Ad Code

សហភាព​សហជីព​ធំ​មួយ​និង​សហព័ន្ធ​សហជីព​មួយទៀត​ប្រកាស​គាំទ្រ​ប្រសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល​អំពី​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​



ភ្នំពេញ ៖ សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា​(Y.P.C.W.R.F) និង​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ នៅ​ថ្ងៃទី​១០ ​ខែមករា ​ឆ្នាំ​២០១៩​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្តី​ពី​ការ​គាំទ្រ​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​អំពី​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ បរិយាកាស​វិនិយោគ​ទូទៅ​មួយ​កាន់តែ​ល្អ​ប្រសើរ ធានាបាន​នូវ​សុខមាលភាព​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​ទូទៅ។

លោក ឡុង សុផាត ប្រធាន​សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា​បាន​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​លើក​ឡើង​នៅ​ថ្ងៃ​ពុធ​ទី ៩ ខែមករា​ឆ្នាំ ២០១៩ ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី​ប្រមាណ​១៨២៧៣ នាក់​នៅ​ភូមិ​ចម​ពល ឃុំពពេល​ ស្រុក​ត្រាំកក់ ខេត្តតាកែវ​ដែល​សម្ដេច​បាន​មានប្រសាសន៍​យ៉ាង​លម្អិត​ក្នុង​ការ​ពន្យល់​ណែនាំ​បន្ថែម​ទៀត​ដល់​បងប្អូន​កម្មករ កម្មការិនី​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​នៃ​ប្រកាស​លេខ ៤៤៣ ស្ដីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​ចេញ​ដោយ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។



លោក​ឡុង សុផាត បាន​បន្ថែម​ថា សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ប្រសាសន៍​ពន្យល់​ណែនាំ​ដ៏​មាន​សារសំខាន់​នេះ​បាន​ធ្វើ​ឲ្យ​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់​បាន​យល់​ច្បាស់​អំពី​គោលការណ៍​ច្បាប់​ត្រូវអនុវត្ត​ដែលនាំ​ឲ្យ​ជៀសវាង​បាន​នូវ​ការ​ទាមទារ​មិន​សមស្រប​នានា​ក្រោម​ការ​ញុះញង់​របស់​សហជីព​និង​ជនខិលខូច​មួយចំនួន​តូច​។

លោក​បន្ត​ទៀត​ថា ប្រសាសន៍​របស់​សម្ដេច​នេះ​ក៏បាន​លើកឡើង​នូវ​កម្ពស់​ស្មារតី​និង​ជំនឿ​ជឿជាក់​របស់​បងប្អូន​ក​ម្មករ កម្មការិនី​លើ​ការងារ​របស់​ពួកគាត់​លើ​ម្ចាស់​រោងចក្រ​សហគ្រាស​និង​រាជរដ្ឋាភិបាល​ផងដែរ​។ បន្ថែម​លើស​ពី​នេះ​ទៀត​ចំណុច​ដ៏​មានតម្លៃ​នេះ​បាន​បង្ហាញ​ដោយ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​ជា​ប្រមុខ​ដឹកនាំ​នៃ​ការ​បង្កើត​ឲ្យ​មាន​បរិយាកាស​ទូទៅ​មួយ​កាន់តែ​ប្រសើរ​។ និយាយ​រួម​លើ​ការ​ធ្វើ​ឲ្យ​មាន​សុខដុម​រមណីយ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​និង​សមភាព​នៅ​កន្លែង​ការងារ​។

ក្នុងនាម​សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា​សូម​ប្ដេជ្ញា​គាំទ្រ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​នូវ​កិច្ចសហការ​គាំពារ​ថែរក្សា​អ្នក​វិនិយោគ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​សំដៅ​ធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ជាតិ​និង​ការ​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​។

សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​(V.K.Y.U.F)​ក៏​បាន​ចេញ​សេចក្តី​ការណ៍​មួយ​ស្តីពី​ការ​គាំទ្រ​ប្រសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អំពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​។

សេចក្តី​ថ្លែងការណ៍​ដែល​មាន​ខ្លឹមសារ​ប្រហាក់ប្រហែល សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា បាន​គាំទ្រ ប្រសាសន៍​ពន្យល់​ណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ថា មាន​សារសំខាន់​នេះ​បាន​ធ្វើ​ឲ្យ​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់​បាន​យល់​ច្បាស់​អំពី​គោលការណ៍​ច្បាប់​ត្រូវអនុវត្ត​ដែលនាំ​ឲ្យ​ជៀសវាង​បាន​នូវ​ការ​ទាមទារ​មិន​សមស្រប​នានា​ក្រោម​ការ​ញុះញង់​របស់​សហជីព​និង​ជនខិលខូច​មួយចំនួន​តូច និង លើក​កម្ពស់​ស្មារតី​និង​ជំនឿ​ជឿជាក់​របស់​បងប្អូន​កម្មករ កម្មការិនី​លើ​ការងារ​របស់​ពួកគាត់​លើ​ម្ចាស់​រោងចក្រ​សហគ្រាស​និង​រាជរដ្ឋាភិបាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu