Ad Code

សារ​សម្ដេច​តេ​ជោ ៖ ការ​រីកចម្រើន​របស់​ប្រទេសជាតិ គឺ​មិនអាច​កាត់​ផ្តាច់​ពី​ការចូលរួម​របស់បង​ប្អូន​និង​ក្មួយៗ​អ្នកសារព័ត៌មាន​បាន​ឡើយ



​ភ្នំពេញ ៖ មុន​មួយ​ថ្ងៃនេះ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកកាសែត​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​នូវ​សារ​មួយ​តាមរយៈ​ផេ​ក ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​ដោយបាន​ធ្វើការ​បញ្ជាក់​ថា ​ការ​រីកចម្រើន​របស់​ប្រទេសជាតិ គឺ​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​អ្នកសារព័ត៌មាន​បានឡើយ​។​

សារ​របស់​សម្ដេច​តេ​ជោ​ត្រូវបាន​បង្ហោះ​នា​ព្រឹក​ថ្ងៃទី ១០ ខែ មករា គឺ​មុន​មួយថ្ងៃ​នៃ​ពិធី​ជួប​សំណេះ សំ​ណា​ល​និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន​ជា​លើក​ទី​៣ ដែល​ប្រព្រឹត្តធ្វើ​នៅ​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

ខ្លឹមសារ​ទាំងស្រុង​នៃ​សារបាន​លើកឡើង​ថា «​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ស្អែក​ទី ១១ មករា នេះ ខ្ញុំ​នឹង​ជួប​បងប្អូន​និង​ក្មួយៗ​អ្នកកាសែត​នៅក្នុង​កម្មវិធី​បាយ​សាមគ្គី​នៅ​កោះ​ពេជ្រ​។ ពិតប្រាកដ​ណាស់ ការរីក​ច​ម្រើន​របស់​ប្រទេសជាតិ គឺ​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួមរ​បស់បង​ប្អូន​និង​ក្មួយៗ​អ្នកសារព័ត៌មាន​បាន​ឡើយ​»​។​



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា «​យើង​បាន​បាត់បង់​ឱកាស​កសាង​ប្រទេស​ជាច្រើន​ឆ្នាំ​មកហើយ​ដោយសារ​សង្គ្រាម​។ ក្រោយពី​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​គឺ​យើង​ត្រូវការ​ទេសចរ ពាណិជ្ជករ និង​អ្នកវិនិយោគទុន​បរទេស​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិត​ប្រាក​គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស​និង​វិនិយោគិន​បរទេស​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ទាំងអស់​រួមទាំង​បណ្តាញ​ព័ត៌មាន​អន​ឡាញ​( Online News )​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ (Social Networks) ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ទៅកាន់​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេសជាតិ​យើង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។



នៅក្នុង​ឆ្នាំ​សកល​ថ្មី ២០១៩ នេះ​ខ្ញុំ និង​ភរិយា សូម​ជូនពរ​ដល់​បង​ប្អូន និង​កូនក្មួយ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទូទាំង​ប្រទេស​ទទួល​បាន​ជោគជ័យ​ក្នុង​ភារកិច្ចការងារ និង​មាន​សុខ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​។

​លោក​ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក្រសួង​ព័ត៌មាន បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​អ្នកសារព័ត៌មាន​នៅ​ឆ្នាំនេះ​មាន​អ្នកសារព័ត៌មាន ៤.៦០០​នាក់​ហើយ​បាន​ចុះបញ្ជី​សុំ​កាត​ចូលរួម​។ ចំនួន​នេះ​អាច​មាន​ការ​កើនឡើង​ ព្រោះ​នៅ​មាន​អ្នកសារព័ត៌មាន​មួយ​ចំនួនទៀត​កំពុងធ្វើការ​ស្នើសុំ​ជា​បន្ដ​បន្ទាប់​ប៉ុន្ដែ​ចំនួន​ដែល​ក្រសួង​កំណត់​នោះ​គឺ​ក្នុង​រង្វង់​ត្រឹម ៥.០០០​នាក់​ដោយហេតុថា​ទីតាំង​ប្រារព្ធ​ពិធី​អាចដាក់​អ្នក​ចូលរួមបាន​ត្រឹម ៥.០០០​នាក់​ប៉ុណ្ណោះ​។​



លោក ផុស សុវណ្ណ បាន​ឲ្យ​ដឹង​ទៀតថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានធ្វើ​សំណើ​មួយ​ដាក់​ទៅ​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​អ្នក​​ព័ត៌មាន​បាន​បញ្ចេញ​មតិយោបល់​ក្នុងជំនួប​ជាមួយ​សម្ដេច​តេ​ជោ​ផងដែរ​។ ប៉ុន្តែ​សំណើ​របស់លោក​រដ្ឋមន្ដ្រី​រហូតមកដល់​ពេលនេះ​មិនទាន់ ទទួលបាន​ការឆ្លើយតប​ពី​ខាង​ខុទ្ទកាល័យ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅឡើយ​ទេ​។

លោក ផុស សុវណ្ណ បាន​អះអាង​ថាបើ​មានការ​អនុញ្ញាត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នឹង​រៀបចំ​តំណាង​អ្នកសារព័ត៌មាន ២ ឬ​៣​នាក់​ឲ្យ​ឡើង​សម្តែង​មតិយោបល់​។

​លោក ផុស សុវណ្ណ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ​ជំនួប​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​ជាការ​បើកចំហ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ពី​សំណាក់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ​។ លោក​បន្តថា​ វិស័យ​ព័ត៌មាន​កាន់តែ​រីកចម្រើន និង​ប្រសើរឡើង​ដោយសារតែ​អ្នកសារព័ត៌មាន​ទទួលបាន​ការណែនាំ និង​កែលម្អ​មួយចំនួន​ពី​ប្រមុខ​ដឹកនាំ​កំពូល​របស់​ប្រទេស​ផ្ទាល់​តែម្ដង​។

ស្ថិតិ​ផ្លូវការ​នៃ​អង្គភាព​សារព័ត៌មាន​ជាតិ​និង​អង្គភាព​សារព័ត៌មាន​បរទេស​ដែល​កំពុងធ្វើការ​ផ្សព្វផ្សាយ​នៅ​កម្ពុ​ជាមាន​ជាង ៥០០ ស្ថាប័ន​វិទ្យុ​មាន ២២១ ស្ថានីយ​និង​ទូរទស្សន៍​មាន ២២ ស្ថានីយ។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​ព័ត៌មាន​ឆ្នាំ​២០១៨​។



​របាយការណ៍​បាន​បង្ហាញថា​ រហូតដល់​ឆ្នាំ ២០១៨ កម្ពុ​ជាមាន​អង្គភាព​សារព័ត៌មាន​ជាតិ និង​អង្គភាព​សារព័ត៌មាន​បរទេស​ដែល​កំពុងធ្វើការ​ផ្សព្វផ្សាយ​នៅ​កម្ពុ​ជា​មាន​ចំនួន ៥៣០ អង្គភាព ក្នុងនោះ​មាន​កាសែត​ផ្សាយ​ជា​ភាសាបរទេស​ចំនួន ៤៣ អង្គភាព ,​ទស្សនា​វ​ដ្តី​ចំនួន ៣០៦ អង្គភាព​, ព្រឹត្តិបត្រ​ព័ត៌មាន​ចំនួន ៤២ អង្គភាព​, ការិយាល័យ​តំណាង​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​និង​ការិយាល័យ​តំណាង​វិទ្យុ ទូរទស្សន៍​បរទេស​ប្រចាំការ​អចិន្ត្រៃយ៍​នៅ​កម្ពុ​ជាមាន​ចំនួន​២១​អង្គភាព​,​ស្ថានីយ​វិទ្យុ​ចំនួន​២២១ ស្ថានីយទូរទស្សន៍​ចំនួន ២២ និង​ទូរទស្សន៍​ផ្សាយ​បន្ត​មាន​ចំនួន ១១២ ស្ថានីយ ,​ទូរទស្សន៍​ផ្កាយរណប​តេ​ជោ ធី​វី មាន ០១ ស្ថានីយ ,​ទូរទស្សន៍​ឌីជីថល (digital Pay-TV) មាន​ចំនួន ០៤ ស្ថានីយ និង​ទូរទស្សន៍​អន​ឡាញ Online TVs មាន​ចំនួន ៥៨ អង្គភាព​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។

​សូម​រំលឹក​ជូន​ថា ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​១ ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា​រាជធានី​ភ្នំពេញ​និង​ជំនួប​លើក​ទី​២​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu