Ad Code

ផ្ទះ​កាកបាទក្រហម​កម្ពុជា​ចំនួន​១​ខ្នង ត្រូវ​បាន​ប្រគល់​ជូន​ទុរគត​ជន ចាស់ជរា​ទីទាល់ក្រ នៅ​ក្រុងប៉ៃលិន



ប៉ៃលិន ​៖ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ លោកជំទាវ បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន អម​ដំណើរ​ដោយ សមាជិក​សមាជិកា​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត អនុ​គណកម្មការ​សាខា​កាកបាទក្រហម​ក្រុងប៉ៃលិន និង​ក្រុមយុវជន​កាកបាទក្រហម បាន​អញ្ជើញ​ប្រគល់​ផ្ទះ​កាកបាទក្រហម​កម្ពុជា ចំនួន ១​ខ្នង ដែលជា​អំណោយ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូន​ដល់​លោកយាយ​ចាស់ជរា​ទីទាល់ក្រ​ម្នាក់ ដែលមាន​កូនស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ក្នុងបន្ទុក រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ថ្លែង​ក្នុងឱកាស​ប្រគល់​ផ្ទះ​កាកបាទក្រហម​កម្ពុជា នាពេលនោះ​លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​សម្តេច​តែងតែ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​គិតគូរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង។

លោកជំទាវ​ប្រធាន​សាខា មានប្រសាសន៍​បន្តថា​ ៖ កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​គិតគូរ​ខ្ពស់​ពី​សុខភាព ជីវភាព និង​ការរស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ឱ្យតែ​ជួបប្រទះ​នូវ​ឧប្បត្តិហេតុ​ផ្សេងៗ ជាពិសេស​ជនរងគ្រោះ​គ្រប់​ប្រភេទ រួមមាន​៖ ភ្លើង​ឆេះ​ផ្ទះ ខ្យល់​កន្ត្រាក់ អ្នក​ផ្ទុកមេរោគ​អេដស៍ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​មានកូន​ច្រើន និង​ជនពិការ​ជាដើម​។​ ​​ចំពោះ ការប្រគល់​ផ្ទះ ១​ខ្នង នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការយកចិត្ត ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ពី​សំណាក់​ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា​គ្រប់​ជាន់ថ្នាក់ ដូចដែល​បាន​លើកឡើងថា «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​» និង «​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​»​។ ជាមួយគ្នានេះដែរ​លោកជំទាវ​ប្រធាន​សាខា ក៏​ផ្តាំផ្ញើ​​ឲ្យ​បងប្អូន​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ចំណុច​បី​ល្អ​គឺ រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត និង​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន ជា​ពិ​សេស​គោរព​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​ផងដែរ​។​

នា​ឱកាស​ទទួលបាន​អំណោយ​ផ្ទះ​ថ្មី នេះដែរ​លោកយាយ ហុ​ល ម៉ាលី អាយុ​៦៧​ឆ្នាំ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​ទាំងអស់ ដែល​បាន​សាងសង់​ផ្ទះ​ថ្មី ជូន​រូបគាត់ និង​កូនស្រី បានរស់នៅ​សមរម្យ​នឹង​គេ ព្រោះ​គាត់​ចាស់ជរា​ក្រីក្រ គ្មាន​លទ្ធភាព​ធ្វើ​ផ្ទះ​បាន​នោះឡើយ​។

សូមបញ្ជាក់ថា ​៖ ផ្ទះ​ដែលជា​អំណោយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​លោកយាយ​ទីទាល់ក្រ គឺមាន​បណ្តោយ ៧​ម៉ែត្រ និង​ទទឹង ៥​ម៉ែត្រ សង់​អំពី​ថ្ម ប្រក់​ស័ង្កសី ដោយ​ចំណាយ​ថវិកា​អស់ ចំនួន ៤៥០០​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ប្រធាន​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​១​ចំនួន ដូចជា​៖ អង្ក​៥០​គ​.​ក្រ កន្ទេល​១ ឆ្នាំងបាយ​១ ឆ្នាំងសម្ល​១ ខ្ទះ​១ ចាន​១០ ខ្ទះ​១ ស្លាបព្រា​១០ វែក​៣ ចានស្រាក់​១ ផ្តិល​១ ធុង​ទឹកកក​១ ចានដែក​១ ប្រេងឆា​២​ដប ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ត្រីខ​១​ឡូ មី​១​កេស ទឹក​សុទ្ធ​២​កេះ ស្កស​២​កញ្ចប់ ប៊ីចេង​១​កញ្ចប់ អំបិល​១​កញ្ចប់ និង​ឃី​ត​១ (​មុង ភួយ ក្រមា សារុង និង​អាវយឺត​) ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ចំនួន ១៥​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu