Ad Code

អាជ្ញាធរ​ខណ្ឌទួលគោក ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ចុះ​ផ្សព្វផ្សាយ ណែនាំ មិន​ឲ្យ​ធ្វើ​អាជីវកម្ម​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​រួមគ្នា​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​



ភ្នំពេញ​ ៖ ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ តាម​ដងផ្លូវ និង​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ន័យ​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ចរាចរណ៍ លើកកម្ពស់​សោភ័ណភាព​ទីក្រុង និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការប្រើប្រាស់​ចិញ្ចើម​ផ្លូវ​នោះ នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​នេះ លោក ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌទួលគោក បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ ចុះ​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់ និង​ផ្សព្វផ្សាយ ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​នានា នៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម ម្តុំ​សាលា​សន្ធរម៉ុក សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។



លោក ចាន់ បណ្ឌិត បាន​ថ្លែងប្រាប់​អ្នកកាសែត​ខណៈ​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​នេះ​ថា យោង​តាម​បទបញ្ជា​របស់​លោក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​អភិបាលខណ្ឌ​ទួលគោក ក្រុមការងារ​បាន​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ទាំង​១០​សង្កាត់​ក្នុង​ខណ្ឌទួលគោក ក្នុង​គោលបំណង​ចុះ​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ ក៏ដូចជា​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​កំណត់​ចិញ្ចើម​ផ្លូវ​សាធារណៈ សម្រាប់​ជា​ប្រយោជន៍​ដល់​បងប្អូន​ទូទៅ ក៏ដូចជា​សោភ័ណភាព​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​បច្ចុប្បន្ន​ផងដែរ​។



លោក​បាន​បន្ត​ថា ក្នុងថ្ងៃនេះ ក្រុមការងារ​បាន​ចុះ​មក​ផ្សព្វផ្សាយ​មាន​ចំនួន​៣​សង្កាត់ គឺ​សង្កាត់​ទឹកល្អក់​១ សង្កាត់​ផ្សារ​ដេប៉ូ​៣ និង​សង្កាត់​ផ្សារ​ដេប៉ូ​២ ។ នៅ​សង្កាត់​ទឹកល្អក់​១ ដូចដែល​បងប្អូន​បានដឹង​ហើយ ដោយមាន​គោលការណ៍​ដាក់ចេញ ជា​អាទិភាព​ក្នុង​ការ​រៀបចំ​តម្រាយ​ផ្លូវ​១១​ខ្សែ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​អនុវត្ត​ជាប្រចាំ ក្នុង​រយៈកាល​កន្លងមក ឃើញ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ដោយមាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ដោយឡែក​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​នៅតែ​គឃ្លើន មិន​សហការ ក្នុង​ការ​ចូលរួម​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​នោះ​ទេ គឺ​ពួកគាត់​នៅតែ​បន្ត​ចត​រថយន្ត ម៉ូតូ និង​បន្ត​ដាក់តាំង​លក់​របស់របរ​នៅលើ​ចិញ្ចើមផ្លូវ​ដដែល ហេតុដូច្នេះ​ហើយ​ទើប​នៅថ្ងៃនេះ យើង​បាន​ចុះ​ផ្សព្វផ្សាយ​លើក​ចុង​ក្រោយ។



លោក​បាន​បញ្ជាក់​ថា “​រដ្ឋបាល​ខណ្ឌទួលគោក គឺ​បាន​កំណត់​ឲ្យ​ពួកគាត់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្នុង​ការ​ថយ ពីលើ​ចិញ្ចើម​ផ្លូវ​សាធារណៈ គឺកំណត់​ត្រឹម​មួយ​ភាគបី នៃ​ចិញ្ចើម​ផ្លូវ “​។

លោក​បាន​បន្ថែមថា ដោយឡែក​ចំពោះ​រថយន្ត​ធុន​ធំ​ចូល​ក្រុងភ្នំពេញ ក្នុង​រយៈពេល​កន្លងមក អាជ្ញាធរ​ខណ្ឌទួលគោក បាន​អនុវត្តន៍​ជាប្រចាំ ដោយ​ជាក់ស្តែង​ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ បាន​ឃាត់​រថយន្ត​ធុន​ធំ​ចំនួន​ជាង​២០​គ្រឿង ហើយ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយនឹង​បន្ត​ចាប់​រថយន្ត​ធុន​ធំ​ទៀត ប្រសិនបើ​មាន​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​ឆ្លងកាត់ ក្នុង​ខណ្ឌ​នោះ​។



យោងតាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ គឺ​ទុក​រយៈពេល​មួយ​ខែ គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តីណែនាំ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ដើម្បី​ធ្វើការ​កែសម្រួល និង​រៀបចំ​ទីតាំង​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ខ្លឹមសារ​ណែនាំ ប៉ុន្តែ​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ការដ្ឋាន មិន​ចូលរួម​អនុវត្តន៍​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​រដ្ឋបាល គឺ​បិទ​អាជីវកម្ម ផ្អាក​ការដ្ឋាន ដកហូត​សម្ភារ រុះរើ​សំណង់ ។​ល​។ ក្នុងករណី​ចាំបាច់​ត្រូវ​ចាត់វិធានការ​ច្បាប់​ជា​ធរមាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu