ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសហគមន៍អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នារដូវវស្សាកន្លងមកនេះតែងទទួលងរងការលិចលង់ដោយជំនន់ទឹកភ្លៀង។
ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ជាអភិបាលតែងបានដឹកនាំ មន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌធ្វើការដោះស្រាយជាបន្ទាន់ សំដៅធ្វើយ៉ាងណាសម្រួលការលំបាកដល់ប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានជំរុញឲ្យមន្ត្រីជំនាញចុះធ្វើសកម្មភាព បើកការដ្ឋានស្ថាបនាស្តារ លូ ប្រឡាយនៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណារំដោះទឹកឲ្យបាននៅក្នុងរដូវវស្សាខាងមុខនេះ។ ជាក់ស្តែងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពកាយបង្ហូរទឹកពីសហគមន៍ភូមិអណ្តូងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ តាមបណ្តាញលូថ្មីទើបដាក់រួច មកប្រឡាយវត្តជុំដែលទើបជីករួច ហើយហូរបន្តទៅប្រឡាយទួលសំពៅ។
មន្ត្រីដដែរបានបញ្ជាក់ថា ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញត្រូវជីកផ្តាច់ផ្លូវដាក់លូប្រអប់ជំនួសលូចាស់តូចទំហំតែ ០.៦ម៉ែត្រដែលសង្ឃឹមថា នៅរដូវវស្សាឆ្នាំ២០១៩ខាងមុខនេះ នឹងកាត់បន្ថយការលិចលង់នៅសហគមន៍ភូមិអណ្តូង និងតំបន់សង្កាត់គោកកាជាក់ជាមិនខាត។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៥ កញ្ញា២០១៨ កន្លងមកនេះអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដឹកនាំអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពលូ ប្រឡាយក្នុងភូមិសាស្ត្រខាងលើដើម្បីរិះរកវិធីសាស្ត្រ រំដោះទឹកចេញពីលំនៅឋានប្រជាពលរដ្ឋជាបណ្តោះអាសន្ន ខណៈដែលពេលនោះទឹកកំពុងលិចភូមិដ្ឋានប្រជាពលរដ្ឋនៅត្រាំត្រែង ហើយដើម្បីដោះស្រាយបញ្ហាលិចលង់នេះដែរ កាលពីព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០១៨ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបើកការដ្ឋានដាក់លូ២ខ្សែ នៅសងខាងផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ មានប្រវែង៩៤០០ម៉ែត្រ ទំហំមួយម៉ែត្រកន្លះ ចាប់ពីវត្តអង្គជុំ ដល់ផ្លូវ២០១១ ដែលអាចរំដោះទឹកចេញពី លើផ្លូវលេខ ២០១១ ពីតំបន់ចំការព្រីង ហូរចូលមកប្រឡាយទូលសំពៅ និងមួយផ្នែកទៀតពីវត្តជុំ ទៅប្រឡាយទូសំពៅ ស្របពេលដែលស្ថានីយទួលសំពៅ បានស្ថាបនារួចនិងមានកម្លាំងបូមខ្លាំងជាងមុន។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជីកប្រឡាយពីវត្តជុំ ទៅប្រឡាយសាក់សំពៅដែរ។ ក្រោយការភ្ជាប់លូផ្លូវ១៩៦២ និងការបញ្ចប់ការជីកប្រឡាយវត្តជុំ ទៅប្រឡាយសាក់សំពៅ រួចរាល់នោះ នឹងធ្វើឲ្យតំបន់សហគមន៍អណ្តូង និងផ្ទះប្រជាពលរដ្ឋនៅតំបន់ជិតៗគ្នានេះលែងលិចលង់ទៀតហើយ៕
Source: Kampuchea Thmey Daily
0 Comments