អ្នកប្រជាធិបតេយ្យកំពូលក្នុងសភាបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានយល់ព្រមយកថ្ងៃទី៥ខែកុម្ភៈធ្វើជាកាលបរិច្ឆេទថ្មីដើម្បីថ្លែងសុន្ទរកថា “ស្ថានភាពសហព័ន្ធ” ឬ State of the Union ស្របពេលដែលឥឡូវនេះរដ្ឋាភិបាលអាមេរិកបានបើកឡើងវិញទាំងស្រុង។
កាលបរិច្ឆេទនេះគឺមានរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះមុនថ្ងៃផុតកំណត់សម្រាប់សមាជិកសភានិងលោកប្រធានាធិបតីដើម្បីយល់ព្រមលើកញ្ចប់ថវិកាសន្តិសុខនៅតាមព្រំដែនដែលបញ្ចៀសការបិទរដ្ឋាភិបាលជាបន្តបន្ទាប់។
ប្រធានសភាជាតិលោកស្រី Nancy Pelosi បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Trump ថា “ខ្ញុំសូមអញ្ជើញអ្នកឲ្យថ្លែងសុន្ទរកថា State of the Union របស់អ្នកនៅចំពោះមុខកិច្ចប្រជុំរួមរបស់សភានៅថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៩នៅក្នុងសភា”។ លោកស្រីនិយាយថា អ្នកទាំងពីរបានយល់ព្រមទៅវិញទៅមកលើកាលបរិច្ឆេទនេះ។
ពីដើមឡើយ លោកស្រី Pelosi បានអញ្ជើញលោក Trump ឲ្យថ្លែងសុន្ទរកថានៅថ្ងៃអង្គារនេះប៉ុន្ដែបានដកការអញ្ជើញវិញដោយសារការព្រួយបារម្ភផ្នែកសន្តិសុខក្នុងអំឡុងពេលបិទរដ្ឋាភិបាលហើយបានប្រាប់លោកប្រធានាធិបតីថា នឹងគ្មានការថ្លែងសុន្ទរកថាទៅកាន់សភាទេរហូតដល់ប្រតិបត្តិការរបស់សហព័ន្ធដំណើរការឡើងវិញ។
ជម្លោះរវាងប្រធានាធិបតីនិងគូប្រជែងសំខាន់របស់គាត់នៅក្នុងសភាបាននាំទៅដល់ការបិទរដ្ឋាភិបាលដោយផ្នែកដែលបណ្តាលឲ្យកម្មករសហព័ន្ធប្រមាណ៨០០,០០០នាក់គ្មានប្រាក់ឈ្នួលរយៈពេលប្រាំសប្តាហ៍។
លោក Trump បានទទូចថា សភាត្រូវផ្តល់មូលនិធិចំនួន៥.៧ពាន់លានដុល្លារសម្រាប់ជញ្ជាំងនៅតាមព្រំដែនសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិកដោយលោកបានប្រកាសថា វាជាអាទិភាពសន្តិសុខជាតិកំពូល។
ប៉ុន្តែលោកស្រី Pelosi និងគណបក្សប្រជាធិបតេយ្យរបស់លោកស្រីបានបដិសេធការទាមទារនេះ។ នៅទីបំផុត លោក Trump សុខចិត្តដកថយហើយបានចុះហត្ថលេខាលើវិធានការបណ្តោះអាសន្នមួយដែលបើកភ្នាក់ងាររបស់រដ្ឋាភិបាលឡើងវិញប៉ុន្តែកំណត់ត្រឹមថ្ងៃទី១៥ខែកុម្ភៈប៉ុណ្ណោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments