បេសកជនអង្គការសហប្រជាជាតិសម្រាប់ប្រទេសយេមែនបាននិយាយកាលពីថ្ងៃចន្ទថា ពេលវេលាកំណត់សម្រាប់បទឈប់បាញ់មួយនៅទីក្រុង Hodeida និងការដោះដូរអ្នកទោសរវាងភាគីជម្លោះត្រូវបានពន្យារ។
លោក Martin Griffiths បានរៀបចំកិច្ចចរចាសន្តិភាពដ៏លំបាករវាងរដ្ឋាភិបាលយេមែនដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងក្រុមឧទ្ទាម Huthi ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ុយអ៊ែតកាលពីខែមុន។
ភាគីទាំងពីរដែលបានធ្វើសង្គ្រាមអស់រយៈពេល៤ឆ្នាំមកហើយនោះបានព្រមព្រៀងគ្នាក្នុងការចរចាដើម្បីដោះដូរអ្នកទោសដ៏ច្រើននាក់និងកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏មានមហិច្ឆតាមួយនៅទីក្រុង Hodeida ដែលជាទីក្រុងកំពង់ផែដ៏មានតម្លៃបំផុតរបស់ប្រទេសក្រីក្រមួយនេះ។
លោក Griffiths ដែលកំពុងស្ថិតក្នុងទីក្រុង Sanaa ដែលកាន់កាប់ដោយពួកឧទ្ទាមសម្រាប់ដំណើរជាលើកទីបីរបស់គាត់ទៅកាន់ប្រទេសយេមែននៅខែនេះបាននិយាយថា “មានការផ្លាស់ប្តូរពេលវេលាកំណត់” សម្រាប់កិច្ចព្រមព្រៀងទាំងពីរនេះ។
លោកបានប្រាប់កាសែត Asharq Al-Awsat ដែលគ្រប់គ្រងដោយអារ៉ាប៊ីសាអ៊ូឌីតថា “សន្ទុះនៅតែមានបើទោះបីជាយើងបានពន្យារពេលវេលាកំណត់សម្រាប់ការអនុវត្តបន្ថែមទាំងនៅក្នុងទីក្រុង Hodeida និងទាក់ទងទៅនឹងកិច្ចព្រមព្រៀងដោះដូរអ្នកទោសក៏ដោយ។ យើងកំពុងដោះស្រាយជាមួយនឹងស្ថានភាពដ៏ស្មុគស្មាញនៅលើដី”។
ស្របពេលជាមួយគ្នានោះ លោក Griffiths ក៏បានបញ្ជាក់ផងដែរចំពោះសេចក្តីរាយការណ៍អំពីផែនការក្នុងការជំនួសតំណែងលោកឧត្តមសេនីយ៍ចូលនិវត្តជនជាតិហូឡង់ឈ្មោះ Patrick Cammaert ដែលជាប្រធានក្រុមឃ្លាំមើលបទឈប់បាញ់នៅទីក្រុង Hodeida ។
លោកនិយាយថា “ផែនការរបស់លោកឧត្តមសេនីយ៍ Cammaert គឺស្ថិតនៅក្នុងប្រទេសយេមែនរយៈពេលខ្លីដើម្បីកំណត់មូលដ្ឋានសម្រាប់ការបង្កើតបេសកកម្មទីក្រុង Hodeida។ ការប៉ាន់ស្មានទាំងអស់អំពីមូលហេតុផ្សេងទៀតសម្រាប់ការចាកចេញរបស់លោក Patrick គឺមិនត្រឹមត្រូវទេ”។
លោក Cammaert បានទៅដល់ប្រទេសយេមែនកាលពីថ្ងៃសៅរ៍។
នៅឯអង្គការសហប្រជាជាតិ ក្រុមអ្នកការទូតបានប្រាប់ AFP ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជ្រើសរើសអតីតឧត្តមសេនីយ៍សញ្ជាតិដាណឺម៉ាកឈ្មោះ Michael Lollesgaard ដើម្បីជំនួសលោក Cammaert ៕ AFP
Source: Kampuchea Thmey Daily
0 Comments