សៀមរាប ៖ អធិការនគរបាលស្រុកបន្ទាយស្រី គឺលោកវរសេនីយ៍ឯក ឡុង សំណាង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧មករានេះថា បុរសម្នាក់បើកម៉ូតូទៅបុកគោយន្តកន្ត្រៃចំពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកជនបង្ក ចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគោយន្តឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
អធិការនគរបាលស្រុកបន្ទាយស្រីបន្តថា តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គោយន្តខាងលើ បានបើកហួសផ្លូវចូលផ្ទះ រួចដាក់លេខថយក្រោយ ដោយមិនបានប្រុងប្រយ័ត្ន ហើយក៏ត្រូវម៉ូតូរបស់ជនរងគ្រោះបោះពួយលឿនទៅបុកគោយន្តខាងលើទាំងកំរោល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកជនបង្ក ចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគោយន្តនៅនឹងកន្លែង។
លោកបន្តថា ជនរងគ្រោះមាន ឈ្មោះ ហ៊ុន ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកកោះជ្រំ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជិះម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ គ្មានស្លាកលេខ។
ក្រោយកើតហេតុ កម្លាំងនគរបាល ជំនាញស្រុកបន្ទាយស្រី បានចុះទៅធ្វើការវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments