Ad Code

ឆេះ​ផ្ទះ​៥​ល្វែង​កណ្ដាល​ថ្ងៃត្រង់​នៅ​ប៉ោយប៉ែត​ចំ​ថ្ងៃ​សែន​ដក​ជើង​ធូប



បន្ទាយមានជ័យ ​៖ ​ផ្ទះ​ចំនួន​៥​ល្វែង នៅ​ខាងកើត​ផ្សារ​ត្រី ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ​ត្រូវ​បាន​ក្លាយ​ជា​ចំណី​ព្រះ​អគ្គី​ កាលពី​​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​ សង្ស័យ​បណ្តាល​មក​ពី​សែន​ដក​ជើងធូប។

មូលហេតុ​ដំបូង ដោយសារតែ ម្ចាស់ផ្ទះ​សែន​ដក​ជើងធូប ឆេះ​ក្រណាត់ បណ្ដាល​ឲ្យ​កើតជា​អគ្គិភ័យ ឆាបឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​លក់ដូរ នៅ​ជិតខាង​ក្បែរ​នោះ តៗ​មាន​ចំនួន​៥​ល្វែង ក្នុងនោះ​២​ល្វែង​ខូចខាត​ទាំងស្រុង​, ២​ល្វែង​ទៀត​អស់​ប្រមាណ​៨០​ភាគរយ និង​១​ល្វែង​ទៀត ប្រហែល​៥០​ភាគរយ។

ផ្ទះ​ដើមហេតុ​មាន​ម្ចាស់​១-​ឈ្មោះ សៀក យ៉េន ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ គឹម ហ៊ាង អាយុ​ប្រហែល​៥០​ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ តែ​ក្រោយពេល​កើតហេតុ​បាន​គេចខ្លួនបាត់​។​ ២- ស ប៊ុន​អៀង ភេទ ប្រុស​៣- ងី សាក់ ភេទ ប្រុស​ ៤- សាន យ៉ូន ភេទ ប្រុស​ ៥- ថាប់ សំអឿន ភេទ ប្រុស​។​ ផ្ទះ​ទាំង​៥​ល្វែង​នេះ​ជា​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ ក្រណាត់​។​

លោក​វរសេនីយ៍ឯក ធិ​ន ស៊ីន​ដេ​ត អធិការ​ក្រុង​ប៉ោយប៉ែត​ប្រាប់ថា ការចុះ​ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​នេះ មាន​រថយន្ត​ពន្លត់អគ្គិភ័យ​មាន​ចំនួន​ជាង​១០​គ្រឿង មាន​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មាន​ចំនួន​៥​គ្រឿង រថយន្ត​កាស៊ីណូ​ត្រូ​ពី​កា​ណា​២​គ្រឿង រថយន្ត​កាស៊ីណូ​ប៉ោយប៉ែត​រី​សត​១​គ្រឿង រួម​ជាមួយនឹង​រថយន្ត​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​ទឹក​លក់ ប្រមាណ​ជា​៣​ទៅ​៤​គ្រឿង​ទៀតផង​ដែរ។

លោក​អធិការ​បញ្ជាក់​ថា ករណី​នេះ ​បណ្តាល​ឲ្យ​មាន​ពលរដ្ឋ និង​សមត្ថកិច្ច​របួស​ចំនួន​៤​នាក់ តែ​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ គឺ​មុត​ជើង មុត​ដៃ ក្នុងពេលដែល​ធ្វើ​សកម្មភាព​ពន្លត់​អគ្គិភ័យ​។​

​គួរ​បញ្ជាក់ថា ករណី​អគ្គិភ័យ​ឆាបឆេះ​អស់​រយៈពេល​ជិត​៣​ម៉ោង ទើប​សមត្ថកិច្ច​អាច​គ្រប់គ្រង​ពន្លត់​បាន​ទាំងស្រុង តែ​ចំពោះ​ទំហំ នៃ​ការខូចខាត​នេះ សមត្ថកិច្ច និង​អាជ្ញាធរ នៅ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu