Ad Code

បែកធ្លាយ​ទំហំ​ផ្ទៃដី​ព្រៃរនាម ដែល​គេ​ទន្ទ្រាន សរុប​រាប់ពាន់​ហិក​តា​



បាត់ដំបង ៖ គណៈកម្មការ​ចម្រុះ​មួយ​ក្រុម ត្រូវបាន​បង្កើតឡើង ដើម្បី​ចុះ​ពិនិត្យ និង​សិក្សា​ទៅលើ​ផ្ទៃ​ដី នៅក្នុង​តំបន់​រនាម​ក្រោម ដែល​ត្រូវបាន​មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន ឃុបឃិត​គ្នា​ចុះ​ធ្វើការ​ឈូស​ឆាយ បង្កើតជា​ព្រំដី​រៀងៗ​ខ្លួន​ដែល​សរុប​មាន​ទំហំ​រាប់ពាន់​ហិកតា។​

គួរ​បញ្ជាក់ដែរថា កន្លងមក​មានការ​ដាក់​គ្រឿងចក្រ​ចុះ​ឈូសឆាយ​ដីព្រៃ​ក្នុង​តំបន់​៣ស្ថិតនៅ​ចំណុច គុម្ព​តូច អណ្តូង​ថ្កូវ និង​អណ្តូង​ស្នោ ដែលមាន​ទីតាំងនៅ​ខាងកើត ឆៀងខាងជើង អូរ​តា​ចាន់ ក្នុងភូមិ​សាស្ត្រ ភូមិ​ដូន​ទ្រី និង​ភូមិ​អង្គ្រង ក្នុង​ឃុំ​ជ្រៃ​ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។​

​បើតាម​ប្រភព​ច្បាស់​ការ​មួយ​បាន​បង្ហើប​ថា អស់លោក​ដែល​ជា​មន្ត្រីរាជការ និង​អាជ្ញាធរ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​រនាម​ក្រោម ដោយបាន​ប្រើប្រាស់​គ្រឿងចក្រ​ក្នុងការ​ឈូសឆាយ កាយ​ជា​ប្រឡាយ​ធ្វើ​ព្រំដី​នោះ គឺមាន​ លោក ពេជ្រ​ ម៉ាឡៃ អតីត​អភិបាលស្រុក​មោង លោក​ នូ ស៊ីធឿន ក្រុម​ប្រឹក្សា​ស្រុក​មោងឬស្សី​ លោក ប្រាក់ ងួន មេបញ្ជាកា​រ​រង កងរាជអាវុធហត្ថ​ស្រុក និង​លោក ថា​ន់ ស៊ន​ ប្អូនបង្កើត​របស់​លោក​មេឃុំ​ជ្រៃ​តែម្ដង។​

​ជុំវិញ​បញ្ហា​នេះ លោក​អភិបាលស្រុក​មោងឬស្សី ទេព ហន បានលើកឡើង​តាមរយៈ​ទូរស័ព្ទ​ថា លោក​ទទួលស្គាល់ថា ពិតជា​មានការ​ឈូសឆាយដី​ព្រៃ​នៅក្នុង​តំបន់​ខាងលើ​មែន ហើយ​នៅពេល​ដែល​លោក​ដាក់​កម្លាំង​ឲ្យ​ចុះទៅពិនិត្យ គឺ​ជនសង្ស័យ​បាន​ដក​គ្រឿងចក្រ​ចេញ​មុន​អស់​បាត់ទៅ​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​លោក​នៅតែ​បន្ត​ឲ្យ​កម្លាំង​តាមឃ្លាំមើល​តទៅទៀត​ដែរ​ ដើម្បី​ចង់​ដឹង​អំពី​មុខសញ្ញា ព្រោះ​លោក​បាន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​គ្រឿងចក្រ​អស់ហើយ។​

​កាលពី​ថ្ងៃទី​២១​មករា កន្លងទៅ​ថ្មីៗ​នេះ កម្លាំង​ចម្រុះ​ ដែល​ក្នុង​នោះ​ មាន​សហគមន៍​នេសាទ​ដូន​ទ្រី ក្រុម​ប្រឹក្សាឃុំ​ជ្រៃ សង្កាត់​រដ្ឋបាល​ជលផល​សង្កែ​ សង្កាត់​រដ្ឋបាល​ជលផល​មោងឬស្សី ផ្នែក​រដ្ឋបាល​ជលផល​អន្លង់​វិល និង​អាជ្ញាធរ​ស្រុក​មោងឬស្សី បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង លើ​ករណី​ការ​កាយ​ព្រំដី​
​ធ្វើជា​ក្រវាត់​ដី​ព្រៃ​លិច​ទឹក ក្នុង​កន្លែង​នេសាទ សហគមន៍​ដូន​ទ្រី ឃុំ​ជ្រៃ។​

​ជាក់ស្តែង​នៅ​ចំណុច ព្រៃ​អ្នកតា ក្នុងភូមិ​អង្គ្រង ឃុំ​ជ្រៃ ជនល្មើស​បាន​កាយ​ប្រឡាយ លើក​ភ្លឺ ព័ទ្ធ​ជុំវិញ​យក​ដីព្រៃ​លិច​ទឹក សរុប​១​៥០ហិកតា​(​ចតុកោណកែង​) ស្ថិតក្នុង​តំបន់​៣ ជាប់​ស្ទឹង​ដូន​ទ្រី ដែល​ជា​តំបន់ហាមឃាត់។​

​ដោយឡែក​ដីព្រៃ​លិច​ទឹក​ចំនួន​២​កន្លែង​ទៀត ដែល​គេ​សង្ស័យថា អាចមាន​៣​ម្ចាស់ គឺ​ស្ថិតនៅ​តំបន់ ភ្នំ​ភ្នាង ត្រ​សេក រាំង ផ្ទោល ប្រ​បួ​យ​ប្រ​បាច និង ថ្វាង​ ត្រូវបាន​ជនល្មើស​ប្រើ​គ្រឿងចក្រ​កាយ​ជា​ប្រឡាយ និង​លើក​ភ្លឺ ដែលមាន​កម្ពស់​០,៦១​ម៉ែត្រ ខ្នង​លើ​១​ម៉ែត្រ និង បាត​ក្រោម​១,៥០​ម៉ែត្រ ដែល​មាន​បណ្ដោយ​ប្រវែង​១.៥០០​ម៉ែត្រ ( ត្បូង ជើង ) និង ទទឹង ប្រវែង​១.០០០​ម៉ែត្រ ( លិច កើត )។​

ក្រោយពី​ការស្រាវជ្រាវ​របស់​ក្រុមការងារ​ចម្រុះ​រួចមក បាន​បង្ហាញថា ម្ចាស់​គ្រឿងចក្រ​គឺមាន ​ឈ្មោះ ម៉ៅ សល រស់នៅ​ភូមិ​ដូន​ទ្រី និង​ឈ្មោះ ថា​ន់ ស៊ន​ រស់នៅ​ឃុំ​ជ្រៃ។​

ជុំវិញ​បញ្ហា​នេះ កម្ពុ​ជាថ្មី បាន​ព្យាយាម​ទំនាក់ទំនង ទៅកាន់​មន្ត្រីរាជការ និង​អាជ្ញាធរ​ដែលមាន​ឈ្មោះ លើ​ការទន្ទ្រាន​ដីព្រៃ​នេះ ប៉ុន្តែ​គឺ​មិនអាច​ទាក់ទង​បាន​ទាំងអស់ ទើបតែ​នៅ​ព្រឹក​ថ្ងៃទី​២៤​មករា នេះ ក៏​អាចទាក់ទង​ទៅ​លោក​ក្រុមប្រឹក្សា​ស្រុក​បាន គឺ​លោក នូ ស៊ីធឿន ដែល​ល្បី​ថា មាន​ដី​ធំជាងគេ នៅ​ក្នុង​តំបន់​រនាម​ក្រោម​នេះ ដោយ​លោក​បាន​លើកឡើងថា លោក​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ ដោយសារតែ​លោក​ទើបនឹង​ត្រឡប់​មកពី​ក្រៅប្រទេស ដូច្នេះ​សូម​រង់ចាំ​ឲ្យ​លោក​ធ្វើដំណើរ​ទៅដល់​មូលដ្ឋាន​សិន។​

​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នេះ ក៏មាន​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សង្កែ​ដែរ ​ដូចជា​ នៅ​ក្នុង​ឃុំ អន្លង់​វិល ឃុំ​កំពង់ព្រះ និង​ឃុំ​កំពង់​ព្រៀង ជាដើម ..។​ល​.។ ដែល​នៅ​ទីនោះ ក៏​ល្បី​ថា​មាន​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រីរាជការ​ដែរ ពិសេស​គឺ​ប៉ូលិស​តែម្ដង​ ប៉ុន្តែ​បញ្ហា​នេះ គឺ​កម្ពុ​ជាថ្មី នឹង​ធ្វើ​ការផ្សាយ​ជា​បន្ត​ ប្រសិន​បើ កម្ពុ​ជាថ្មី រក​បាន​ឯកសារ​ពាក់ព័ន្ធ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu