Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ ហាមប្រាម​ការ​អុច និង ការ​នាំ​ចូល​ ផាវ ​កាំជ្រួច​ គ្រប់​ប្រភេទ ព្រមទាំង​ហាម​ការ​ហែ​ក្បួន​ផ្សេងៗ តាម​បែប​សាសនា ដោយ​គ្មាន​ការ​អនុញ្ញាត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ នេះ



ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ហាមប្រាម​ជាដាច់ខាត​នូវ ការអុច និង ការនាំ​ចូល ផាវ កាំជ្រួច គ្រប់​ប្រភេទ​ចូល​រាជធានី​ភ្នំពេញ ព្រមទាំង​ហាម​ការហែក្បួន​ផ្សេងៗ តាមបែប​សាសនា ដោយ​គ្មាន​ការអនុញ្ញាត​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។​
​នេះ​បើ​យោងតាម សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែមករា​នេះ។



ក្នុងនោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម​ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ ៧​ចំណុច ក្នុងនោះ​រួមមាន​៖
១៖ ហាម​ដាច់​ខាតៈ មិនឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទះ​គ្រប់​ប្រភេទ ក្នុងឱកាស​ពិធីបុណ្យ​នេះ​, មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ី​សង និង​រាល់​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​។​
២៖ នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា មន្ទីរ​អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សា សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប ក្រដាសសែន​ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ។ ដោយឡែក​ការដុត​ក្រដាសសែន​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត​ហាម​ដាច់ខាត​មិនឱ្យ​ដុត​លើ​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ​។​
៣៖ ចាប់ពីពេលនេះ​តទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត កុំឱ្យ​មានការ​នាំចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែល​មាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​
៤៖ គ្រប់​អង្គភាព សាលាខណ្ឌ និង​សង្កាត់ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ និយោជិត កងកម្លាំង​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្តន៍ តាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​
៥៖ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ខាងលើ​ឱ្យបាន​ទូលំទូលាយ​។​
៦៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​| យោធភូមិភាគ​ពិសេស​ត្រូវ​ចេញ​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់ ដល់​កម្លាំង​របស់ខ្លួន ដើម្បី​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​។​
​ទី​៧៖ ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​នេះ ឬ​ប្រព្រឹត្តល្មើស​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម បាត់​សណ្តាប់ធ្នាប់​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu