Ad Code

ជនសង្ស័យ​៤​នាក់​ជំនាញ​ខាង​លួច និង​កាច់​សោ.​ម៉ូតូ​ ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន



បន្ទាយមានជ័យ ៖ ក្រោយពី​ទទួល​តាម​ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ​៤​នាក់​អំពី​ករណី​ចោរលួច​ម៉ូតូ​រួចមក​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ប៉ោយប៉ែត បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​នៅ​ល្ងាច​ថ្ងៃទី​២៣​ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គីឡូ​ត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទា​យ​មានជ័យ ជនសង្ស័យ​និង​វត្ថុ​តាង កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​លោក​បាន​សួរនាំ​ជនសង្ស័យ ​ទើប​ដឹង​១​ឈ្មោះ វ៉ាង ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២​ឈ្មោះ ខៀវ សារិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣​ឈ្មោះ ចាន់ ស្រី​លាក់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ផ្ទះជួល​ផ្លូវ​ចូល​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ស្ថិតក្នុង ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទា​យ​មានជ័យ ៤​ឈ្មោះ សន ធា​រិ​ទ្ធ ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​ជ័យ និង​ដកហូត​វត្ថុតាង​រួមមាន​១​ម៉ូតូ​ចំនួន ៤​គ្រឿង​១​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង ២​ម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ចំនួន ១​គ្រឿង ៣​ម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ចំនួន​១​គ្រឿង ៤​ម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ​២០១១ ពណ៌​ខ្មៅ ចំនួន​១​គ្រឿង និង​ស្លាក​លេខ​ម៉ូតូ​ចំនួន ៥​សន្លឹក ព្រមទាំង​សម្ភារៈ​កែច្នៃ​ម៉ូតូ មួយ​ចំនួន​ធំ​។



ក្នុង​នោះ​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ពិតជា​បាន​លួច និង​កាច់.កសោ​ម៉ូតូ តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ និង​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ បានជា​ច្រើន​គ្រឿង​មក​ហើយ ពេល​លួច​បាន ខ្លួន​និង​បក្សពួក បាន​យក​ម៉ូតូ​មក​កែច្នៃ​ឲ្យ​ប្លែក​ពី​សភាព​ដើម ហើយ​បាន​យក​ទៅ​លក់ និង​ដាក់បញ្ចាំ​ដាច់​នៅ​តាម​កន្លែង​ផ្សេងៗ។



លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់​ទៀត​ថា ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឃើញថា​ មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុ​តាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់ ចំណែក​ម៉ូតូ ចំនួន ៤គ្រឿង កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu