កីឡាករ ឈិន ឈឿន ខ្សែបម្រើស្លាបប្រចាំក្រុមក្រសួងការពារជាតិ សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League) ត្រៀមរៀបចំចេញទៅចែករំលែកបទពិសោធន៍បាល់ទាត់នៅសាលាបឋមសិក្សាមួយក្នុងខេត្តកំពង់ធំ គ្រាដែលពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន សម្រាកមួយរយៈមុនរដូវកាលថ្មីមកដល់។
កីឡាករ ឈិន ឈឿន ធ្លាប់បានឲ្យដឹងថា «ដោយសារការស្រលាញ់តាំងពីតូចរហូតមកដល់ពេលនេះវាធ្វើឲ្យខ្ញុំមានក្ដីស្រមៃមួយ បានបង្កើតក្រុមយុវជន និងបាល់ទាត់។ សម្រាប់ក្រុមមួយនេះ គឺខ្ញុំបានធ្វើវា ដោយការស្រលាញ់ លះបង់ ចេញពីចិត្ត មិនដែលគឺថាចង់បានផលប្រយោជន៍អ្វីនោះទេ ទៅវិញនេះ គឺចង់ឃើញប្អូនៗ យុវជន ប្អូនៗនៅតាមសាលារៀន ដែលមានការខ្វះខាត សម្ភារៈសិក្សា សម្ភារៈកីឡា នឹងផ្នែកបាល់ទាត់ ផងដែល ជាការជំរុញលើកទឹកចិត្តប្អូនៗ ដើម្បីមានអនាគតដល់ល្អ នឹងយុវជនល្អសំរាប់ប្រទេសជាតិយើង»។
គម្រោងកម្មវិធីចុះចែករំលែកបទពិសោធន៍ និងហ្វឹកហាត់បាល់ទាត់ នេះនឹងធ្វើឡើងនៅក្រោយចូលឆ្នាំចិន លើទឹកដីសាលាបឋមសិក្សាអូអំបែង ដែលស្ថិតនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រៅពីនោះក៏មានចែកជូនរង្វាន់សម្រាប់សិស្សដែលមានការខ្វះខាតជានូវសម្ភារៈសិក្សា ដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ដីស ក្តារឈ្នួន ជាពិសេសនោះគឺ ឯកសណ្ឋានសម្រាប់សិក្សា។ បច្ចុប្បន្នសាលាបឋមសិក្សាអូអំបែង មានសិស្សានុសិស្សចំនួន១២១នាក់ ប្រុស៦៣ និងស្រី៥៨នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦។ កម្មវិធីនេះដែរ ក៏មានការចូលរួមពីកីឡាករ ឈិន ឈឿន,ពូឈីវ,ជ័យ ចិត្រា អ៊ុំ វិចិត្រ...ជាដើម ព្រមទាំងសមាជិកដទៃផងដែរ។ សម្រាប់បងប្អូនទស្សនិកជនចង់ធ្វើការចូលរួមឧបត្ថម្ភសូមទាក់ទងទៅកីឡាករ ឈិន ឈឿន ផ្ទាល់តាមលេខទូរស័ព្ទ ០១៦ ៩៥០ ៩៦០ ឬ ហុង ដារិទ្ធ ០១០ ៦៦ ១៤ ៦៩។
កីឡាករវ័យ២៥ឆ្នាំរូបនេះ ធ្លាប់បានចែករំលែកបទពិសោធន៍ និងសម្ភារៈកីឡាមួយចំនួននៅតាមតំបន់មួយចំនួនដូចជានៅខេត្តកំពង់ចាម ខេត្តស្វាយរៀង ប៉ៃលិន និងខេត្តតាកែវ នេះដែរ។ កន្លងមកក្រៅពីបង្ហាត់បច្ចេកទេសបាល់ទាត់ក្រុមការងារនេះក៏តែងតែនាំយកសម្ភារៈកីឡា និងម្ហូបអាហារផ្ដល់ដល់យុវជនដែលចូលរួមហ្វឹកហាត់ផងដែរ។
សូមរំលឹកថា កីឡាករ ឈិន ឈឿន ធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីអាយុ១៣ឆ្នាំរហូតដល់ឈុតធំ នាពេលបច្ចុប្បន្ន។ ក្រៅពីនោះរូបគេបានចូលរួមជាមួយក្លិបក្រសួងការពារជាតិ កាលពីឆ្នាំ ២០០៧ ប៉ុន្តែកាលនោះនៅត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ ហើយរហូតដល់ឆ្នាំ២០០៩ ទើបលោក ទេព ឡុងរចនា បានដាក់ឲ្យក្នុងក្រុមជម្រើស១១នាក់ដំបូង។ រូបគេធ្លាប់បានជួយក្រុមលើកពានរង្វាន់សំខាន់ៗក្នុងស្រុកមួយចំនួនផង
Source: Kampuchea Thmey Daily
0 Comments