Ad Code

ក្មួយៗ​នៅក្នុង​គម្រោង​Sunrise Children's Villages​នៃ​អង្គការ The Australia Cambodia foundation បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​សំណាក់​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​



លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ថ្ងៃនេះ​លោកស្រី​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ ដែល​បាន​ជួប​មុខ​ក្មួយៗ​ទាំងចាស់​ទាំងថ្មី​នៅទីនេះ ហើយ​សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិនដែល​ភ្លេច​ក្មួយៗ​នោះទេ គឺ​លោក​តែងតែ​យកចិត្តទុកដាក់​ជាប់​ជានិច្ច​តាមរយៈ​ការចាត់​ឱ្យ​បងប្រុស​ហ៊ុន​ម៉ា​ណែ​ត និង​រូប​លោកស្រី​ផ្ទាល់​ចុះ​ជួប​ជាមួយ​ក្មួយៗ ព្រមទាំង​ផ្ដល់នូវ​គ្រឿង​ឧបភោគ​បរិភោគ ថវិកា សម្ភារៈ​សិក្សា រួមទាំង​ការពិនិត្យ​ព្យាបាល​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ជាប់​ជាប្រចាំ។

លោកស្រី ពេ​ជ ចន្ទ​មុន្នី បានលើកឡើង​បែបនេះ​ ខណៈដែល​លោកស្រី​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ​ក្មួយ​ក្មួយ​គណៈ​គ្រប់គ្រង​បុគ្គលិក​លោកគ្រូ​អ្នកគ្រូ​ក្នុង​គម្រោង​Sunrise Children's Villages​នៃ​អង្គការ The Australia Cambodia foundation​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។​

​លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈ​គ្រប់គ្រង​បុគ្គលិក លោកគ្រូ អ្នកគ្រូ ដែល​បាន​យកចិត្តទុកដាក់​នៅក្នុង​ការបណ្ដុះបណ្ដាល និង​ការថែទាំ​មើល​ការខុសត្រូវ​ចំពោះ​ក្មួយៗ​ដែល​ធ្វើ​ឲ្យ​ពួកគេ​បានទទួល​នូវ​ការបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ មានការ​ងារ​ធ្វើ និង​មាន​អនាគត​ល្អ​។

​លោកស្រី ពេ​ជ​ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក៏បាន​ផ្តាំផ្ញើ​ឲ្យ​ក្មួយៗ​ទាំងអស់​ថែរក្សា​សុខភាព ខិតខំ​សិក្សា​រៀនសូត្រ​ដើម្បី​ឱ្យមាន​អនាគត​ល្អ ហើយ​វិលត្រឡប់​មកជួយ​កន្លែង​ដែល​ខ្លួន​ធ្លាប់បាន​បណ្តុះបណ្តាល និង​ផ្តល់​អនាគត​។​

​លោកស្រី Garaldine នាយិកា​អង្គការ The Australia Cambodia foundation (sunrise children's village s) បាន​លើកឡើងថា អំណោយ​ថ្ងៃនេះ​ពិតជា​ពិសេស​ណាស់​សម្រាប់​ក្មួយៗ​នៅក្នុង​អង្គការ​នេះ​ដែល​សកម្មភាព​មនុស្ស​ធម៌​នេះ​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​ក្មួយៗ និង​បុគ្គលិក​នៅទីនេះ​។ ពួកគេ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​មនុស្សធម៌​ដ៏​មានតម្លៃ​នេះ និង​ពិតជា​មានចិត្ត​រំភើប​សប្បាយរីករាយ​នៅក្នុង​ការទទួល​វត្តមាន​របស់លោក​ស្រី​ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​គណៈប្រតិភូ​ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​ការសិក្សា និង​ការ​ស្នាក់នៅ​របស់​ក្មួយៗ​នៅទីនេះ​។

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​៧ ហើយ​ដែល​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​(TYDA) ដែល​បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​ការពិនិត្យ​ព្យាបាល​ដល់​ក្មួយៗ​ព្រមទាំង​ផ្ដល់នូវ​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​សិក្សា នៅថ្ងៃនេះ​ក៏ដូចជា​នាពេល​កន្លងមក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu