Ad Code

គ​.​ជ​.​ប ទទួលបាន​អនុសាសន៍​ពី​ស្ថាប័ន​ចំនួន​៨ ពាក់ព័ន្ធ​សេចក្តី​ព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣



ភ្នំពេញ ​៖ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជូន​សេចក្តី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ (​ប​.​ន​.​ក​) អាណ​តិ្ត​ទី​៣ ទៅកាន់​ភាគី​ពាក់ព័ន្ធ ចំនួន​៣៣ ស្ថាប័ន ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​រួចមក គ​.​ជ​.​ប បានទទួល​អនុសាសន៍​ត្រលប់​មកវិញ​ពី​ស្ថាប័ន​ចំនួន​៨ គិត​ត្រឹម​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩។

ស្ថាប័ន​ទាំងនោះ​រួមមាន ទី​១, អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ទី​២, ក្រសួងមហាផ្ទៃ ទី​៣, ក្រសួង​ព័ត៌មាន ទី​៤, គណបក្ស​ប្រជាជន​កម្ពុជា ទី​៥, គណបក្ស​យុវជន​កម្ពុជា ទី​៦, គណបក្ស​មាតុភូមិ​យើង ទី​៧, សហគមន៍​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម និង​ទី​៨, សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា ។

រាល់​អនុសាសន៍​ទាំងអស់​របស់​ស្ថាប័ន​ទាំងនេះ អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប នឹង​រៀបចំ​ដាក់​តាម​ជំពូក​នីមួយៗ ដើម្បី​យកទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ គ​.​ជ​.​ប នៅពេល​ខាងមុខ មុននឹង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។

សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជូន​សំណើ​ពិនិត្យ និង​ផ្តល់​យោបល់ លើ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ ហៅ​កាត់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ទៅ​ឲ្យ​ភាគី​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ជួយ​ពិនិត្យ​ពិចារណា និង​កែតម្រូវ មុន គ​.​ជ​.​ប អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​ភាគី​ពាក់ព័ន្ធ ដែល​ទទួលបាន​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​រួមមាន ទី​១, អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ ទី​២, អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ទី​៣, អគ្គ​លេខាធិការដ្ឋាន​រដ្ឋ​សភា ទី​៤, ក្រសួងមហាផ្ទៃ ទី​៥, ក្រសួងយុត្តិធម៌ ទី​៦, ក្រសួងការពារជាតិ ទី​៧, ក្រសួង​ព័ត៌មាន ទី​៨, គណបក្ស​នយោបាយ ចំនួន​២០ ទី​៩, ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ទី​១០, ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុ​ជាទី​១១, អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​សមាគម​ចំនួន២០។

ជាមួយគ្នា​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បញ្ជូន​ការ​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​នេះ មក គ​.​ជ​.​ប វិញ​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩។ សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា មាន​៣​ជំពូក ១៣​ផ្នែក និង​ឧបសម្ព័ន្ធ​ចំនួន​៧ ស្មើនឹង​៣២៥ ទំព័រ មាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់​គ​.​ជ​.​ប​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu