Ad Code

ក្រុម​គ្រួសារ​ភ័យខ្លាច​ថា បុរស​អាមេរិក​ ដែល​ត្រូវ​ឃុំខ្លួន​នៅ​ប្រទេស​រុស្ស៊ី​គឺជា​ចំណាប់ខ្មាំង​ក្នុង​ជម្លោះ​ការទូត



បងប្រុស​ជនជាតិ​អាមេរិក​ម្នាក់​ដែល​ត្រូវបាន​ឃុំឃាំង​នៅក្នុង​ប្រទេស​រុស្ស៊ី​ពីបទ​ចារកម្ម​បាន​និយាយថា អតីត​កង​ទាហាន​ម៉ា​រី​ន​រូបនេះ​អាច​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​សង្គ្រាម​ការទូត​រវាង​មហាអំណាច​ទាំងពីរ​ហើយ​ក្រុមគ្រួសារ​មានការ​ព្រួយបារម្ភ​ថា គាត់​អាច​ត្រូវបាន​ផ្តន្ទាទោស​លើ​ភស្តុតាង​មិនគួរ​ឲ្យ​ជឿ។

ប៉ុន្តែ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ AFP, លោក David Whelan បាន​និយាយថា ពួកគេ​មានជំនឿថា រដ្ឋាភិបាល​អាមេរិក​នឹង​អាច​នាំ​ប្អូន​របស់គាត់​ត្រលប់មក​ផ្ទះ​វិញ​។​

សេវា​សន្តិសុខ FSB របស់​រុស្ស៊ី​បាន​និយាយថា គាត់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​ចារកម្ម​។​

លោក David Whelan បាន​និយាយ​ក្នុង​តំបន់ Newmarket នៃ​ខេត្ត Ontario ភាគ​ខាងជើង​ទីក្រុង​តូ​រ៉ុ​ន​តូ​ថា “​មិនមាន​ព័ត៌មាន​លម្អិត​អំពី​កាលៈទេសៈ​នៃ​ការចាប់ខ្លួន​របស់គាត់​ទេ​ដូច្នេះ​វា​ពិបាក​ណាស់​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​នេះ​”​។ បងប្រុស​រូបនេះ​បាន​និយាយថា “​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំងណាស់​ជាពិសេស​ដោយសារ​ការ​គ្មាន​តម្លាភាព​សម្រាប់​ប្រព័ន្ធ​ច្បាប់​របស់​រុស្ស៊ី​”​។​

លោក​បាន​និយាយទៀតថា “​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដែលថា គាត់​នឹង​ត្រូវបាន​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ហើយ​គាត់​នឹង​ត្រូវបាន​ផ្តន្ទាទោស​”​។​

ថ្វីបើ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ច្រើនដង​អំពី​ការសម្រុះសម្រួល​ចំពោះ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក៏ដោយ​, ការចាប់ខ្លួន​លោក Whelan គឺជា​ករណី​ចុងក្រោយបង្អស់​ក្នុង​រឿង​ចារកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

ស្របពេល​ជាមួយគ្នា​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​មុន​ថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​សិក្សា​បន្ថែមទៀត​អំពី​ស្ថានភាព​នេះ​។​

គួរ​បញ្ជាក់ថា លោក Whelan បាន​កាន់​លិខិតឆ្លងដែន​អង់គ្លេស​ព្រមទាំង​លិខិតឆ្លងដែន​ផ្សេងទៀត​ផងដែរ​ហើយ​កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Jeremy Hunt បាន​និយាយថា “​យើង​មិន​យល់ព្រម​ជាមួយ​បុគ្គល​ណា​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ល្បែង​អុក​ការទូត​ទេ​”​។​

ប្រភព​ជា​ផ្លូវការ​មួយ​បាន​ប្រាប់ AFP ថា លោក Whelan ក៏​កាន់​លិខិតឆ្លងដែន​អៀរ​ឡង់​ផងដែរ​បើទោះបីជា​គាត់​បាន​ចូលទៅ​ក្នុងប្រទេស​រុស្ស៊ី​ដោយ​ប្រើ​លិខិតឆ្លងដែន​អាមេរិក​ក៏ដោយ​។ កាសែត Washington Post បាន​រាយការណ៍​ថា លោក Whelan ក៏​កាន់​លិខិតឆ្លងដែន​មកពី​ប្រទេស​កាណាដា​ដែលជា​កន្លែង​គាត់​កើត​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu