Ad Code

សម្ដេច​តេ​ជោ​ ហ៊ុន សែន ៖ កម្ពុជា​ ត្រូវ​តែ​មាន​សន្តិភាព​ ជា​ដរាប​



​ភ្នំពេញ ៖ នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​ប្រកាស​យ៉ាង​ជាក់លាក់​ថា ​ប្រទេស​កម្ពុជា ​ត្រូវតែមាន​សន្តិភាព​ជានិច្ច ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។

ដោយ​ភ្ជាប់​ជាមួយនឹង​រូបថត​ជាច្រើន​សន្លឹក​ ដែលមាន​ទាំង​រូបថត​ ស​ខ្មៅ ពី​អតីតកាល និង​រូបថត ​នៃ​ការអភិវឌ្ឍ ​នៅក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ ​សម្ដេច​តេ​ជោ​ បាន​លើកឡើងថា កម្ពុជា ​ត្រូវតែមាន​សន្តិភាព​ជា​ដរាប​តទៅ។​

រូបថត​ស​ខ្មៅ​មួយ​សន្លឹក ​ដែល​យើង​បានឃើញ គឺជា​ទិដ្ឋភាព​មួយផ្នែក នៃ​ទីក្រុង​ភ្នំពេញ​ ដែល​ត្រូវ​បាន​បំផ្លាញ និង​បោះបង់ចោល​ ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ប៉ុលពត នា​អំឡុង​ឆ្នាំ ១៩៧៥-១៩៧៩។​

នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ សម្ដេច​តេ​ជោ​ ហ៊ុន សែន បាន​សរសេរ​ទៀត​ថា​ កម្ពុ​ជា មាន​សន្តិភាព​ពេញលេញ​ជាង​២០​ឆ្នាំ​មកនេះ ទីក្រុង​ភ្នំពេញ​ ត្រូវបាន​អភិវឌ្ឍន៍​ឲ្យ​រីកលូតលាស់​ទៅមុខ​ឥត​ឈប់ឈរ​។ ដូច្នេះ ​យើង​ត្រូវ​រួមគ្នា​ថែរក្សា ការពារ​សន្តិភាព​ឲ្យ​ខាងតែបាន ​ដើម្បី​កុំ​ឲ្យ​ប្រទេស​ជាតិ​វិល​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើង ​នៃ​សង្គ្រាម និង​ការ​បំផ្លិចបំផ្លាញ​សាជាថ្មី​។​ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ ជួបតែ​សេចក្តី​សុខ ​និង​សំណាងល្អ​គ្រប់​ទីកន្លែង​។​

ការ​សរសេរ​ក្រើនរំលឹក ​និង​លើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ​ខៈណៈដែល​បណ្តា​ប្រទេស មួយ​ចំនួន​នៅលើ​ពិភពលោក​ បាននិងកំពុង​ដែលមាន​អសន្តិសុខ ចលាចល​ ច្របូកច្របល់​ ដោយ​ភ្លើង​សង្គ្រាម ការ​ហួងហែង​រើសអើង បណ្ដាលឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ស្លាប់​ជា​រៀងរាល់ថ្ងៃ ប្រទេស​ជាតិ​ ដែល​ធ្លាប់​រុងរឿង​ បែរជា​ខ្ទេចខ្ទាំ ​ដោយសារ​គ្រាប់បែក​របស់​អាមេរិក ដូចជា​នៅ​ប្រទេស​ស៊េរី​ជា​ដើម។ ហើយ​ឥឡូវនេះ​ ស្រមោល​ភ្លើង​សង្គ្រាម និង​ការ​បែកបាក់​កំពុង​អង្រួន​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ ដោយសារ​សហរដ្ឋអាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​មួយចំនួនទៀត​របស់​អាមេរិក​កំពុង​លូកដៃ​ចូល​កកូរកកាយ​កិច្ចផ្ទៃក្នុង​ប្រទេស​ដ៏​ឆើតឆាយ​មួយ​នេះ ​ក្រោម​រូបភាព​លើក​បន្តុប​មេ​បក្ស​នយោបាយ​ប្រឆាំង​ ធ្វើជា​ប្រធានាធិបតី​ តាមរបៀប​ដែល​អាមេរិក​ចង់បាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu