ភ្នំពេញ ៖ ក្រុមជនសង្ស័យដ៏សកម្មជំនាញខាងឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ដូចជាឆក់ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរបរទេស ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការតាមប្រមាញ់ចាប់ខ្លួនបន្តបន្ទាប់គ្នាមានប្រុសនិងស្រីសរុប១១នាក់យកមកចាត់ការទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចផ្នែកជំនាញនៃអធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយបណ្ដាលអោយជនរងគ្រោះដួលរបួស) បានកើតឡើង កាលពីវេលាម៉ោង២០និងនាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ភូមិទី៦សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HU JINGMIN ភេទប្រុស អាយុ៦២ឆ្នាំជនជាតិចិន បានស្ពាយកាបូបលើស្មាខាងស្ដាំ ធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវលេខ១៥៤ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកCPX125 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-3390 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បណ្តាលអោយជនរងគ្រោះដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មា និងចិញ្ចើមខាងឆ្វេង ហើយខណៈនោះជនរងគ្រោះក៏ស្រែកផ្អើលឆោឡោ។ ស្របពេលនោះកម្លាំងខណ្ឌនិងប៉ុស្តិ៍ដែលកំពុងល្បាតដល់ចំណុចក្បែរនោះ ក៏ធ្វើការអន្តរាគមន៍ភ្លាមៗដោយជិះម៉ូតូដេញប្រផាប់ចាប់ប្រភីងធ្វើអោយជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយភ័យបានធ្លាក់ពីលើម៉ូតូ និងត្រូវបានកម្លាំងយើងឃាត់ខ្លួនបានភ្លាម រួចនាំមកទីស្នាក់ការប៉ុស្តិ៍ជ័យជំនះ ដើម្បីធ្វើការសាកសួរតែម្តង ដោយឡែកជនសង្ស័យម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់។
សមត្ថកិច្ចជំនាញដដែលបានបន្តទៀតថា បន្ទាប់ពីបានតម្រុយនៃការឃាត់ខ្លួនជនសង្ស័យម្នាក់នោះហើយ កម្លាំងយើងបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ ឈានដល់បើកកិច្ចប្រតិបត្តិការបន្តតាមយកបក្ខពួក ដោយច្បាមរហូតមកដល់វេលាម៉ោង ២៣និង៣០នាទីទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមជាមួយមធ្យោបាយធ្វើសកម្មភាព។
សមត្ថកិច្ចបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួនចំនួន២នាក់ទី១.ឈ្មោះ ស៊ុន ណាដា ភេទស្រី(ខ្ទើយ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជិះពីក្រោយធ្វើសកម្មភាពឆក់)។ ទី២ឈ្មោះ ឡោ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (អ្នកបើកម៉ូតូ)។វត្ថុតាងដកហូតម៉ូតូមួយគ្រឿង និងសម្ភារៈបាត់បង់ គ្មាន។
សមត្ថកិច្ចបន្តថា ដោយប្រើវិធានការជំនាញដើម្បីជីកឫសគល់ កាប់មែក កាប់ធាង សមត្ថកិច្ចយើងបានបន្តជាន់យកចម្លើយជនសង្ស័យ និងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តរហូតមកដល់វេលាម៉ោង ៥ទាល់ភ្លឺថ្ងៃដដែល កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួក និងជាសមាសភាពឆក់ដ៏សកម្មតាមបណ្តាខណ្ឌផ្សេងៗចំនួន០៤នាក់ទៀត(ស្រីចំនួន០១នាក់) ព្រមទាំងជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៥នាក់(ស្រីចំនួន០១នាក់)ផ្សេងទៀត រួមជាមួយម៉ូតូចំនួន០២គ្រឿងនាំយកមកធ្វើការសាកសួរ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ក្នុងនោះមានសមាសភាពមុខសញ្ញាឆក់ដ៏សកម្មចំនួន ០៦នាក់ សុទ្ធតែនៅវ័យក្មេង និងសមាសភាពប្រើប្រាស់គ្រឿងញៀនចំនួន ០៥នាក់ ដោយចាប់ផ្តើមបើកកិច្ចប្រតិបត្តិការពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី ១៧រហូតមកដល់វេលាម៉ោង ៥ទៀបភ្លឺ ឈានចូលថ្ងៃទី ១៨ខែមករាឆ្នាំ២០១៩នេះដែលដឹកនាំបញ្ជា ស្រាវជ្រាវ សួរចម្លើយដោយលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ និងទិសដៅបន្ត សមត្ថកិច្ចកំពុងបន្តប្រើប្រាស់វិធានការជំនាញ សួរចម្លើយរកបក្ខពួកនិងប្រវត្តិសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments