង​រាយការណ៍​ទៅលើ​ហើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu