ស្វាយរៀង ៖ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវ និងបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នា នៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៤នាក់ ក្នុងនោះស្រីម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន១៨កញ្ចប់(ធំ០៩កញ្ចប់)ទម្ងន់២៦.៤៤ក្រាម។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ រហូតមកដល់ថ្ងៃទី២៤មករា ក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងមានការសម្របសម្រួលពី លោក គង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។
ប្រភពខាងលើបានបន្តទៀតថា មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៤នាក់(ស្រី០១នាក់)រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន១៨កញ្ចប់(ធំ០៩កញ្ចប់) ទម្ងន់២៦.៤៤ក្រាម ព្រមទាំងសម្ភារៈវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការស្រាវជ្រាវ និងបង្ក្រាបបានចំនួន០៣ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀង៕
Source: Kampuchea Thmey Daily
0 Comments