ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យសេសសល់ម្នាក់ទៀត បន្ទាប់ពីរូបគេ និងបក្ខពួកបួននាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចមុខហាងសាំងតេលា ផ្លូវ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
ជនសង្ស័យ ឈ្មោះ អឿ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៥១ ក្នុងភូមិធំជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ចំណុចផ្សារភូមិធំ ក្នុងភូមិធំត្បូង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះ ឈ្មោះ សុខ ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ០៨៩ ផ្លូវរថភ្លើងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីឆក់ទូរស័ព្ទដៃបង្កឡើង ដោយជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូម៉ាកប៊ីត ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ,ព1HD2002 និងម៉ូតូC125 ពណ៌ខ្មៅ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ កាលពីថ្ងៃខែឆ្នាំខាងលើ។
ជនសង្ស័យទាំង៤នាក់នោះ ៖ ទី១-ឈ្មោះ ថុន បុរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ស្វាយប៉ាក(មានសារធាតុញៀន)អ្នកបើកម៉ូតូ (ឃាត់ខ្លួន)។ ទី២-ឈ្មោះ និត ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ(មានសារធាតុញៀន)ជាអ្នកធ្វើសកម្មភាពឆក់ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះ ផេង ដារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល(មានសារធាតុញៀន)បក្ខពួក (ឃាត់ខ្លួន)។ ទី៤-ឈ្មោះ អឿ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ ដែលកាលណោះបានគេចខ្លួន។
សម្ភារៈដកហូតរួមមាន ម៉ូតូ២គ្រឿង ម៉ាកប៊ីត ពណ៌សលាយខៀវ១គ្រឿង ពាក់ស្លាកលេខ ភ ព1HD2002 ម៉ូតូជិះធ្វើសកម្មភាព, ម៉ាកC110 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២មួយគ្រឿង ពាក់ស្លាកលេខ ភព1BQ1086 ,ទូរស័ព្ទចំនួន៤គ្រឿង ម៉ាកអាយហ្វូនភ្លើស ពណ៌ខ្មៅ១គ្រឿង ជារបស់ជនរងគ្រោះ, ម៉ាកអាយហ្វូនស៊ិច ពណ៌ស១គ្រឿង ជារបស់ជនសង្ស័យ, ម៉ាកនូគាអ៊ិនចុចពិល៣គ្រឿង ជារបស់ជនសង្ស័យ។
សមត្ថកិច្ចបន្តថា នៅថ្ងៃ ខែ ឆ្នាំខាងលើ ជនរងគ្រោះ បានជិះម៉ូតូដឹកប្រពន្ធ ដោយដាក់ទូរស័ព្ទនៅក្នុងហោប៉ាវអាវខាងមុខ ជិះតាមបណ្ដោយផ្លូវ៥៩៨ ពីត្បូងទៅជើងពេលដល់ចំណុចកើតហេតុខាងលើជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ចំណែកឯម៉ាកប៊ីត ពាក់ស្លាកលេខ1HD2002 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះពីហោប៉ាវអាវរួចគេចខ្លួនបាត់ ដោយជនរងគ្រោះបានស្គាល់ស្លាកលេខ និងភិនភាគម៉ូតូ ក៏បានមកដាក់ពាក្យបណ្តឹង បន្ទាប់ពីបានទទួលពាក្យបណ្ដឹង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យក្នុងករណីឆក់ចំនួន៣នាក់ខាងលើ នៅចំណុចផ្ទះសំណាក់បឹងលាភ ផ្លូវបេតុង ក្រុមទី៨ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ព្រមទាំងម៉ូតូដែលជិះធ្វើសកម្មភាព និងទូរស័ព្ទរបស់ជនរងគ្រោះមកវិញ។
បន្ទាប់មក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបាន សហការកម្លាំងជំនាញខណ្ឌព្រែកព្នៅ ឈានទៅឃាត់ជនសង្ស័យ១នាក់ទៀតឈ្មោះ អឿ ចន្ថា នៅខណ្ឌព្រែកព្នៅ ទីតាំងខាងលើដកហូតសម្ភារៈម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅស៊េរី២០១៨ ពាក់ស្លាកលេខ1HG 6689។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments