Ad Code

អាជ្ញាធរ​ខេត្ត​ កំពុង​ដាំ​ដើម​ផ្កា​ឈូករ័ត្ន​ជាង​៥០​ម៉ឺន​ដើម ​នៅ​សងខាង​មាត់ទន្លេ​ផ្សារ​ក្រោម​ ដើម្បី អបអរ​ពិធី​បុណ្យ​ទន្លេ​ លើក​ទី៥ ក្នុង​ក្រុង​កំពង់ឆ្នាំង​​



កំពង់ឆ្នាំង ​៖ នៅក្នុង​បំណាច់​ខែ​មករា​នេះ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ នឹង​សម្រុក​ដាំ​ដើម​ផ្កា​ឈូករ័ត្ន​ចំនួន​ជាង​៥០​ម៉ឺន តាម​ដី​នៅ​សងខាង​មាត់ទន្លេ​ជាង​២០០០​ម៉ែត្រ មុខ​ផ្សារ​ក្រោម ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ឲ្យ​បាន​រួចរាល់​ នៅ​ចុង​ខែ​មករា​នេះ ដែល​ត្រូវ​ចំណាយ​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ ដើម្បី​ត្រៀម​អបអរ​ការ​ធ្វើ​បុណ្យ​ទន្លេ​នៅ​ក្នុង​ខែ​មីនា​ខាងមុខនេះ​។​
លោក ម៉ុ​ន វុត្ថា ប្រធាន​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃ​ទី២៤​មីនា នេះ​ បាន​និយាយ​ឲ្យ​ដឹង​ថា តាម​គម្រោង​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​អបអរសាទរ​ការ​ធ្វើ​បុណ្យ​ទន្លេ​នៅ​ក្នុង​ខែ​មីនា​ខាងមុខនេះ សាលាខេត្ត​កំពង់ឆ្នាំង​បាន​សម្របសម្រួល និង​សហការ​ជាមួយ ​លោក ស៊ុំ សុជាតិ ស្នងការ​រង​នគរបាល ខេត្ត​កំពង់ឆ្នាំង ដែលជា​សប្បុរសជន កំពុង​ដាំ​ដើម​ផ្កា​ឈូករ័ត្ន​ប្រមាណ​ជាង៥០​ម៉ឺន​ដើម​ នៅ​សងខាង​មាត់ទន្លេ​មុខ​ផ្សារ​ក្រោម ដែលជា​កន្លែង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ទន្លេ ដើម្បី​បង្កើត​ឲ្យ​មាន​ផ្កា​ធម្មជាតិ​ស្រស់បំព្រង សម្រាប់​ស្វាគមន៍​ដឹកនាំ​ជាតិ​គ្រប់​លំដាប់​ថ្នាក់​ភ្ញៀវ​ជាតិ​អន្តរ​ជាតិ​គ្រប់​មជ្ឈដ្ឋាន ដែល​នឹង​អញ្ជើញ​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ទន្លេ​ ក្នុង​ពេល​ខាងមុខ​នេះ​។​

លោក​ឧត្ដមសេនីយ៍​ត្រី ស៊ុំ សុជាតិ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដែលជា​សប្បុរសជន​ស្ម័គ្រ​ចិត្ត​ជួយ​ដាំ​ដើម​ផ្កា​ឈូករ័ត្ន​ខាងលើនេះ បាន​និយាយ​ឲ្យ​ដឹងថា​ កន្លងមក​ លោក​ធ្លាប់​បាន​ដាំ​ផ្កា​ឈូករ័ត្ន​ជាង​៧​ពាន់​ដើម ​បាន​ជោគជ័យ​រួច​មក​ហើយ កាលពី​អំឡុង​ខែ៨ ខែ​កញ្ញា ឆ្នាំ២០១៨ នៅ​លើ​ដី​ទីស្នាក់ការ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង ដើម្បី​យក​គ្រាប់​ពូជ​នេះ​ទុក​ដាំ​បន្ត​ទៀត​។ ដោយឡែក ​ក្នុង​ពេលនេះ​ តាម​គម្រោង​ផែនការ​របស់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង លោក​បាន​ជួល​កម្មករ​ចំនួន​៤៦​នាក់​កំពុង​ដាំ និង​ថែទាំ​ដើម​ផ្កាឈូករ័ត្ន​ជាង​៥០​ម៉ឺន​ដើម​ លើ​ដី​នៅ​សងខាង​តាម​ច្រាំងទន្លេ​មុខ​ផ្សារ​ក្រោម មាន​បណ្ដោយ​ដី​ប្រវែង​២០០០​ម៉ែត្រ និង​ទទឹង​ដី​ពី​១៥​ម៉ែត្រ ទៅ​២០​ម៉ែ​ត្រែ ដែល​នឹង​ដាំ​ផ្កា​នេះ​ឲ្យ​រួចរាល់​នៅ​ចុងខែ​មករា​នេះ ដោយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ។​
លោក ស៊ុំ សុជាតិ បាន​បញ្ជាក់​ឲ្យ​ដឹងទៀតថា​ ពូជ​គ្រាប់​ផ្កាឈូករ័ត្ន លោក​ជ្រើសរើស​យក​មក​ពី​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ស្រុក​ខ្មែរ​យើង ដែល​ផ្កាឈូករ័ត្ន​នេះ​ជា​ប្រភេទ​ផ្កាឈូករ័ត្ន​របស់​ខ្មែរ វា​មាន​ផ្កា​បី​ស្រទាប់ និង​វា​អាច​បែកមែក​ចេញ​ផ្កា​ក្នុង​មួយ​ដើមពី​៤ ទៅ ៥​ផ្កា​ផងដែរ​ ខុសពី​ផ្កា​ឈូករ័ត្ន​នៅ​ប្រទេស​ថៃ​ ដែល​ក្នុង​មួយ​ដើម​មាន​ផ្កា​តែមួយ​ប៉ុណ្ណោះ​។ ផ្កា​ឈូករ័ត្ន​នេះ ​ត្រូវ​ដាំ​រយៈពេល​២​ខែ​ទើប​ចេញ​ផ្កា ហើយ​វា​អាច​រក្សា​ផ្កា​ឲ្យ​នៅ​ស្រស់បំព្រង​រយៈពេល​១​ខែ​កន្លះ ទើប​រុះរោយ​។ បើ​យើង​ដាំ​ឲ្យ​បាន​រួចរាល់​នៅ​ចុង​ខែ​ម​ករា​នេះ គឺ​វា​អាច​នឹង​ចេញ​ផ្កា​ស្រុះគ្នា​នៅ​ពាក់កណ្ដាល​ខែ​មីនា ដែល​ជា​ខែ​ត្រូវធ្វើ​បុណ្យ​ទន្លេ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​វា​អាច​បន្ត​រក្សា​សម្រស់​ផ្កា​នេះ​រហូតដល់​ចប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទើប​រុះរោយ​។

លោក ស៊ុំ សុជាតិ សូម​អំពាវនាវ​ផងដែរ ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង បើ​មានបំណង​ចង់​យក​ពូជ​កូន​ផ្កាឈូករ័ត្ន​នេះ​ទៅ​ដាំ​នៅក្នុង​មន្ទីរ​អង្គភាព និង​ដាំ​លំអ​នៅ​តាម​លំនៅដ្ឋាន លោក​នឹង​ចែកជូន​ដោយ​មិន​គិត​ថ្លៃ។ ព្រោះថា​លោក​នៅ​លក់​កូន​ផ្កា​ឈូករ័ត្ន​នេះ​ប្រមាណ​៥០​ម៉ឺន​ដើម​ទៀត ក្នុង​គោលបំណង​រួមគ្នា​ដាំ​ដុះ​ផ្កា​នេះ​នៅ​ក្នុង​ខេត្ត ក្រុង​កំពង់ឆ្នាំង ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​កំពង់ឆ្នាំង​មាន​ផ្កា​ស្រស់បំព្រង​គ្រប់​ទីកន្លែង ក្នុង​ពេល​ធ្វើបុណ្យ​ទន្លេ និង​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​ចូលរួម​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu