កីឡាករជើងខ្លាំង នី សុភី អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ឡើងតតាំងនិងកីឡាករថៃម៉ាណាវថង ស៊ុឆាទុថៈណាយខ្វាម ខណៈកីឡាករ លិញ ភារម្យ អ្នកប្រដាល់មកពីក្លិបឆ្មាសរសែនសុខគុនខ្មែរ ត្រូវជួបជាមួយកីឡាករថៃវីហ្គោ ស.ដានឆ័យ ក្នុងលក្ខណៈមិត្តភាពអន្តរជាតិ សាកស្នៀតគុននៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី២៧ ខែមករា ឆ្នាំ២០១៩នេះ។
កីឡាករ នី សុភី ជួបកីឡាករថៃម៉ាណាវថង ស៊ុឆាទុថៈណាយខ្វាម នេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះធ្លាប់បានយកឈ្នះកីឡាករកម្ពុជាជាច្រើននាក់ ស្នៀតខ្លាំងរបស់គេ គឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្ដួល។ ចំណែក នី សុភី នរណា ក៏ទទួលស្គាល់ថា គេមានស្នៀតជង្គង់ល្អដែរ ពេលប្រកួតរាល់លើក សុទ្ធតែផ្ដួលគូតស៊ូពីក្បាច់ជង្គង់ពិឃាដរបស់គេនេះតែម្ដង។
ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ សុភី គេចូលចិត្តប្រើស្នៀតកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន។ ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា នី សុភី មួយរយៈចុងក្រោយនេះ បើទោះជាគេខកខានមិនបានគ្រងខ្សែក្រវាត់ជាច្រើនលើកក៏ពិតមែន ក៏ប៉ុន្តែ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថា នី សុភី ពិបាកផ្ដួល និងកំពុងធ្វើឲ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិ និងអន្តរជាតិនៅក្នុងស្រុក។ ចាំមើលកីឡាករ ឡុង សុភី និងកីឡាករ ថៃម៉ាណាវថង ស៊ុឆាទុថៈណាយខ្វាម នរណាជាអ្នកឈ្នះដណ្តើមយកភាពល្បីល្បាញជាបន្តទៀតនោះ?។
ដោយឡែកកីឡាករ លិញ ភារម្យ ត្រូវជួបជាមួយកីឡាករថៃវីហ្គោ ស.ដានឆ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេ គឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្ដួល។
ចំណែកកីឡាករ លិញ ភារម្យ គេជាកីឡាករជើងថ្មីកំពុងធ្វើឲ្យអ្នកតាមដានប្រដាល់ចាប់អារម្មណ៍ចំពោះស្នៀតប្រយុទ្ធរបស់គេ ការប្រកួតកន្លងមកគេប្រើបានទាំងដៃទាំងជើងតែម្ដង។ លិញ ភារម្យ គេជាអ្នកប្រដាល់ស្រករក្រោយមែនតែចិត្តរបស់គេធំខ្លាំងណាស់មិនតែប៉ុណ្ណោះ គេវាយដោយហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើតទៀតផង។ ចាំមើលរវាងកីឡាករលិញ ភារម្យ និងកីឡាករថៃវីហ្គោ ស.ដានឆ័យ នរណាជាអ្នកឈ្នះ?៕
Source: Kampuchea Thmey Daily
0 Comments