Ad Code

ជប៉ុន​ គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ដល់​យុវជន​កម្ពុជា​ ដើម្បី​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​



​ភ្នំពេញ​ ៖​ ជប៉ុន​ គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ដល់​យុវជន​កម្ពុជា​ដើម្បី​បញ្ជូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ដោយ​ស្របច្បាប់​នាពេលខាងមុខ​នេះ​ ដែល​ជួយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារពលកម្ម​បច្ចុប្បន្ន​នៅ​ប្រទេស​ជប៉ុន។​

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​នាពេល​ខាងមុខនេះ​ អង្គការក្រៅរដ្ឋាភិបាល​សាលា អេ​ត ជប៉ុន​ គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​មួយ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ជ្រើសរើស​និស្សិត​ និង​យុវជន​វ័យក្មេង​កម្ពុជា​យក​មក​បណ្តុះបណ្តាល​លើ​ជំនាញ​ឧស្សាហកម្ម​ និង​សេវាកម្ម​ មុននឹង​បញ្ជូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។​

ថ្លែង​ក្រោយ​ជំនួប​ការងារ​រវាង ​លោក មី​គី វ៉ា​ត់​តា​ណា​បេ អគ្គនាយក​អង្គការក្រៅរដ្ឋាភិបាល​សាលា អេ​ត ជប៉ុន​និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការ​បរទេស ​និង​ការពារ​ជាតិ​ជប៉ុន ​កាលពី​ព្រឹក​ថ្ងៃទី​១០ ​ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​ទីស្ដីការ​ក្រសួង បណ្ឌិត អ៊ិត សំហេង​ បាន​បន្តថា​ ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ជប៉ុន​នាពេល​ខាងមុខនេះ​ នឹង​ទទួលបាន​លក្ខខណ្ឌ​ការងារ អត្ថប្រយោជន៍​ផ្សេងៗ​ និង​ប្រាក់ខែ​ខ្ពស់​ដូចជា​ ប្រជាជន​ជប៉ុន​ដែរ​ ព្រោះថា​រដ្ឋាភិបាល​ជប៉ុន​ បាន​កែប្រែ​ច្បាប់​ថ្មី​ខណៈ​ពីមុន​កម្ពុជា​បញ្ជូន​ត្រឹម​កម្រិត​កម្មសិក្សាការី​ប៉ុណ្ណោះ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ប៉ុន្តែ​មុននឹង​បញ្ជូន​ទៅ​ត្រូវធ្វើ​ការបំពាក់​បំប៉ន​ទៅលើ​ភាសា​ជប៉ុន​ជា​មុន​សិន ​ដោយ​បណ្តុះបណ្តាល​ចាប់ពី​៣ ​ទៅ​៦​ខែ​ សម្រាប់​អ្នកចេះ​ខ្លះៗ ​និង​ចាប់ពី​៦​ខែ​ ទៅ​១០​ខែ​សម្រាប់​អ្នក​ដែល​អត់​ចេះ​ភាសា​ជប៉ុន​សោះតែ​ម្តង​ និង​ជំនាញ​ផ្សេងៗ ​ព្រមទាំង​លក្ខខណ្ឌ​ការងារ​ជាដើម​។​

លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ​តាមរយៈ​ច្បាប់​ថ្មី​នេះ​ កម្ពុជា​នឹង​អា​ច​បញ្ជូន​យុវជន​ខ្មែរ​កាន់តែច្រើន​ថែម​ទៀត​ទៅធ្វើ​ការ​ស្របច្បាប់​នៅ​ជប៉ុន​ ដែល​នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ​ដើម្បី​អនុវត្ត​ច្បាប់​ថ្មី​នេះ ​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន​ នឹង​រៀបចំ​ឲ្យ​មាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​សម្រួល​ដល់​កា​រ​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ជប៉ុន​ប្រកបដោយ​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​ខ្ពស់​។​
​ច្បាប់​របស់​ជប៉ុន​ថ្មី​ដែល​ត្រៀម​ចូល​ជា​ធរមាន​នា​ខែមេសា ​ឆ្នាំ​២០១៩​ខាងមុខនេះ ​ត្រូវបាន​ព្រឹទ្ធសភា​ជប៉ុន អនុម័ត​កាលពី​ថ្ងៃទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៨​កន្លងទៅនេះ​ ដោយ​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​ជប៉ុន​ទទួលយក​ពលករ​បរ​ទេស​រាប់ម៉ឺន​នាក់មក​រស់នៅ ​និង​បម្រើ​ការងារ​នៅ​ប្រ​ទេស​ជប៉ុន​បន្ថែមទៀត​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ដែល​បណ្តាលមកពី​ការថយចុះ​ នៃ​កំណើត​ប្រជា​ជន​និង​ការកើនឡើង​ នៃ​ចំនួន​មនុស្ស​ចាស់ជរា​។​

នៅក្នុង​ច្បាប់​នោះបាន​បង្កើតជា​ទិដ្ឋាការ​ថ្មី​ចំនួន​ពីរ​ប្រភេទ​សម្រាប់​ពលករ​បរទេស ​គឺ​ទី១. ​ផ្តល់​សុពល​ភាព​៥​ឆ្នាំ​សម្រាប់​ពលករ​បរទេស​ដែល​អាច​និយាយ​ភាសា​ជប៉ុន​បានល្អ​ និង​ទី​២.​ពលករ​មាន​ជំនាញ​ខ្ពស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំ​គ្រួសារ​ទៅ​រស់នៅ​ជាមួយ​ដោយមាន​សិទ្ធិ​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន​ជា​រៀង​រហូត​ថែម​ទៀតផង​។​

លោកស្រី ​អ៊ឹង ស៊ា​ង​រិទ្ធី ប្រធាន​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​បាន​មានប្រសាសន៍ថា​ ច្បាប់​គ្រប់គ្រង​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន​នេះ​នឹង​ផ្តល់ឱកាស​ដល់​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​កាន់តែច្រើន​ថែមទៀត​ខណៈ​បច្ចុប្បន្ននេះ​មាន​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន មាន​ចំនួន​តិចតួច​នៅឡើយ​។​

លោកស្រី​អ៊ឹង ស៊ា​ង​រិទ្ធី​ បាន​ប្ដេជ្ញា​ថា​ នឹង​ខិតខំ​បណ្តុះបណ្តាល​ដល់​ពលករ​ដែលមាន​បំណង​ទៅធ្វើ​ការ​នៅ​ជប៉ុន​បន្ថែមទៀត​ទៅលើ​ជំនាញ​ភាសា​ជប៉ុន ច្បាប់​ និង​លក្ខខណ្ឌ​ការងារ ​និង​វប្បធម៌​ប្រពៃណី​របស់​ជប៉ុន​ដើម្បី​ឲ្យ​ពលករ​អាច​សម្រប​ខ្លួន​រស់នៅ ​និង​ធ្វើការ​ជាមួយ​ជនជាតិ​ជប៉ុន​បាន​។​

ជាមួយគ្នានេះដែរ​ លោកស្រី​ បាន​ណែនាំ​ដល់​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ត្រូវ​គោរព​ច្បាប់ វិន័យ​ និង​លក្ខខណ្ឌ​ការងារ​របស់​ជប៉ុន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ឲ្យ​ថៅកែ​ពេញចិត្ត​ និង​បង្កើន​ការជ្រើសរើស​ពលករ​ខ្មែរ​ទៅធ្វើ​ការ​ឲ្យ​បាន​ច្រើន​ថែមទៀត​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​ព្រោះ​ពលករ​ធ្វើការ​នៅ​ជប៉ុន​ទទួលបាន​ប្រាក់ខែ ទាប​បំផុត​ជិត​១​ពាន់​ដុល្លារ​អាមេរិក​ និង​ខ្ពស់បំផុត​ជិត​២​ពាន់​ដុល្លារ​អាមេរិក​។​

សូមបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​ មាន​ពលករ​បរទេស​កំ​ពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន​ចំនួន​១​លាន​២​សែន​នាក់​ ស្មើនឹង​ចំនួន​១៥​ប្រទេស​ ហើយ​កម្ពុជា​ឈរលើ​លេខ​រៀង​ទី​៧ ​ដោយមាន​កម្មសិក្សាការី​ជាង​៩​ពាន់​នាក់​ ធ្វើការ​ទៅលើ​វិស័យ​ឧស្សាហកម្ម កសិកម្ម សេវាកម្ម និង​ថែទាំ​មនុស្ស​ចាស់​ជាដើម ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu