Ad Code

ពុទ្ធ ឆាយ​រិទ្ធី សាក​កណ្តាប់ដៃ​ជាមួយ Pit Salin នៅ​សង្វៀន​TV5



អ្នក​ប្រដាល់​កម្ពុជា​ពុទ្ធ​ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្គូ​អោយ​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​ថៃ Pit Salin ក្នុង​កម្មវិធី​ប្រដាល់​Knock Out Serie By K.cement នៅ​សង្វៀន​TV5 ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅរ៍​ទី​០២​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ។

ពុទ្ធ​ឆាយ​រិទ្ធី ជួប Pit Salin ក្នុង​ទម្ងន់​៦៧​គីឡូក្រាម ។ សម្រាប់​ជំនួប​រវាង​ពុទ្ធ ឆាយ​រិទ្ធី និង Pit Salin នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​មក​ស្រុក​ខ្មែរ​ជា​លើក​ទី​២​ប៉ុណ្ណោះ។

Pit Salin កាលពី​មកលើ​ក​ទី​១ ថ្ងៃទី​០៥​មករា​២០១៩ គេ​ជួប​ជាមួយ​មឿ​ន សុខ​ហ៊ុ​ច​អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដែលជា​មិត្ត​រួម​ក្លិប​ជាមួយ​ពុទ្ធ ឆាយ​រិទ្ធី ហើយ​វាយ​ចាញ់​សុខ​ហ៊ុ​ច ដោយ​ពិន្ទុ​ដាច់​តែម្តង ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ បើ​ធៀប​ជាមួយ​ពុទ្ធ ឆាយ​រិទ្ធី​វិញ​នោះ Pit Salin​ក៏​ប្រហែលជា​ពុំ​អាច​ឈ្នះ​ពុទ្ធ ឆាយ​រិទ្ធី បានដែរ ដោយសារ​Pit Salin វាយ​ចាញ់​មឿ​ន សុខ​ហ៊ុ​ច​ដាច់​ទៅហើយនោះ ។ ពុទ្ធ ឆាយ​រិ​ទ្ធ ឥឡូវនេះ​គេ​មានការ​វិវត្តន៍​ខាង​ក្បាច់គុន​ច្រើន គួបផ្សំ​នឹង​ការ​ខំប្រឹង​ហ្វឹកហាត់​ទៀត ឃើញថា​គេ​ខ្លាំង​និង​ល្អ​ជាង​មុន​។​

Pit Salin គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥២​លើក ចាញ់​១២​លើក និង​ស្មើ ០១​លើក ខ​ណះ​ដែល​ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​កំនត់ត្រា​ប្រកួត​១១៦​លើក ឈ្នះ​៨៩​លើក ចាញ់​២៥​លើក និង​ស្មើ​០២​លើក ។
​ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​

គួរ​បញ្ជាក់ថា ពុទ្ធ ឆាយ​រិទ្ធី ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ គឺ​វាយ​ចាញ់​Phat Phisanouk ដោយ​ពិន្ទុ ។​

ចំពោះ​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ អេ​លី​ត សាន់ (​លិញ ភារ​ម្យ​) អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ។​
​ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ដូច្នេះ ជំនួប​លើក​នេះ គឺជា​ការជួបគ្នា​លើកដំបូង ។

អេ​លី​ត សាន់ ជា​អ្នក​ប្រដាល់​មិនមាន​ឈ្មោះ​បោះ​សំឡេង​នោះទេ តែ​គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដែរ ។ ជា​ទម្លាប់​របស់​អេ​លី​ត សាន់ គេ​ឡើង​ប្រកួត​ច្រើន​វ៉ៃ​មិន​យោគយល់​អ្វី​នោះទេ ។ គេ​ឡើង​ប្រកួត​ចុងក្រោយ​នេះ (២៧​មករា​២០១៩)​កន្លងទៅនេះ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​វី​ហ្គោ​អោយ​សន្លប់​មុន​ទឹក​៥ ។​

ចំពោះ​សុខ សុវណ្ណ វិញ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដោយ​ត្រូវបាន​អ្នក​ស្នេហា​កីឡាប្រដាល់​ចាប់អារម្មណ៍ ដោយសារតែ​ការប្រកួត​របស់គេ​ល្អ ហើយ​លទ្ធផល​ឈ្នះ​ច្រើនជាង​ចាញ់ ។

ទោះជា​គេ​មាន​វ័យ​ច្រើនជាង អេ​លី​ត សាន់ បន្តិច​ក្តី សម្រាប់​ស្នៀត​ប្រដាល់​របស់​សុខ សុវណ្ណ មិនជា​ចាញ់​អេ​លី​ត សាន់ នោះទេ​។ សំរាប់​ការជួបគ្នា​នេះ បើសិនជា​សុខ សុវណ្ណ ពុំមាន​បញ្ហា​អ្វី​កើតឡើង​ទេនោះ អេ​លី​ត សាន់ គឺ​ពិបាក​ហើយ ព្រោះ​សុខ​សុវណ្ណ មាន​ទិច​និ​ច​ល្អ​ជាង ។

សុខ​សុវណ្ណ យ៉ាប់​តែ​បញ្ហា​ក​ម្លាំ​កាយសម្បទា​មួយ​មុខ​ប៉ុណ្ណោះ ឯ​ស្នៀត​ប្រដាល់​របស់គេ​មាន​ផ្លែ​ល្អ​។​តែ​យ៉ាងណា អេ​លី​ត សាន់ ក៏មាន​ផ្លែ​ល្អ​ដែរ​។​ដូច្នេះ​ក្នុង​ការជួប​ប្រកួត​គ្នា​លើក​នេះ គឺ​មិនអាច​ទាយ​មុន​ថា សុខ សុវណ្ណ ឈ្នះ ឬ​អេ​លី​ត សាន់ ឈ្នះ​នោះឡើយ ? ។​

សុវណ្ណ ប្រកួត​លើកចុងក្រោយ​នេះ​(៣០​ធ្នូ​២០១៨) គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Kong Sayam អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​១ ។​

ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នឹងត្រូវ​ជួប​ប្រកួត​ជាមួយ សល់ ស្រស់ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។​

សល់ ស្រស់ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ហើយ​ម៉ន ភី​រម្យ ជា​អ្នក​ប្រដាល់​ចាស់វស្សា ។​ពួកគេ​ទាំងពីរ​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ ពីមុនមក ។​តែ​យ៉ាងណា

សម្រាប់​ការជួបគ្នា​នេះ មិនដឹងថា​ម៉ន ភី​រម្យ គេ​អាច​យកឈ្នះ​ជើង​ថ្មី​ស្រករ​ក្រោយ​សល់ ស្រស់ បាន​ឬ​អត់​នោះទេ​? ។​

គៀន ធារ៉ា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ត្រូវ​ជួប​ប្រកួត​ជាមួយ​ឆោម ប៊ុនឡុង អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ហើយ​ប្រាក់ ភារ​ម្យ ក្លិប​យុវជន​កីឡា ជួប​ប្រកួត​ជាមួយ អេ ពិសី ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទម្ងន់​៥៤​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu