Ad Code

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ ជំរុញ​អោយ​មន្ត្រី​ជំនាញ​បន្ត​ត្រួតពិនិត្យ​លើ​គុណភាព​ផលិត​ទំនិញ​ដើម្បី​សុខភាព​សាធារណៈ



ភ្នំពេញ​ ៖ ​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ជំរុញ​អោយ​មន្ត្រី​ជំនាញ​បន្ត​ត្រួតពិនិត្យ​តាម​សិប្បកម្ម​រោងចក្រ​សហគ្រាស​ទាំងអស់​លើ​ផលិតផល​ទំនិញ​ម្ហូបអាហារ​ដើម្បី​អោយមាន​គុណភាព​តាម​ស្តង់ដារ​សម្រាប់​សុខភាព​សាធារណៈ​អ្នកប្រើប្រាស់​ជា​កត្តា​សំខាន់​បំផុត។

ការ​ជំរុញ​បែបនេះ​ ខណៈ​ជួប​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា ដើម្បី​ស្វែងយល់​សកម្មភាព​ការងារ​របស់​ក្រសួង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ០៩ រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩។ ថ្នាក់ដឹកនាំ​ក្រសួង ដឹកនាំ​ដោយ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បើក​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​នៃ​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោកស្រី​និ​ន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍​​ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ជួប​សំណេះសំណាល និង​ស្វែងយល់​ពី​សកម្មភាព​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​បាន​អនុវត្ត​កន្លងមក និង​ជាពិសេស​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នេះ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការ​ស្វាគមន៍ និង​ធ្វើ​របាយការណ៍​សង្ខេប​ជូន​ប្រតិភូ​សភា ស្តីពី​ការងារ និង​លទ្ធផល​សម្រេចបាន​រប​ស់​ក្រសួង ក្នុងនោះ​រួមមាន ការងារ​ឧស្សាហកម្ម គឺ​បានលើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេច​បាន​ដោយ​ការងារ​ឧស្សាហកម្ម បាន​ចូលរួម​ចំណែក​ក្នុង​ផលទុន​សរុប​ក្នុងស្រុក​(​ផសស​)​ប្រមាណ​៣២.៤% ដែល​ក្នុង​នោះ​ឆ្នាំ​២០០០ ចូលរួម​ត្រឹមតែ​២២%​ប៉ុណ្ណោះ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បន្តថា មាន​រោងចក្រ​សរុប​ចំនួន ១.៥២៨ រោងចក្រ ដោយ​នៅក្នុង​ឆ្នាំ​២០១៨ កើន​លើស​ឆ្នាំ​២០១៧ ចំនួន ២៨ រោងចក្រ​ហើយ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម បានលើកឡើង​ពី​ការចុះបញ្ជី គ្រប់គ្រង​ត្រួតពិនិត្យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម និង​ការ​អភិវឌ្ឍ​​​គាំទ្រ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​បម្រើ​ឲ្យ​ខឿនសេដ្ឋកិច្ច​ជាតិ​ជាដើម។ ជាមួយគ្នានេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​សង្កត់ធ្ងន់​លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង អភិវឌ្ឍ​​ និង​អភិរក្ស​តំបន់​ការពារ​សម្រាប់​ដីស្រែ​អំបិល និង​តំបន់​សក្តានុពល​ផលិតផល​អំបិល ក្នុង​គោលដៅ​គ្រប់គ្រង អភិវឌ្ឍ​​​និង​លើក​កម្ពស់​ផលិតកម្ម​អំបិល។​

ទាក់ទង និង​ការងារ​ទឹកស្អាត លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បានលើកឡើង​អំពី​ការខិតខំ​របស់​ក្រសួង​ដើម្បី​ឈានទៅ​សម្រេចបាន​គោលនយោបាយ​ស្តីពី​ទឹកស្អាត គឺ​ពង្រីក​វិសាលភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង​និង​ទីប្រជុំជន​ឲ្យ​បាន​៩០% ដល់​ឆ្នាំ​២០២៣ និង​១០០%​ត្រឹម​ឆ្នាំ​២០២៥ ហើយ​ក្នុងនោះ​លើកទឹកចិត្ត​ការចូលរួម​ពី​វិស័យ​ឯកជន និង​អ្នកវិនិយោគ​ធំៗ ទាំង​ក្នុង​និង​ក្រៅ​ស្រុក ។​

ពាក់ព័ន្ធ​ការងារ​ស្តង់ដារ​នីយកម្ម លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បានលើកឡើង​ពី​ការងារ​ត្រួតពិនិត្យ​ការវាយតម្លៃ​ភាព​អនុលោម​ស្របតាម​បញ្ញត្តិ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​ការងារ​ចុះបញ្ជី​ផលិតផល​បញ្ជាក់​ភាព​អនុ លោម​សម្រាប់​ផលិតផល​ម្ហូបអាហារ ទំនិញ សារធាតុ​គីមី សម្ភារៈ និង​បរិក្ខារ​ប្រើប្រាស់ ដើម្បី​បង្កើន​ការគ្រប់គ្រង​បរិមាណ និង​គុណភាព​ផលិតផល ធានា​សុវត្ថិភាព​អ្នកប្រើប្រាស់ បរិស្ថាន និង​សុខភាព​សាធារណៈ។ ការអភិវឌ្ឍ​​​វិស័យ​ស្តង់ដារ​កម្ពុជា​លោក​បានបង្ហាញ​នូវ​ការកត់សំគាល់ថា នៅ​ឆ្នាំ​២០១៣​ការអនុម័ត​ស្តង់ដារ​ទំនិញ​និង​ផលិតផល​បាន​ចំនួន​តែ​៣៨ ប៉ុណ្ណោះ រហូតដល់​ឆ្នាំ​២០១៨ បាន​កើនឡើង​រហូតដល់​៨៩៥ ស្តង់ដារ​។

ដោយឡែក​ទាក់ទង​នឹង​ការងារ​មាត្រា​សាស្ត្រ​ជាតិ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បានបញ្ជាក់​ពី​សកម្មភាព​ត្រួតពិនិត្យ​ការប្រើប្រាស់​ឧបករណ៍​មាត្រា​សាស្ត្រ​រួមមាន​ ៖ ​កូន​ទម្ងន់ ជញ្ជីង ម៉ែត្រ ចំណុះ ឧបករណ៍​វាស់​សម្ពាធ សីតុណ្ហភាព ដើម្បី​ធានា​ការធ្វើ​ពាណិជ្ជកម្ម​មាន​ភាពត្រឹមត្រូវ​យុត្តិធម៌ និង​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់។​

លោកស្រី និ​ន សា​ផុន បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រសួង​សម្រេច​បាន និង​បាន​កោតសរសើរ​ចំពោះ​ភាព​ដឹកនាំ​ដ៏​វាងវៃ​របស់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជា​ឥស្សរជន​ក្នុងប្រទេស​មួយរូប​មានគុណ​សម្បត្តិ​ជាច្រើន ក្នុងការ​ចូលរួម​បម្រើ​ជាតិ និង​សេដ្ឋកិច្ចសង្គម។

ចំណែក​លោក​សុខ សូ​កាន ជា​អនុប្រធាន​គណៈកម្មការ​ទី​០៩ នៃ​រដ្ឋសភា ក៏បាន​ចាត់ទុក លោក​កិត្តិ​សេដ្ឋា​បណ្ឌិត គឺជា​ស្ថាបនិក​គន្លឹះ​ម្នាក់​ក្នុងប្រទេស ក្នុងការ​ជំរុញ​របប​ទីផ្សារសេរី​នៅ​កម្ពុជា។

ទន្ទឹម​នឹង​នេះ​លោក​ក៏មាន​ការចាប់​អារម្មណ៍ និង​ផ្តល់​សារៈសំខាន់​ទៅលើ​ការអភិវឌ្ឍ​​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​គាំទ្រ​ចំពោះ​ការលើកឡើង​របស់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ពី​គម្រោង​និង​ដំណើរ​ការបង្កើត​តំបន់​ចង្កោម​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs Cluster Zone)​នៅ​កម្ពុជា​ផងដែរ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu